ដោយៈ ម៉ាលីនណា
ពោធិ៍សាត់ៈ រដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍន៍ទំនប់ទឹកធំជាងគេនៅទូទាំងប្រទេស ដែលគិតមកទល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ៤០ភាគរយហើយ។
យោងតាមព័ត៌មានផ្លូវការ ដែលបានបង្ហោះដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែទនាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៤ វិច្ឆិកាបានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ អាចមានសមត្ថភាពស្តុកទឹក បានប្រមាណ៨៦០លានម៉ែត្រគូប នឹងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
-->
ទំនប់អាងទឹកលេខ២ នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន រួមមាន ទី១/ អាចស្តុកទឹកបាន៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដីចំនួន២៦២,៥០០ហិកតា ដែលនឹងផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្ម បន្ថែមទាំងរដូវប្រាំង និងរដូវវស្សា។

ទី២/ កាត់បន្ថយបាននូវការជន់លិចលង់ នៅផ្នែកខាងក្រោមទំន ប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក។
ទី៣/ បញ្ចៀសបាននូវការខូចខាតប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបណ្តាលមកពីទឹកជំនន់ និងទី៤ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ។
គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងនេះសម្រេចបានប្រមាណ៤០% ដោយបានចាប់ផ្តើមអនុវត្តន៍ក្នុងខែមករា ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៧៕
