ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រសួងកសិកម្ម កំពុងនឹងរៀបចំកៀងគរក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ៨០០ហិកតា នៅក្នុងខេត្តកំពង់ឆ្នាំង។
ព័ត៌មាននេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ ដឹកនាំដោយលោកម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាលើការរៀបចំផែនការផលិតកម្មសម្រាប់ការដាំស្មៅ និងចិញ្ចឹមគោយកទឹកដោះ នៅខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំដែលធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម មានការចូលរួមពីលោកកៅ ផល លោកផេង គីមស្រ៊ុន អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលព្រៃឈើ តំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ព្រមទាំងមានការចូលរួមពី តំណាងក្រុមហ៊ុន ដែលមានបំណងវិនិយោគលើដី ទីតាំងស្ថានីយ៍ដាំឈើម្សៅក្រដាស ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រួមមានក្រុមហ៊ុន ឌីភី ម្ចាស់ចម្ការ ឯ.ក ក្រុមហ៊ុន Perpetual Green Development (Cambodia) Co., Ltd និងក្រុមហ៊ុន CPFM Dairy & Food Co., Ltd។

គោលបំណងនៃកិច្ចពិភាក្សា ដើម្បីរៀបចំផែនការអភិវឌ្ឍន៍តំបន់ស្ថានីយដាំឈើ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រាប់ការដាំស្មៅ និងចិញ្ចឹមគោយកទឹកដោះ ដែលបច្ចុប្បន្ននេះកំពុងតែមានតម្រូវការទឹកដោះគោ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការរបស់ប្រជាពលរដ្ឋ។
ហេតុនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងនឹងរៀបចំកៀងគរក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា លើផ្ទៃដីប្រមាណ៨០០ហិកតា។ ជាលទ្ធផលនៃកិច្ចប្រជុំក្រសួងបានលើកទឹកចិត្តក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍នៅតំបន់នោះ៕







