ដោយ: សហសេវិក
អន្តរជាតិ: តម្លៃខុនដូប្រភេទទី២ នៅចំកណ្តាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុនកំពុងចាប់ផ្តើមធ្លាក់ចុះបន្ទាប់ពីកើនឡើងក្នុងរយៈពេលជាយូរ។ វិធានការរបស់រដ្ឋាភិបាលដើម្បីគ្រប់គ្រងតម្លៃលំនៅឋាន រួមជាមួយនឹងអតិផរណា និងការដំឡើងអត្រាការប្រាក់ កំពុងធ្វើឱ្យតម្រូវការអចលនទ្រព្យធ្លាក់ចុះ។
យោងតាមក្រុមហ៊ុន FJ Realty បានឱ្យដឹងថា តម្លៃខុនដូប្រភេទទី២នៅតំបន់នានា ដូចជា តំបន់ Toyosu និងតំបន់ Kachidoki នៅក្នុងទីក្រុងតូក្យូបានធ្លាក់ចុះ០,៦ភាគរយ ក្នុងខែមករា ឆ្នាំ២០២៦។ នេះជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៦ខែ។
ខុនដូប្រភេទទី២ ជាច្រើនកំពុងត្រូវបានផ្គត់ផ្គង់ចូលទៅកាន់ទីផ្សារ ដែលធ្វើឱ្យអ្នកលក់ពិបាកដាក់លក់ក្នុងតម្លៃខ្ពស់។ ក្រុមអ្នកវិភាគលើកឡើងថា ស្តុកខុនដូកំពុងកើនឡើង ហើយតម្លៃខុនដូបានឈានដល់កម្រិតកំពូលរួចទៅហើយ។

រដ្ឋាភិបាលជប៉ុនក្រោមការដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi បានពិចារណាដាក់ចេញច្បាប់កាន់តែតឹងរ៉ឹងលើការទិញអចលនទ្រព្យដោយជនបរទេស ដែលបានកាត់បន្ថយចំណាប់អារម្មណ៍របស់បណ្តាវិនិយោគិនបរទេស ជាពិសេសមកពីប្រទេសចិន។
ការកើនឡើងនៃអត្រាការប្រាក់ និងអតិផរណាក៏កំពុងធ្វើឱ្យការវិនិយោគលើអចលនទ្រព្យមិនសូវមានភាពទាក់ទាញផងដែរ ដោយផលចំណេញពីការជួលអចលនទ្រព្យ (Rental Yield) មានត្រឹមប្រមាណ២ភាគរយ ប៉ុណ្ណោះ៕ប្រភព: Bloomberg៕







