CEO​ Master​ Club​ ចាប់ផ្តើម​បើក​ការិយាល័យ​នៅ​សហរដ្ឋអាមេរិក​

0
លោ​ក អោម​ សេង​បូរ៉ា​ ​ដឹកនាំ​ក្រុមការងារ​ ថ្នាក់ដឹកនាំ​និង​សមាជិក CEO​ Master​ Club ទៅកាន់​សហរដ្ឋអាមេរិក

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំ​ពេញៈ​ ជា​ការ​បោះ​ជំ​ហ៊ាន​ដ៏​ធំ​មួយទៀត​ ថ្នាក់ដឹកនាំ​នៃ CEO​ Master​ Club នឹង​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​សហរដ្ឋអាមេរិក​ (CEO​ Master​ Club International​​) នា​ពេល​ឆាប់​ៗខាងមុខនេះ​។

លោ​ក អោម​ សេង​បូរ៉ា​ ស្ថាបនិក​និង​ជា​អគ្គនាយក​នៃ CEO​ Master​ Club បាន​មានប្រសាសន៍​ឲ្យដឹង​ នៅមុន​ពេល​លោក​ដឹកនាំ​ក្រុមការងារ​ ថ្នាក់ដឹកនាំ​និង​សមាជិក CEO​ Master​ Club ទៅកាន់​សហរដ្ឋអាមេរិក​រយៈពេល ១៣ថ្ងៃ​ ដោយ​ចាប់ ផ្តើម​ពី​ថ្ងៃទី១៣ដល់២៥​ ឧសភា​ខាងមុខនេះ​ថា​ ក្រុម​ថ្នាក់ដឹកនាំ​និង​សមាជិក​ កំពុង​ធ្វើទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក​ ដើម្បី​ពង្រីក CEO Master​ Club International​ នៅក្នុង​រដ្ឋ​តិច​សាស់​ និង​ធ្វើការ​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​ ដល់​សមាជិក CEO​ Master​ Club នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​។

ដំណើរ​ទស្សនកិច្ច​នេះ​ ថ្នាក់ដឹកនាំ CEO​ Master​ Club នឹង​ទស្សនកិច្ច​នៅ​រដ្ឋ​តិច​សាស់​ និង​រដ្ឋ​ណាស់​វៀ​។លោក​បន្ត​ថា​ “យើង​សហការ​ជាមួយ​ដៃគូ​នៅ​អាមេរិក​ ដើម្បី​ឈរជើង​នៅ​ទីនោះ​ និង​ដើម្បី​អាច​លក់ Franchise​ ទៅកាន់​ពិភពលោក​ ព្រោះ​យើង​កំពុង​ពង្រីក​ទៅកាន់​ពិភពលោក​ និង​ចាប់​យក​ពិភពលោក​ឲ្យ​ស្ថិត​ក្នុង​ដៃ​របស់​យើង​”។ លោក​បន្ត​ថា​ “ជាមួយ​នេះ​យើង​នឹង​ជួប​ជាមួយ​អ្នក​ធុរកិច្ច​អាមេរិក​មួយចំនួន​ ដើម្បី​ទាក់ទាញ​ពួកគេ​មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ទេសចរណ៍​ សុខាភិបាល​ វិស័យ​អប់រំ​ និង​បច្ចេកវិទ្យា​នៅ​កម្ពុជា​”។

លោ​ក អោម​ សេង​បូរ៉ា ​បាន​បន្ត​ថា​ សហរដ្ឋអាមេរិក​មាន​ផលិតផល​ និង​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ជាច្រើន​ ដែល​អាច​ពង្រីក​ទៅកាន់​ពិភពលោក​ ហេតុនេះ​ទើប​យើង​ទៅ​ឈរជើង​នៅ​សហរដ្ឋអាមេរិក​ ដើម្បី​ពង្រីក​សាខា​របស់​យើង​ទៅកាន់​ពិភពលោក​។ លោក​បន្ត​ថា​ ដៃគូ​របស់​យើង​នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​តម្លៃ CEO​ Master​ Club ដោយសារ​យើង​បាន​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​ និង​ជួយ​បង្ហាត់បង្រៀន​អ្នកដឹកនាំ​ធុរកិច្ច​ មិនទាន់​មាន​ស្តង់​ដា​ឲ្យ​ទៅជា​មាន​ស្តង់​ដា​ ពិសេស​ជួយ​បណ្តុះបណ្តាល​និង​ផ្តល់​ការ​ប្រឹក្សា​មួយ​ជីវិត​។

