រាជធានីភ្នំពេញនឹងប្រារព “នគរសង្រ្កាន”នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រាជធានី​ភ្នំពេញ គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍ “​នគរ​សង្ក្រាន្ត​” រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២៦ ខាងមុខនេះ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក។

លោក ហ៊ុន ម៉ា​នី ​​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពជាបាន​ថ្លែងថា​ ការ​ប្រារឰពិធី​បុណ្យ​ចូល​ឆ្នាំថ្មី មិន​ត្រឹមតែជាការ​អបអរ​សាទរ ​ទំនៀម​ទម្លាប់​ប្រពៃណី​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វាជាការពង្រឹងអត្ដសញ្ញាណ​ជាតិ ជា​ពិសេស​ក្នុង​ពេល​ដែល​មាន​ការ​ឈ្លានពាន​ ហើយ​ក៏ជាការប្រើ​ឱកាស​នេះ ​ដើម្បី​ផ្សារភ្ជាប់ និង​ពង្រឹង​ស្មារតី​មហា​គ្រួសារ​ខ្មែរ​ ក៏ដូចជា ​ការ​រួម​ចំណែក​ផ្នែក​ស្ទួយ​សេដ្ឋកិច្ច​។

ថ្លែង​ក្នុងជំនួប​ពិភាក្សា​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​នេះ ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន និង​ស្ថាប័ន​ផ្សព្វផ្សាយ​ឯកជន កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២៦ លោក ហ៊ុន ម៉ា​នី បាន​លើកឡើងថា ស្ថានភាព​ស្រុកទេស​ នៅតែមាន​ភាពផុយស្រួយ បើទោះបី​មាន​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៧ ខែធ្នូ កន្លងមក​ក៏ដោយ​។

លោកបាន​ឱ្យដឹង​ថា “សំណួរ​ដែល​សង្គម​លើកឡើង​គឺ តើ​អាច​រៀបចំ​ពិធី​អបអរ​បាន​ដែរឬទេ ក្នុងស្ថានភាព​បែបនេះ”?​។ លោកពន្យល់ថា “ភាព​ខុស​គ្នា​រវាង​ឆ្នាំ​មុន និង​ពេលវេលា​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ គឺ​រឿង​ស្ថានភាព​នៃការ​ឈ្លាន​ពាន​នេះហើយ”។

ទោះបី​ជាមានបទ​ឈប់​បាញ់​ថ្ងៃទី​២៧ ខែ​ធ្នូ​យ៉ាងណាក៏ដោយ ក៏​ស្ថានភាព​នៅតែ​ផុយស្រួយ​។ កង​កម្លាំង​ប្រដាប់​អាវុធ កង​កម្លាំង​យោធា និង​កង​កម្លាំង​ផ្សេងៗ​ រួមទាំង​បង​ប្អូន​ប្រជាពលរដ្ឋ​ប្រមាណ៧​ម៉ឺន​នាក់​មិន​ទាន់​បាន​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​។ តើ​យើង​អាច​រៀបចំកម្មវិធី​សប្បា​យ​បានដែរឬទេ?។

លោកហ៊ុន ម៉ានី បានបន្ដថា “តើ​យើង​សប្បាយ​បានអត់ ក្នុង​ស្ថានភាព​ស្រុកទេស​បែប​នេះ? ហើយ​អ្នក​មួយ​ចំនួន​ទៀត​និយាយ​ថា ខ្ញុំ​មិន​ភ្លេច​ជនភៀសសឹក ខ្ញុំមិន​ភ្លេច​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ជួរ​មុខ​ទេ​ តែ​ក្នុងឱកាស​នៃពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​ប្រពៃណី​ជាតិ​របស់​យើង​ ការ​ជួប​ជុំគ្នា​នៅតាម​ស្រុក​កំណើត កម្សាន្ដ​នៅ​ទី​វត្ដ​អារាម​ ក៏ជា​ឱកាស​ជួប​ជុំ​ផង​ដែរ”។

ចាប់ពីថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ​២០២៥ ដល់​បច្ចុប្បន្ន វាមាន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ កម្ពុជា​ចង់​បាន​ស្ថានភាព​មួយ ​ដែល​វិល​ទៅ​ដូច​ដើម​។ ប៉ុន្ដែ​បញ្ហា​នៅតែ​ត្រូវបន្ដ​ដោះស្រាយ​។

