
ដោយ ស៊ីវ ម៉េង
ភ្នំពេញៈ ជាការបោះជំហ៊ានដ៏ធំមួយទៀត ថ្នាក់ដឹកនាំនៃ CEO Master Club នឹងបើកការិយាល័យរបស់ខ្លួននៅសហរដ្ឋអាមេរិក (CEO Master Club International) នាពេលឆាប់ៗខាងមុខនេះ។
លោក អោម សេងបូរ៉ា ស្ថាបនិកនិងជាអគ្គនាយកនៃ CEO Master Club បានមានប្រសាសន៍ឲ្យដឹង នៅមុនពេលលោកដឹកនាំក្រុមការងារ ថ្នាក់ដឹកនាំនិងសមាជិក CEO Master Club ទៅកាន់សហរដ្ឋអាមេរិករយៈពេល ១៣ថ្ងៃ ដោយចាប់ ផ្តើមពីថ្ងៃទី១៣ដល់២៥ ឧសភាខាងមុខនេះថា ក្រុមថ្នាក់ដឹកនាំនិងសមាជិក កំពុងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីពង្រីក CEO Master Club International នៅក្នុងរដ្ឋតិចសាស់ និងធ្វើការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ដល់សមាជិក CEO Master Club នៅសហរដ្ឋអាមេរិកផងដែរ។
ដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំ CEO Master Club នឹងទស្សនកិច្ចនៅរដ្ឋតិចសាស់ និងរដ្ឋណាស់វៀ។លោកបន្តថា “យើងសហការជាមួយដៃគូនៅអាមេរិក ដើម្បីឈរជើងនៅទីនោះ និងដើម្បីអាចលក់ Franchise ទៅកាន់ពិភពលោក ព្រោះយើងកំពុងពង្រីកទៅកាន់ពិភពលោក និងចាប់យកពិភពលោកឲ្យស្ថិតក្នុងដៃរបស់យើង”។ លោកបន្តថា “ជាមួយនេះយើងនឹងជួបជាមួយអ្នកធុរកិច្ចអាមេរិកមួយចំនួន ដើម្បីទាក់ទាញពួកគេមកវិនិយោគលើវិស័យអចលនទ្រព្យ ទេសចរណ៍ សុខាភិបាល វិស័យអប់រំ និងបច្ចេកវិទ្យានៅកម្ពុជា”។
លោក អោម សេងបូរ៉ា បានបន្តថា សហរដ្ឋអាមេរិកមានផលិតផល និងក្រុមហ៊ុនលំដាប់ពិភពលោកជាច្រើន ដែលអាចពង្រីកទៅកាន់ពិភពលោក ហេតុនេះទើបយើងទៅឈរជើងនៅសហរដ្ឋអាមេរិក ដើម្បីពង្រីកសាខារបស់យើងទៅកាន់ពិភពលោក។ លោកបន្តថា ដៃគូរបស់យើងនៅសហរដ្ឋអាមេរិកបានឲ្យតម្លៃ CEO Master Club ដោយសារយើងបានបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងជួយបង្ហាត់បង្រៀនអ្នកដឹកនាំធុរកិច្ច មិនទាន់មានស្តង់ដាឲ្យទៅជាមានស្តង់ដា ពិសេសជួយបណ្តុះបណ្តាលនិងផ្តល់ការប្រឹក្សាមួយជីវិត។
លោកបន្តថា “ក្រៅពីជួយឲ្យសមាជិកមានភាពរ៉ឹងមាំ ក្នុងអាជីវកម្មរបស់ពួកគេ CEO Master Club ក៏ជួយបណ្តុះបណ្តាលឲ្យសមាជិកមហាគ្រួសារ CEO ឲ្យមានសុភ មង្គលនៅក្នុងគ្រួសារផងដែរ។លោកបន្តថា “ជាមួយគ្នានេះដែរ ការពង្រីកការិយាល័យទៅកាន់សហរដ្ឋអាមេរិក ក៏ជាការជួយដល់សមាជិករបស់យើងឲ្យអាចពង្រីក និងចាប់ទីផ្សារជាមួយអ្នកជំនួញនៅអាមេរិក និងបណ្តាប្រទេសនានានៅក្នុងពិភពលោក”។
លោកបន្តថា អ្វីសំខាន់មួយទៀត គឺ CEO Master Club មានគោលដៅពង្រីកនូវផលិតផលថ្មីៗ ពិសេសជួយឲ្យអ្នកធុរកិច្ចអាចពង្រីកជំនួញរបស់ពួកគេ ដែលអាចផ្តល់ការងារដល់ប្រជាពលរដ្ឋច្រើន ដើម្បីលើកកំពស់ជីវភាពគ្រួសាររបស់ពួកគាត់ និងជួយបណ្តុះបណ្តាលឲ្យអ្នកធ្វើការងារមានជំនាញពិតប្រាកដ។
លោកបន្តថា “អ្វីដែលខ្ញុំធ្វើគឺធ្វើដោយក្តីស្រលាញ់ ធ្វើដើម្បីឲ្យអ្នកជំនួញមានការរីកចម្រើន ព្រោះពេលណាអ្នកជំនួញរីក ចម្រើន អាចផ្តល់ការងារ និងប្រាក់ចំណូលកើនឡើងទើបអាចជួយប្រទេសយើងឲ្យរីកចម្រើន”។លោកបានបន្តថា “ទស្សនវិស័យរបស់យើង (CEO Master Club) ចង់ឃើញប្រទេសយើង ក្លាយជាប្រទេសអ្នកមានដូចគេ ដូចឯងដែរ”៕

