ស្ថាប័នជំនាញជំរុញឱ្យរដ្ឋាភិបាលចិនដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចជាចាំបាច់ ដើម្បីជំរុញវិស័យអចលនទ្រព្យ

0

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុន Citigroup បានលើកឡើងថា ប្រទេសចិនត្រូវដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចជាចាំបាច់ ដើម្បីទប់ទល់នឹងការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ ខណៈទីក្រុងប៉េកាំងមានគោលបំណងជំរុញសេដ្ឋកិច្ចជាតិឱ្យមានស្ថិរភាព។

លោក Yu Xiangrong ប្រធានសេដ្ឋវិទូរបស់ក្រុមហ៊ុន Citigroup ប្រចាំតំបន់ Greater China បានអះអាងថា កញ្ចប់លើកទឹកចិត្ត ដូចជា ការកាត់បន្ថយអត្រាការប្រាក់ ការកាត់បន្ថយពន្ធ ការបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ និងការទិញយកដីទំនេរមកវិញ អាចជួយធ្វើឱ្យឧស្សាហកម្មអចលនទ្រព្យមានភាពរស់រវើកឡើងវិញ។

លោក​បាន​បន្ត​ថា ប្រសិនបើ​ទីក្រុង​ប៉េកាំង​កំណត់​គោលដៅ​កំណើនសេដ្ឋកិច្ចក្នុងរង្វង់៥ភាគរយ​នៅ​ឆ្នាំ​ក្រោយ​ រដ្ឋាភិបាលចិនត្រូវរក្សា​ស្ថិរភាព​សេដ្ឋកិច្ច​របស់ខ្លួន តាមរយៈការជំរុញតម្រូវការ​ក្នុងស្រុក។

លោកបានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង​ត្រូវតែ​ធ្វើឡើង​ ដើម្បីជំរុញឱ្យ​វិស័យ​អចលនទ្រព្យ​មាន​ស្ថិរភាព​ និងលើកទឹកចិត្ត​ដល់​ការចំណាយ​របស់​អ្នកប្រើប្រាស់។

សេដ្ឋកិច្ចចិនបានកើនឡើង៥,២ភាគរយក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំនេះ ដែលអាចធ្វើឱ្យទីក្រុងប៉េកាំងសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥ភាគរយនៅឆ្នាំ២០២៥។ ទោះជាយ៉ាងណា លោក Yu បានព្យាករណ៍ថា សេដ្ឋកិច្ចចិននឹងកើនឡើងត្រឹមតែ៤,៧ភាគរយប៉ុណ្ណោះនៅឆ្នាំក្រោយ។

ជាមួយគ្នានេះ ធនាគារ UBS និងធនាគារ Goldman Sachs ក៏បានជំរុញឱ្យទីក្រុងប៉េកាំងដាក់ចេញវិធានការបន្ថែមទៀតដើម្បីជំរុញឱ្យតម្លៃផ្ទះមានស្ថិរភាព និងជំរុញការលក់លំនៅដ្ឋាន ខណៈទីក្រុងប៉េកាំងកំពុងព្យាយាមស្តារសន្ទុះសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។

វិស័យអចលនទ្រព្យ និងឧស្សាហកម្មពាក់ព័ន្ធ ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងសម្ភារៈសំណង់ គ្របដណ្តប់ចំណែកប្រមាណមួយភាគបួននៃទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសចិន៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here