ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកឡៅ ទិព្វសីហា បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងប្រកាស ស្តីពី “ការកំណត់កម្រៃសេវាវិជ្ជាជីវៈស្ថាបត្យករ” ដើម្បីកំណត់គោលការណ៍ណែនាំ និងកម្រិតកម្រៃសេវា សម្រាប់គម្រោងសំណង់គ្រប់ប្រភេទ នៅក្នុងប្រទេសកម្ពុជា។
សេចក្ដីព្រាងប្រកាសនេះ មានគោលបំណងសំខាន់ៗរួមមាន៖ កំណត់ក្របខណ្ឌ និងវិធីសាស្ត្រគណនាកម្រៃ សេវាវិជ្ជាជីវៈស្ថាបត្យករ ធានាគុណភាព បច្ចេកទេស សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ បង្កើតស្តង់ដារតម្លាភាព និងសមធម៌ក្នុងទីផ្សារ ការពារសិទ្ធ និងផលប្រយោជន៍ស្ថាបត្យករ និងភាគីពាក់ព័ន្ធ ព្រមទាំងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវសង្គម។
កិច្ចប្រជុំនេះមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ និងមន្រ្តី អង្គភាពពាក់ព័ន្ធជាច្រើន រួមទាំងអគ្គនាយកដ្ឋានសំណង់ ក្រុមហ៊ុនឯកជន និងសមាគមវិជ្ជាជីវៈ ដូចជា សមាគមស្ថាបត្យករខ្មែរ និងសមាគមពាក់ព័ន្ធ៕








