ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុន Citigroup បានលើកឡើងថា ប្រទេសចិនត្រូវដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចជាចាំបាច់ ដើម្បីទប់ទល់នឹងការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ ខណៈទីក្រុងប៉េកាំងមានគោលបំណងជំរុញសេដ្ឋកិច្ចជាតិឱ្យមានស្ថិរភាព។
លោក Yu Xiangrong ប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុន Citigroup ប្រចាំតំបន់ Greater China បានអះអាងថា កញ្ចប់លើកទឹកចិត្ត ដូចជា ការកាត់បន្ថយអត្រាការប្រាក់ ការកាត់បន្ថយពន្ធ ការបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ និងការទិញយកដីទំនេរមកវិញ អាចជួយធ្វើឱ្យឧស្សាហកម្មអចលនទ្រព្យមានភាពរស់រវើកឡើងវិញ។
លោកបានបន្តថា ប្រសិនបើទីក្រុងប៉េកាំងកំណត់គោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥ភាគរយនៅឆ្នាំក្រោយ រដ្ឋាភិបាលចិនត្រូវរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការជំរុញតម្រូវការក្នុងស្រុក។
-->
លោកបានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងត្រូវតែធ្វើឡើង ដើម្បីជំរុញឱ្យវិស័យអចលនទ្រព្យមានស្ថិរភាព និងលើកទឹកចិត្តដល់ការចំណាយរបស់អ្នកប្រើប្រាស់។

សេដ្ឋកិច្ចចិនបានកើនឡើង៥,២ភាគរយក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំនេះ ដែលអាចធ្វើឱ្យទីក្រុងប៉េកាំងសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥ភាគរយនៅឆ្នាំ២០២៥។ ទោះជាយ៉ាងណា លោក Yu បានព្យាករណ៍ថា សេដ្ឋកិច្ចចិននឹងកើនឡើងត្រឹមតែ៤,៧ភាគរយប៉ុណ្ណោះនៅឆ្នាំក្រោយ។
ជាមួយគ្នានេះ ធនាគារ UBS និងធនាគារ Goldman Sachs ក៏បានជំរុញឱ្យទីក្រុងប៉េកាំងដាក់ចេញវិធានការបន្ថែមទៀតដើម្បីជំរុញឱ្យតម្លៃផ្ទះមានស្ថិរភាព និងជំរុញការលក់លំនៅដ្ឋាន ខណៈទីក្រុងប៉េកាំងកំពុងព្យាយាមស្តារសន្ទុះសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។
វិស័យអចលនទ្រព្យ និងឧស្សាហកម្មពាក់ព័ន្ធ ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងសម្ភារៈសំណង់ គ្របដណ្តប់ចំណែកប្រមាណមួយភាគបួននៃទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសចិន៕ប្រភព: SCMP៕
