សម្តេចតេជោ ហ៊ុន សែន អញ្ចើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់។ រូបថត៖ ហ្វេសប៊ុកសម្ដេចតេជោ
ដោយ វុត្ថា
ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជាកម្ពុជា និងនេប៉ាល់ បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ឲ្យរីកចម្រើនគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងការអភិវឌ្ឍវិស័យកសិកម្មជាដើម។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់
នៅក្នុងជំនួបជាមួយ លោក ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានបញ្ជាក់ថា ប្រទេសទាំងពីរគួរតែជំរុញធ្វើយ៉ាងណា ឲ្យមានកិច្ចព្រមព្រៀងទៅលើវិស័យដឹកជញ្ជូន អាកាសចរណ៍រវាងប្រទេសទាំងពីរ ព្រោះថាប្រទេសយើងទាំងពីរមានសក្តានុពលលើវិស័យទេសចរណ៍ផងដែរ។
-->
សម្តេចបន្តថា “កម្ពុជាមានទឹកដីអង្គដែលមានប្រាសាទជាច្រើន កំពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន រីឯប្រទេសនេប៉ាល ជាទឹកដីដែលព្រះពុទ្ធបានប្រសូត្រ ជាកន្លែងទេសចរណ៍ផងដែរ ដែលយើងអាចសហការគ្នាឲ្យបានទូលំទូលាយថែមទៀត”។
សម្តេចតេជោញ្ជាក់ថា យើងគួតែខិតខំជំរុញ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ព្រោះកន្លងមកនេះ ពេលសម្តេចតេជោបានទៅទស្សនកិច្ចនៅប្រទេសនេប៉ាល់ ដោយក្រសួងការបរទេសប្រទេសនៃប្រទេសទាំងពីរបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀង ពិគ្រោះយោបល់ផ្នែកនយោបាយ ការទូត នៃប្រទេសទាំងពីររួចហើយ។
ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យបង្កើនល្បឿនថែមទៀតធ្វើយ៉ាងណា ត្រូវកំណត់ទិសដៅក្នុងការជំរុញ ទៅលើកិច្ចសហប្រតិបត្តិការគ្រប់ផ្នែកទាំងអស់ ដែលជាផលប្រយោជន៍ទៅវិញទៅមក។
សម្តេចតេជោបន្តថា “បច្ចុប្បន្នទោះបើសេដ្ឋកិច្ចនៃប្រទេសយើងទាំងពីរ នៅមានកម្រិត ប៉ុន្តែយើងមានសក្កានុពលពង្រីក ឱកាសឲ្យដល់គោលដៅយើងឲ្យកាន់តែធំថែមទៀត”។ សម្តេចបន្តថា “សភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ អាចចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងវិស័យឯកជននៃប្រទេសទាំងពីរដែលអាចធ្វើការជាមួយគ្នាបាន”។
លោក ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ថា ការបំពេញទស្សនកិច្ចរបស់សម្តេចតេជោនាយរកដ្ឋមន្ត្រី នៅប្រទេសនេប៉ាល់កន្លងមកនេះ គឺបានធ្វើឲ្យរូបឯកឧត្តមមានចិត្តរីករាយយ៉ាងខ្លាំង ដូចដែលបានមកទស្សនកិច្ច នៅព្រះរាជាណចក្រកម្ពុជានាពេលនេះ ដែលទស្សនកិច្ចលើកនេះ គឺជាការបើកនូវទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-នេប៉ាល ជាពិសេសជំរុញទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយទៀត ដើម្បីពង្រីក និងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនៃទំនាក់ទំនង និងសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ។
លោកបានបន្ថែមទៀតថា “ទំនាក់ទំនងទ្វេភាគីនេះមានសក្កានុពលខ្លាំងនៅ លើគ្រប់វិស័យ ដើម្បីរុញអ្វីដែលប្រទេសយើងទាំងពីរកំពុងតែសហប្រតិបត្តិការជាមួយគ្នា”។
លោក សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ រួមនឹងមន្ត្រីជាន់ខ្ពស់។ រូបថត៖ ហ្វេសប៊ុកសម្ដេចតេជោ
លោកនាយរដ្ឋមន្រ្តីនេប៉ាល់បានបន្តថា នៅក្នុងកំឡុងពេលទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល៥ឆ្នាំមុន និងរយៈពេល៥ឆ្នាំចុងក្រោយនេះ ឯកឧត្តមបានមើលឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងណាស់ ជឿនលឿន ជាប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានភាពច្បាស់លាស់ និងភាពប៉ិនប្រសបនេះ កម្ពុជានឹងអាចបន្តការអភិវឌ្ឍកំណើរសេដ្ឋកិច្ច កាន់តែខ្លាំងក្លាជាងនេះថែមទៀត ជាមួយនឹងវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលប្រទេសនេប៉ាល់ នឹងរៀនសូត្រពីប្រទេសកម្ពុជានៅក្នុងទំនាក់ទំនងទ្វេភាគីនេះផងដែរ ។
ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ជម្រាបជូន ឯកឧត្តមថា “អ្វីដែលប្រទេសកម្ពុជាទទួលបានជោគជ័យធំបំផុត គឺការបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរ ការឯកភាពដឹកដី បង្រួបង្រួមជាតិ ដែលធ្វើឲ្យកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ”៕