ដោយៈ ម៉ាណា
ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ អញ្ជើញដឹកនាំកិច្ចប្រជុំEIA សម្រាប់គម្រោងបង្កើតមណ្ឌល សន្និធិប្រេងឥន្ធនៈនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ ផ្តោតលើពិគ្រោះយោបល់ លើលទ្ធផលបឋមស្តីពីការសិក្សាវាយតម្លៃ ហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងបង្កើតមណ្ឌល សន្និធិប្រេងឥន្ធនៈរបស់ក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) ឯ.ក Peace Petroleum (Cambodia) Co., LTD ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ -អង្គភាពពាក់ព័ន្ធ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។
គម្រោងបង្កើតមណ្ឌលសន្និធិប្រេងឥន្ធនៈនេះ មានទុនវិនិយោគប្រមាណ៧.៥លានដុល្លាអាមេរិក និងមានទីតាំងស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

បន្ថែមពីលើអត្ថប្រយោជន៍នានា រាប់ចាប់ពីការបង្កើតការងារជូនប្រជាពលរដ្ឋ ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក -កម្មករ និងការបង្កបរិយាកាសវិជ្ជមាន សម្រាប់វិនិយោគិន គម្រោងនេះក៏នឹងរួមចំណែកយ៉ាងសំខាន់ លើការធានាសន្តិសុខ និងស្ថិរភាពនៃការផ្គត់ផ្គង់ឥន្ធនៈនៅកម្ពុជាផងដែរ។
ក្នុងឱកាសនេះ លោកឡុង ឌីម៉ង់បានណែនាំឱ្យក្រុមហ៊ុនម្ចាស់គម្រោងលើបញ្ហាចំនួន៤ដូចជា ទី១ ធ្វើយ៉ាងណាគ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់បរិស្ថាន មកនៅត្រឹមកម្រិតអប្បបរមា ទី២ បានការយកចិត្តទុកដាក់ខ្ពស់ លើការគ្រប់គ្រងហានិភ័យដែលអាចកើតមាន ទី៣ រឹតបន្តឹងលើបទបញ្ជាផ្ទៃក្នុង ពាក់ព័ន្ធនឹងកិច្ចការពារសុវត្ថិភាព និងសុខភាពប្រជាពលរដ្ឋ បុគ្គលិក និងកម្មករក្នុង និងជុំវិញទីតាំង និងទី៤ ប្រើប្រាស់ធនធានទាំងអស់ ដែលមាននៅក្នុងខេត្ត ក៏ដូចជាយកអ្នកបច្ចេកទេស និងកម្លាំងពលកម្មក្នុងស្រុក មកប្រើប្រាស់ឱ្យអស់លទ្ធភាព។
ដោយឡែក ក្រុមហ៊ុនប្រឹក្សាយោបល់ ត្រូវប្រមូលយកធាតុចូលដែលបានលើកឡើងដោយអង្គប្រជុំ ដាក់ចូលក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវ និងមានសង្គតិភាព៕







