ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីនៅតែមានភាពទាក់ទាញចំពោះអ្នកទិញផ្ទះជាជនបរទេស ទោះបីជាមានការដំឡើងពន្ធប្រថាប់ត្រាពី៤%ទៅ៨% យ៉ាងណាក្តី។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Henry Butcher Real Estate។
ភាពទាក់ទាញនេះ ដោយសារតម្លៃអចលនទ្រព្យនៅម៉ាឡេសុីនៅតែមានតម្លៃថោកជាងបើធៀបនឹងទីផ្សារក្នុងតំបន់ដូចជា កោះហុងកុង និងទីក្រុងសិង្ហបុរី។ ជាមួយគ្នានេះ ប្រទេសម៉ាឡេស៊ីក៏ផ្តល់ការការពារផ្នែកច្បាប់សម្រាប់អ្នកទិញផ្ទះផងដែរ។
យោងតាមការដកស្រង់ទិន្នន័យពីក្រុមហ៊ុន Global Property Guide តម្លៃអាផាតមុិន និងផ្ទះល្វែងជាមធ្យមនៅម៉ាឡេស៊ីមានទំហំទឹកប្រាក់ចំនួន២.៤៨៤ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តួលេខនេះមានកម្រិតទាបជាងយ៉ាងខ្លាំងធៀបទៅនឹងតម្លៃ២១.៣១០ដុល្លារនៅទីក្រុងហុងកុង និងតម្លៃ១៩.៣០០ដុល្លារអាមេរិកនៅសិង្ហបុរី។
-->
តម្លៃអាផាតមុិន និងផ្ទះល្វែងជាមធ្យមនៅម៉ាឡេស៊ីក៏មានតម្លៃថោកជាងនៅប្រទេសហ្វីលីពីនផងដែរ ដែលមានតម្លៃ៣.៤៤៩ដុល្លារក្នុងមួយម៉ែត្រការ៉េ។
យ៉ាងណាមិញ តួលេខនេះមានកម្រិតខ្ពស់ជាងនៅប្រទេសឥណ្ឌូនេស៊ីបន្តិច ដែលមានតម្លៃ២.២២៦ដុល្លារក្នុងមួយម៉ែត្រការ៉េ និងនៅប្រទេសវៀតណាម ដែលមានតម្លៃ២.៣៨៤ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ការដំឡើងពន្ធប្រថាប់ត្រានឹងជះផលប៉ះពាល់តិចតួចលើប្រតិបត្តិការអចលនទ្រព្យជារួម។ នេះជាលក្ខណៈពិសេស ដែលអាចជះផលប៉ះពាល់ជាចម្បងដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំដាប់ខ្ពស់ ដែលផ្តោតលើអ្នកទិញបរទេស ជាពិសេសនៅទីក្រុងគូឡាឡាំពួរ ទីក្រុង Penang និងរដ្ឋ Johor។

លោក Tang Chee Meng ប្រធានផ្នែកប្រតិបត្តិនៅក្រុមហ៊ុន Henry Butcher បានលើកឡើងថា ទោះបីជារូបិយបណ្ណរីងហ្គីតក្នុងស្រុកងើបឡើងថ្លៃយ៉ាងណាក្តី លោកនៅតែមានសុទិដ្ឋិនិយមលើទីផ្សារអចលនទ្រព្យរបស់ម៉ាឡេសុី។
ជាក់ស្តែង សិទ្ធិរបស់អ្នកទិញផ្ទះនៅម៉ាឡេសុីត្រូវបានការពារក្រោមកិច្ចព្រមព្រៀងលក់-ទិញប្រកបដោយស្តង់ដារ ហើយជនបរទេសត្រូវបានអនុញ្ញាតឱ្យមានកម្មសិទ្ធិលើអចលនទ្រព្យ។
លោកបានបន្តថា ការណ៍នេះមានភាពខុសផ្ទុយពីទីផ្សារអចលនទ្រព្យនៅប្រទេសវៀតណាម និងឥណ្ឌូនេស៊ី ដែលជាធម្មតា ជនបរទេសទទួលបានតែសិទ្ធិប្រើប្រាស់ជាជាងកម្មសិទ្ធិពេញលេញលើអចលនទ្រព្យ។
លោក Tang បានបន្ថែមថា នៅប្រទេសម៉ាឡេស៊ី ជនបរទេសអាចមានកម្មសិទ្ធិលើអចលនទ្រព្យ ដោយត្រូវគោរពតាមកម្រិតតម្លៃអប្បបរមា និងការរឹតត្បិតប្រភេទអចលនទ្រព្យ។
ការណ៍នេះបង្កបរិយាកាសងាយស្រួលសម្រាប់បណ្តាអ្នកវិនិយោគបរទេសក្នុងការឈានជើងចូលទីផ្សារ ជាពិសេសនៅពេលដែលតម្លៃអចលនទ្រព្យក្នុងប្រទេសម៉ាឡេសុីមានតម្លៃថោកជាងប្រទេសផ្សេងទៀត៕ប្រភព: The Edge Malaysia៕
