កីឡាករលេងហ្គោលអាជីពមកពីប្រទេសចំនួន១៦នឹងបង្ហាញ វត្តមាននៅកម្ពុជា

0

ដោយៈ ចំណាន

    ភ្នំពេញៈ កីឡាករលេងហ្គោលល្បីៗ និងអាជីពមកពីប្រទេសចំនួន១៦ នឹងបង្ហាញវត្តមាននាថ្ងៃទី១៩ វិច្ឆិកាខាងមុខនៅក្នុងព្រឹត្តិការណ៍ប្រកួតវាយកូនគោលពានរង្វាន់ (Vattanac Legends Championship) ។

វានឹងជាព្រឹត្តិការណ៍លំដាប់អន្តរជាតិ និងជាលើកដំបូងក្នុងប្រទេសកម្ពុជា នឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនវឌ្ឍនៈ ហ្គោល រីហ្សត និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការរៀបចំព្រឹត្តិការណ៍ ប្រកួតវាយកូនគោលពានរង្វាន់ Vattanac Legends Championship ដែលជាការប្រកួតកម្រិតអន្តរជាតិ និងជាលើកដំបូងក្នុងប្រទេសកម្ពុជា។

កីឡាករអាជីពថ្មីៗលំដាប់ពិភពលោកចំនួន៦០នាក់ មកពី១៦ប្រទេសរួមមាន អាហ្សង់ទីន បារាំង ស៊ុយអ៊ែត អេស្ប៉ាញ ហូឡង់ អៀរឡង់ ស្កុតលែន ឥណ្ឌា ណូវែលសេឡង់ ប្រេស៊ីល អូទ្រីស អង់គ្លេសអាល្លឺម៉ង់ សាធារណរដ្ឋអាហ្រិចខាងត្បូង អៀរឡង់ខាងជើង និងអ៊ីតាលី) នឹងមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាទេសចរណ៍ដ៏អស្ចារ្យនេះ។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ក៏ដូចជា វឌ្ឍនៈ គ្រុប ដែលជានិច្ចជាកាលតែងតែបានចូលរួមសហការ ឧបត្ថម្ភគាំទ្រ សព្វគ្រប់បែបយ៉ាង តាមគ្រប់រូបភាព តាមគ្រប់មធ្យោបាយនៅរាល់ព្រឹត្តិការណ៍ទេសចរណ៍ ពិព័រណ៍ និងកម្មវិធីនានារបស់ក្រសួងទេសចរណ៍  ក៏ដូចជាបានជួយលើកស្ទួយវិស័យទេសច​រណ៍កម្ពុជា ព្រមទាំងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ លោកហួត ហាក់បានគូសរំលេចថា ព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ នឹងបង្ហាញពិភពលោកឃើញថា កម្ពុជាជាគោលដៅសុវត្ថិភាព មានសមត្ថភាព និងសម្បទាគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិបាន។

ក្រសួងទេសចរណ៍ គាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់ Vattanac Legends Championship និងផ្តល់កិច្ចសហការរៀបចំព្រឹត្តិការណ៍ នាពេលខាងមុខនេះ ឱ្យបានជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here