វាជាការ​ចូលរួម​ផ្សព្វផ្សាយ​ ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស​ ដែល​ការរៀបចំ​ចូល​ឆ្នាំ​ខ្មែរ​នា​ពេល​ខាង​មុខ មិន​មែនជាការ​សប្បាយ​​ភ្លេច​ខ្លួន​ ក្នុង​ស្ថានភាព​ប្រទេស​ជាតិ​យ៉ាង​ណានោះទេ ប៉ុន្ដែ​វាជាការ​អបអរ​សាទរ ​អត្ដសញ្ញាណ​ជាតិ​ ពង្រឹង​ស្មារតី​រួប​រួម​ជាតិ​ក្នុង​នាម​មហា​គ្រួសារ​ខ្មែរ ជួយ​សេដ្ឋកិច្ចផង និង​ស្មារតីគិតគូរ​ដល់​វីរៈកងទ័ព​។

លោកហ៊ុន ម៉ានីបាន​លើកឡើងថា ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង្ហាញពី​ការ​សប្បាយ​អបអរ ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ពួកគេមិនភ្លេច​ស្ថានភាព​នៅព្រំដែន​ដែរ។ ប្រជាពលរដ្ឋ​ដែលរៀបចំ​កម្មវិធី ​អបអរ​ឆ្នាំថ្មី​នឹងមិន​ភ្លេច​វីរៈកងទ័ព​ជួរមុខ និង​មិនភ្លេច​ជន​ភៀសសឹក​រាប់​ម៉ឺន​នាក់ ​ដែល​មិន​ទាន់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​ទេ។

លោកហ៊ុន ម៉ានី បានបញ្ជាក់ថា​ ​ឆ្នាំ​នេះ លើសពីពេល​ណាៗ​ទាំងអស់ ត្រូវតែ​រំលេច​នូវ​អត្ដសញ្ញាណ​ជាតិ មិន​មែន​គិតតែសប្បាយ​ទេ​ តែជា​ការ​ពង្រឹង​នៃ​អត្ដសញ្ញាណ​ជាតិ​ និង​មោទនភាពជាតិ​ ដែលមាន​លក្ខណៈ​ពិសេស​លើស​ពី​ប្រទេស​ដទៃ​លើ​សកលលោក​។

លោករំពឹងថា នាយករដ្ឋមន្ដ្រី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏ដូចជា ក្រសួង​ព័ត៌មាន​នឹងមាន​ការណែនាំ​ ដើម្បី​ធ្វើយ៉ាង​ដោយ​មិន​ចោល​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ និងការ​ចូលរួម​រំណែក​សេដ្ឋកិច្ច ដោយ​មិនភ្លេច​កងកម្លាំង​ជួរមុខ និង​ពលរដ្ឋ​ភៀសសឹក​នោះទេ។​

លោក​បាន​អះអាងថា ការរៀបចំ​ព្រឹត្តិការណ៍ “​នគរ​សង្ក្រាន្ត” នឹង​ផ្ដោតលើ​ការថែរក្សា​វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី​ដូនតា ជាមួយនឹង​សារសំខាន់​ថា ប្រជាពលរដ្ឋ និង​សារព័ត៌មាន មិនត្រូវ​ភ្លេច​វីរៈ​កងទ័ព​ជួរមុខ និងពលរដ្ឋ​ភៀសសឹក​ ដែល​មិនទាន់​អាច​វិលត្រឡប់​ទៅផ្ទះ​វិញ​បានឡើយ​។​

ជាមួយគ្នានេះ លោក សុខ សប្បាយ​ណា ប្រធាន​ក្រុមការងារ​ប្រតិបត្តិ និង​ជា​សមាជិក​អចិន្ត្រៃយ៍ ​គណៈកម្មាធិការ​កណ្តាល ស​.​ស​.​យ​.​ក​.បានឱ្យដឹងថា ព្រឹត្តិការណ៍​នេះ​ នៅ​ស្ថិតក្នុង​ដំណាក់កាល​គម្រោ​ង ប៉ុន្តែ​គ្រោង​នឹង​រៀបចំ​នៅ​ទីតាំង​សំខាន់ៗ​ជាច្រើន រួមមាន បរិវេណ​វត្តភ្នំ ផ្លូវ​ថ្មើរជើង​ចតុមុខ សួនច្បារ​ចាប់ពី Vattanac Capital Lifestyle ដល់​ផ្សារ​រាត្រី បរិវេណ​វត្ត​បទុម​វ​តី តំបន់​បាសាក់​លែ​ន និង​ផ្សារ​ទួល​ទំពូង​។​

