ដោយៈ សហសេវិក
ភ្នំពេញៈ លោកបណ្ឌិតតេង រិទ្ធីបានលើកឡើងថា ក្នុងនាមជាអ្នកជំនួញ និងអ្នកអភិវឌ្ឍន៍គម្រោងនៅកម្ពុជា ខ្ញុំមើលឃើញថា ការរីកចម្រើនក្នុងការដោះស្រាយគម្រោងCamko City គឺជាសញ្ញាវិជ្ជមានយ៉ាងខ្លាំង សម្រាប់បរិយាកាសវិនិយោគ របស់ប្រទេសកម្ពុជា។
អគ្គនាយកក្រុមហ៊ុនR-Investment Group រូបនេះបានថ្លែងថា បន្ទាប់ពីការពន្យារពេលអស់រយៈពេលជាច្រើនឆ្នាំ ការសហការឡើងវិញរវាងអាជ្ញាធរកម្ពុជា និងភាគីកូរ៉េខាងត្បូង បង្ហាញយ៉ាងច្បាស់ថា បញ្ហាចាស់ៗ អាចត្រូវបានដោះស្រាយ ប្រសិនបើយើងមានឆន្ទៈ ការសហការ និងភាពទំនួលខុសត្រូវច្បាស់លាស់។

លោកបញ្ជាក់ថា “សម្រាប់ខ្ញុំ ក្នុងនាមជាអ្នកធ្វើការជាមួយវិនិយោគិនអន្តរជាតិជាប្រចាំ ខ្ញុំជឿថា “ទំនុកចិត្ត” គឺជាគន្លឹះសំខាន់បំផុត”។លោកបន្ថែមថា “ការដោះស្រាយបញ្ហាប្រវត្តិសាស្ត្រ ដែលបានជាប់គាំងយូរមកហើយ ដោយមានភាពច្បាស់លាស់ និងវិជ្ជាជីវៈ នឹងបង្ហាញថា កម្ពុជាកំពុងឆ្ពោះទៅរកស្តង់ដារថ្មីមួយ នៃការគ្រប់គ្រង និងការអភិវឌ្ឍ”។
លោកបណ្ឌិងតេង រិទ្ធីបានបន្តថា ការរីកចម្រើននេះ មិនត្រឹមតែជួយឲ្យគម្រោងមួយ មានឱកាសរស់ឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារសំខាន់មួយ ទៅកាន់វិនិយោគិនទូទាំងពិភពលោកថា កម្ពុជា មានសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងបង្កើតបរិយាកាសវិនិយោគដែលមានភាពជឿជាក់ និងចីរភាព។
លោកបញ្ជាក់ថា “នេះមិនមែនជារឿងរបស់គម្រោងតែមួយទេ ប៉ុន្តែជាជំហានសំខាន់ សម្រាប់អនាគតនៃវិស័យអចលនទ្រព្យ និងវិនិយោគនៅកម្ពុជា”៕







