ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់នៅក្រុងប៉ារីស ក្រោមការចូលរួមពីសំណាក់អ្នកតំណាងស្ថាប័ន និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ មកពីបណ្តាប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍសរុប៦៥ប្រទេស ភាគីប្រទេសបារាំងបានសន្យានឹងបង្កើនទំហំឥណទានប្រចាំឆ្នាំរបស់មកកាន់កម្ពុជាបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍន៍ឱ្យកាន់តែល្អប្រសើរ។
នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ដែលរៀបចំ ក្រោមប្រធានបទ«ហិរញ្ញប្បទានសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយយុត្តិធម៌ និងចីរភាព (Financing infrastructure in a fair and sustainable way» ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាធារណរដ្ឋបារាំង ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទេសាភិបាលធនាគារកណ្តាល ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងតំណាងពីស្ថាប័នហិរញ្ញវត្ថុឯកជនធំៗ មកពីតាមបណ្តា ប្រទេសអភិវឌ្ឍន៍ ក៏ដូចជាកំពុងអភិវឌ្ឍន៍ ប្រមាណ៦៥ប្រទេស ត្រូវបានបញ្ចប់ជាស្ថាពរកាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ។
នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់មួយនេះ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបង្ហាញពីសមិទ្ធផលដែលកម្ពុជាសម្រេចបាន ជាមួយនឹងការស្នើសុំឱ្យមានការជួយជ្រោមជ្រែងបន្ថែមពីសំណាក់ភាគីរដ្ឋាភិបាលប្រទេសបារាំងមកកាន់កម្ពុជា ដើម្បីពង្រឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
នៅក្នុងជំនួបខាងលើនេះ លោកស្រី Agnès PANNIER-RUNACHER រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង បានវាយតម្លៃខ្ពស់អំពីការអភិវឌ្ឍ និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការកែទម្រង់កន្លងមក ។
លោកស្រី ក៏បានបញ្ជាក់ថា បារាំង និង កម្ពុជា គឺជាមិត្តដ៏ល្អ ដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន ហើយបារាំងនឹង នៅតែបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដោយតម្រង់វិស័យនៃកិច្ច សហប្រតិបត្តិការ របស់បារាំងឲ្យស្របទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៏ជាតិនានារបស់កម្ពុជា ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាដើម។
ជាមួយគ្នានេះផងដែរ លោក Rèmi Rioux, នាយកចាត់ការទូទៅនៃ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ក៏បានបញ្ជាក់បន្ថែមថា, សម្រាប់កិច្ចសហប្រតិបត្តិការបន្ត កម្ពុជា-AFD នាពេលខាងមុខ, ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ មានបំណងនឹងបង្កើនទំហំឥណទានប្រចាំឆ្នាំរបស់ខ្លួនអោយស្រប នឹងបរិការណ៍អភិវឌ្ឍន៍នៅកម្ពុជា។
ជាលទ្ធផល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានចុះហត្ថលេខាជាមួយ លោក Rèmi Rioux នាយកចាត់ការទូទៅនៃទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការក្នុងទឹកប្រាក់ចំនួន ២៩.១លានអឺរ៉ូក្នុងនោះ៖ ឥណទានសម្បទានចំនួន២៥លានអឺរ៉ូ ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ និងហិរញ្ញប្បទានឥតសំណងចំនួន៤.១លានអឺរ៉ូ ពីសហគមន៍អឺរ៉ុប សម្រាប់ហិរញ្ញប្បទានលើគម្រោងធ្វើទំនើបកម្ម លើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី ក៏ដូចជាបង្កើនប្រសិទ្ធិភាព និងនិរន្តរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា៕