ដោយ: សហសេវិក
អន្តរជាតិ: សហភាពអឺរ៉ុប (EU) គ្រោងនឹងបង្ហាញផែនការដំបូងបំផុតមួយ ដើម្បីដោះស្រាយវិបត្តិលំនៅឋានកាន់តែធ្ងន់ធ្ងរឡើងរបស់ទ្វីបអឺរ៉ុប ដោយមានគោលបំណងជំរុញការសាងសង់ និងគ្រប់គ្រងការជួលរយៈពេលខ្លី។
យោងតាមកាសែត The Business Times បានឱ្យដឹងថា មនុស្សចំនួនជិត១,៣លាននាក់គ្មានផ្ទះសម្បែងនៅទូទាំងប្លុកប្រទេសទាំង២៧។ តួលេខមានកម្រិតខ្ពស់ជាងចំនួនប្រជាជនទាំងអស់នៃទីក្រុងព្រុចសែល។
ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ តម្លៃលំនៅឋានបានហក់ឡើង៦០ភាគរយ ខណៈតម្លៃជួលលំនៅឋានបានកើនឡើងជិត៣០ភាគរយ។នេះបើយោងតាមទិន្នន័យរបស់គេហទំព័រ Eurostat។
-->
លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងថា បច្ចុប្បន្ន កង្វះលំនៅឋានតម្លៃសមរម្យកំពុងក្លាយជាបញ្ហាប្រឈមសម្រាប់ជនជាតិអឺរ៉ុបជាច្រើន។

ដើម្បីឆ្លើយតបទៅនឹងវិបត្តិលំនៅឋាន ដែលជះផលប៉ះពាល់ដល់រដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ សហភាពអឺរ៉ុប (EU) នឹងជំរុញផែនការសាងសង់លំនៅឋានដែលមានតម្លៃសមរម្យ។
ទីផ្សារលំនៅឋានពុំមែនជាបញ្ហាដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់សហភាពអឺរ៉ុបទេ។ នេះមានន័យថា ការទទួលខុសត្រូវក្នុងការចាត់វិធានការជាចម្បង ជាភារកិច្ចរបស់រដ្ឋជាសមាជិកនីមួយៗ។ យ៉ាងណាមិញ សម្ពាធបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជំរុញឱ្យសហភាពអឺរ៉ុបចូលអន្តរាគមន៍។
គណៈកម្មការអឺរ៉ុបបានប៉ាន់ប្រមាណថា សហភាពអឺរ៉ុប (EU) ត្រូវការលំនៅឋានថ្មីចំនួនជាង២លានយូនីតជារៀងរាល់ឆ្នាំ ដើម្បីបំពេញតម្រូវការ៕ប្រភព: Reuters៕
