កម្ពុជាត្រៀមសាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើរបស់ឡាវ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំត្រៀម សម្រាប់ការចុះត្រួតពិនិត្យរួមគ្នា ដើម្បីកំណត់តំបន់ សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ(ឡាវ)។

កិច្ចប្រជុំនេះដឹកនាំដោយលោកឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងអគ្គនាយកដ្ឋានក្រោមឱវាទក្រសួង រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តស្ទឹងត្រែង និងខេត្តរតនគិរី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង និងរតនគិរី និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

លទ្ធផលនៃកិច្ចប្រជុំរួមមាន៖ ១). ឯកភាពចុះត្រួតពិនិត្យរួមគ្នាជាមួ​យភាគីឡាវ ដើម្បីកំណត់តំបន់សម្រាប់សាងសង់ផ្លូវ តភ្ជាប់រវាងខេត្តរតនគិរី (កម្ពុជា) និងខេត្តអាតតាពើ (ឡាវ) នាថ្ងៃទី១០-១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តអាត់ពើ ប្រទេសឡាវ  ២.) រក្សាជំហរក្នុងការស្នើសុំភាគីឡាវចុះត្រួតពិនិត្យលើទីតាំងចំនួន២ គឺខ្សែផ្លូវតភ្ជាប់ទៅកាន់បង្គោលព្រំដែនលេខ០៧៨ (ជាអាទិភាពសម្រាប់ភាគីកម្ពុជា) និងបង្គោលព្រំដែនលេខ១៤១ (ជាអាទិភាពសម្រាប់ភាគីឡាវ និងសម្រាប់កម្ពុជាក្នុងផែនការរយៈពេលវែង)។

ការបន្តសិក្សាលើការតភ្ជាប់ រវាងខេត្តរតនគិរី(កម្ពុជា) និងខេត្តអាត់តាពើ(ឡាវ) ត្រូវបានធ្វើឡើងស្របតាមស្មារតី នៃការឯកភាពគ្នាកន្លងមករវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ កម្ពុជា-ឡាវក្នុងដំណើរទស្សនកិច្ចផ្លូវការទៅវិញទៅមក រវាងនៅកម្ពុជា និងនៅឡាវ ក្នុងចក្ខុវិស័យ និងគោលបំណងរួមគ្នា ដើម្បីតភ្ជាប់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជននៃខេត្តជាប់ព្រំដែនទាំងពីរ ការជំរុញឱ្យមានកំណើនផ្លាស់ប្ដូរពាណិជ្ជកម្ម ទេសចរណ៍ និងលទ្ធភាពក្នុងការបើកឱ្យមានច្រកទ្វារព្រំដែនអន្តរជាតិថ្មីរវាងប្រទេសទាំងពីរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here