ដោយ: សហសេវិក
អន្តរជាតិ: តំបន់អាស៊ាននៅតែជាប៉ូលសេដ្ឋកិច្ចមួយដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ នេះបើយោងតាមការស្រាវជ្រាវក្នុងរបាយការណ៍ Southeast Asia Outlook ឆ្នាំ២០២៦ របស់ក្រុមហ៊ុន Cushman & Wakefield។
ផលទុនជាតិសរុប (GDP) របស់តំបន់អាស៊ានបានបន្តសម្រេចបាននូវកំណើនទោះបីជាបរិយាកាសពាណិជ្ជកម្មពិភពលោកមានភាពច្របូកច្របល់កាលពីឆ្នាំមុនយ៉ាងណាក្តី ដោយការប៉ាន់ស្មានបានបង្ហាញពីការកើនឡើង៤,៨%សម្រាប់ឆ្នាំ ២០២៥។
នៅឆ្នាំ២០២៦ កំណើន GDP ត្រូវបានគេរំពឹងថា នឹងកើនឡើង៤,៣%។ របាយការណ៍បានបង្ហាញថា ការប្រើប្រាស់ឯកជន ដែលជាកត្តាជំរុញកំណើនដ៏សំខាន់នៅក្នុងតំបន់ នៅតែមានភាពធន់ ដោយសារអត្រាភាពគ្មានការងារធ្វើមានកម្រិតទាប និងការកើនឡើងនៃប្រាក់ចំណូលគ្រួសារ។

ក្រុមហ៊ុន Cushman & Wakefield វាយតម្លៃថា សូចនាករសេដ្ឋកិច្ចវិជ្ជមានទាំងនេះ រួមផ្សំជាមួយនឹងកត្តាប្រជាសាស្ត្រអំណោយផល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស នឹងធ្វើឱ្យតំបន់អាស៊ានបោះជំហានក្លាយជាប៉ូលសេដ្ឋកិច្ចធំបំផុតទី៤នៅលើពិភពលោក។
កំណើនសេដ្ឋកិច្ចនេះត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យអចលនទ្រព្យ ខណៈការវិនិយោគនៅក្នុងតំបន់អាស៊ានបន្តបង្ហាញសន្ទុះប្រកបដោយស្ថិរភាព។
នៅឆ្នាំ២០២៥ ការវិនិយោគលើទីផ្សារអចលនទ្រព្យរបស់តំបន់នេះសម្រេចបានទំហំទឹកប្រាក់សរុបប្រមាណ២១,៨ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជិត១៦ភាគរយបើធៀបនឹងឆ្នាំ២០២៤៕ប្រភព: Edgeprop៕








