តើទីផ្សារអចលនទ្រព្យនៅតំបន់អាសុីមានស្ថានភាពដូចម្តេចនៅឆមាសទី២ ឆ្នាំនេះ?

0

ដោយ: សហសេវិក
អន្តរជាតិ: នៅឆមាសទី២ ឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យនៅតំបន់អាសុីកំពុងឈានចូលដំណាក់កាលមួយដ៏សំខាន់ ស្របពេលទីផ្សារបានបង្ហាញសញ្ញានៃការស្ទុះងើបឡើងវិញកាន់តែច្បាស់ឡើងៗ ដោយសារការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ។

ជាមួយគ្នានេះ ទំនុកចិត្តរបស់បណ្តាវិនិយោគិន និងភាពធន់នៃតម្រូវការអចលនទ្រព្យនៅក្នុងផ្នែកមួយចំនួន ដូចជា ភស្តុភារកម្ម មជ្ឈមណ្ឌលទិន្នន័យ និងការិយាល័យលំដាប់ខ្ពស់ បានជួយជំរុញសន្ទុះទីផ្សារអចលនទ្រព្យក្នុងតំបន់។

ក្រុមអ្នកវិភាគរំពឹងថា បរិយាកាសម៉ាក្រូសេដ្ឋកិច្ចនឹងកាន់តែមានភាពល្អប្រសើរនៅឆមាសទី២ ឆ្នាំនេះ ខណៈធនាគារកណ្តាលនានានៅទូទាំងតំបន់អាស៊ីកំពុងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់សន្សឹមៗ បន្ទាប់ពីសម្ពាធអតិផរណាថយចុះ។

ការបន្ធូរបន្ថយគោលនយោបាយអត្រាការប្រាក់ និងការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារអាមេរិកកំពុងជំរុញលំហូរមូលធនបរទេសចូលទៅក្នុងទីផ្សារអចលនទ្រព្យរបស់តំបន់អាស៊ី ជាពិសេសទីផ្សារដែលផ្តល់ផលចំណេញល្អប្រសើរ និងមានស្ថិរភាពគោលនយោបាយ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា ការវិនិយោគអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានហក់ឡើងប្រហែល១៨ភាគរយធៀបនឹងឆ្នាំមុននៅក្នុងឆមាសទីមួយ ឆ្នាំនេះ។

ទន្ទឹមគ្នានេះ ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ានក៏កំពុងទទួលបានអត្ថប្រយោជន៍ពីការងើបឡើងវិញនេះផងដែរ ដោយប្រទេសសិង្ហបុរី វៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានក្លាយជាគោលដៅឈានមុខគេសម្រាប់បណ្តាអ្នកវិនិយោគ៕ប្រភព: CBRE៕

LEAVE A REPLY

Please enter your comment!
Please enter your name here