តាម​ការបញ្ជាក់ កម្មវិធី​នឹង​រួមមាន ភូមិ​វប្បធម៌ ល្បែង​ប្រជាប្រិយ របាំ​បុរាណ ក្បាច់គុន​ខ្មែរ ការប្រកួត​អុកចត្រង្គ និង​អុក​យក្ស ពិធី​ដង្ហែ​ព្រះពុទ្ធ​បដិមា ស្រង់​ព្រះ ដង្ហែ​ក្បួន​នគរ​សង្ក្រាន្ត និង​ទាញព្រ័ត្រ​មិត្ត​ភាព​ជាដើម​​ ខណៈ​តំបន់​ខ្លះ​នឹង​រៀបចំ​តំបន់​ត្រជាក់ចិត្ត ការប្រគុំ​តន្ត្រី និង​តំបន់​ពាណិជ្ជកម្ម​។​

ព្រឹត្តិការណ៍​នេះ ​នឹងមាន​កម្មវិធី​ផ្សារភ្ជាប់​ដោយផ្ទាល់ ​ទៅកាន់​វីរៈ​កងទ័ព និង​ជនភៀសសឹក រួមមាន​ការចែករំលែក​ប្រាក់ចំណេញ​ពី​ការលក់ Mascot និង​ផ្នែក​មួយ​នៃ​ចំណូល​ពី​ស្តង់ ជូន​ដល់​បងប្អូន​ភៀស​សឹក ការដឹកនាំ​ចលនា “១០,០០០ក្រមា​” ជា​និមិត្តរូប​នៃ​ក្តី​ស្រឡាញ់​ពី​មហាជន ការផ្ញើ​បណ្ណ​ជូនពរ និង​ក្តី​នឹករលឹក​ទៅកាន់​ជួរមុខ ក៏ដូចជា​ការរៀបចំ​វេច​អន្សម ដុត​ក្រឡាន និង​អំបុក ផ្ញើជូន​កងកម្លាំង​ការពារ​បូរណភាព​ទឹកដី​។​

លើសពីនេះ នឹងមាន​ការសម្តែង​សិល្បៈ​បង្ហាញ​ ពី​វីរភាព​កងកម្លាំង​ជួរមុខ ការរៀបចំ​ពិធី​ជួបជុំ​អបអរ​ចូលឆ្នាំ​ នៅតាម​ជំរំ​ជនភៀសសឹក និង​ការតាំង​បង្ហាញ​ស្នាដៃ ​សិល្បៈ​បំផុសស្មារតី​សន្តិភាព និង​ការ​នឹករលឹក​ដល់​វីរ​យុទ្ធជន​។​

ចំណែកលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែងថា  “​នគរ​សង្ក្រាន្ត​” មិនមែនជា​ព្រឹត្តិការណ៍​កម្សាន្ត​ធម្មតា​ទេ ប៉ុន្តែ​ជា​វេទិកា​បង្ហាញ​អត្តសញ្ញាណ​ជាតិ ការរួបរួម​របស់​យុវជន និង​ភាពរស់រវើក​របស់​រា​ជ​ធានី​ភ្នំពេញ​។

លោក​ក៏បាន​លើកឡើង​ពី​តួនាទី ​សារព័ត៌មាន​ក្នុងការ​ផ្សព្វផ្សាយ​ស្ថានភាព​ពិត​នៅ​ព្រំដែន និង​បង្ហាញ​សំឡេង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។​

លោក ហ៊ុន ម៉ា​នី ក៏បាន​កោតសរសើរ​ដ​ល់​ក្រសួង​ព័ត៌មាន និង​បណ្ដា​សារព័ត៌មាន ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ ​អំពី​ស្ថានភាព​សង្គ្រាម​ឈ្លានពាន និង​ទាមទារ​យុត្តិធម៌​លើ​ឆាក​អន្តរជាតិ ដោយ​លើកឡើង​ពី​បេសកកម្ម​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុងការ​បង្ហាញ​ជំហរ​កម្ពុជា តាមរយៈ​សម្ភាស​ជាមួយ​សារព័ត៌មាន​អន្តរជាតិ​ធំៗ​។​

ក្នុង​បរិបទ​នេះ ការរៀបចំ “នគរ​សង្ក្រាន្ត​” ត្រូវបាន​មើលឃើញថា ជា​សារ​នយោបាយ​វប្បធម៌​មួយ បញ្ជាក់ថា កម្ពុជា នៅតែ​រក្សា​ប្រពៃណី អត្តសញ្ញាណ និង​ស្មារតី​រួបរួម​ជាតិ ទោះបី​ស្ថានភាព​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​។

ជាមួយគ្នានេះ ការរៀបចំ​ព្រឹត្តិការណ៍​ក៏​ត្រូវបាន​រំពឹងថា នឹង​ជួយ​ជំរុញ​ចលនា​ទេសចរណ៍ និង​សេដ្ឋកិច្ចជាតិ ខណៈ​ផ្ញើ​សារ​ច្បាស់​ថា កម្ពុជា មិន​ភ្លេច​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក​រាប់ម៉ឺន​នាក់​នោះឡើយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here