លោក​បន្ត​ថា​ “ក្រៅពី​ជួយ​ឲ្យ​សមាជិក​មាន​ភាព​រ៉ឹង​មាំ​ ក្នុង​អាជីវកម្ម​របស់​ពួកគេ​ CEO​ Master​ Club ក៏​ជួយ​បណ្តុះបណ្តាល​ឲ្យ​សមាជិក​មហា​គ្រួសារ CEO​ ឲ្យ​មាន​សុភ​ មង្គល​នៅក្នុង​គ្រួសារ​ផង​ដែរ​។លោក​បន្ត​ថា​ “ជាមួយគ្នា​នេះ​ដែរ​ ការពង្រីក​ការិយាល័យ​ទៅកាន់​សហរដ្ឋអាមេរិក​ ក៏​ជា​ការ​ជួយ​ដល់​សមាជិក​របស់​យើង​ឲ្យ​អាច​ពង្រីក​ និង​ចាប់​ទីផ្សារ​ជាមួយ​អ្នកជំនួញ​នៅ​អាមេរិក​ និង​បណ្តា​ប្រទេស​នានា​នៅក្នុង​ពិភពលោក​”។

លោក​បន្ត​ថា​ អ្វី​សំខាន់​មួយទៀត​ គឺ CEO​ Master​ Club មាន​គោលដៅ​ពង្រីក​នូវ​ផលិត​ផល​ថ្មី​ៗ ពិសេស​ជួយ​ឲ្យ​អ្នក​ធុរកិច្ច​អាច​ពង្រីក​ជំនួញ​របស់​ពួកគេ​ ដែល​អាច​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ច្រើន​ ដើម្បី​លើក​កំពស់​ជីវភាព​គ្រួសារ​របស់​ពួកគាត់​ និង​ជួយ​បណ្តុះបណ្តាល​ឲ្យ​អ្នកធ្វើការ​ងារ​មាន​ជំនាញ​ពិតប្រាកដ​។

លោក​បន្ត​ថា​ “អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ធ្វើ​ដោយ​ក្តី​ស្រលាញ់​ ធ្វើ​ដើម្បីឲ្យ​អ្នកជំនួញ​មានការ​រីកចម្រើន​ ព្រោះ​ពេលណា​អ្នកជំនួញ​រីក ចម្រើន​ អាច​ផ្តល់​ការងារ​ និង​ប្រាក់ចំណូល​កើនឡើង​ទើប​អាច​ជួយ​ប្រទេស​យើង​ឲ្យ​រីកចម្រើន​”។លោក​បាន​បន្ត​ថា​ “ទស្សនវិស័យ​របស់​យើង​ (CEO​ Master​ Club​) ចង់​ឃើញ​ប្រទេស​យើង​ ក្លាយជា​ប្រទេស​អ្នកមាន​ដូច​គេ​ ដូច​ឯង​ដែរ​”៕

លោ​ក អោម​ សេង​បូរ៉ា​ ​ដឹកនាំ​ក្រុមការងារ​ ថ្នាក់ដឹកនាំ​និង​សមាជិក CEO​ Master​ Club ត្រៀមចេញដំណើរ ទៅកាន់​សហរដ្ឋអាមេរិក
លោ​ក អោម​ សេង​បូរ៉ា​ និងក្រុមការងារ CEO​ Master​ Club

LEAVE A REPLY

Please enter your comment!
Please enter your name here