មន្រ្តីជាន់ខ្ពស់កម្ពុជាសិក្សាកំណត់ទីតាំងសម្រាប់ការវិនិយោគ បោកគក់ ជ្រលក់ព៌ណ

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជា វុទ្ធីបានចែករំលែក ពីគំនិតផ្តួចផ្តើមក្នុងការសិក្សាកំណត់ទីតាំង (zoning) សម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌ ដែលនឹងអាចគ្រប់​គ្រងបញ្ហាបំពុលបរិស្ថានឱ្យបានជាអតិបរមា។

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកជា វុទ្ធី អគ្គលេខាធិ​ការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ក្នុង​ឱកាសបានទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពរបស់ចិន ដឹកនាំដោយលោកLi Lingshen អនុប្រធានក្រុមប្រឹក្សាវាយនភណ្ឌ និងសម្លៀកបំពាក់ជាតិចិន។

សមាជិកនៃសមាគម ដែលមានវត្តមាននាពេលនេះ សុទ្ធតែជាក្រុមហ៊ុនឈានមុខ ក្នុងឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌមកពីខេត្តជាំងស៊ូ ចឺជាំង និងក្វាងទុង ប្រទេសចិន។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយបំផុត ដែលលោក លី លីងសិន បានដឹកនាំគណៈប្រតិភូសមាគមមកជួបពិភាក្សាការងារនាពេលនេះ។

បន្ថែមលើការកត់សម្គាល់ ពីបរិស្ថានវិនិយោគនៅកម្ពុជា កំណើនវិនិយោគចិននៅកម្ពុជា និងទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឯកឧត្តមអគ្គលេខាធិការក៏បានលើកទ្បើង ពីការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិស្ថានវិនិយោគ ដើម្បីទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

បន្ថែមលើនេះ លោកជា វុទ្ធីក៏បានបង្ហាញពីក្តីកង្វល់ពីហានិយភ័យនៃការបំពុលបរិស្ថាន ត្បិតផលិតកម្មនៃវិស័យនេះមានវេទយិតភាពខ្ពស់ដល់ការបំពុលបរិស្ថាន។

លោក លី លីងសិន បានគោរពថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមអគ្គលេខាធិការ ដែលបានចំណាយពេលវេលា ទទួលជួបគណៈប្រតិភូនាពេល។

លោកបានជម្រាបជូនលោកជា វុទ្ធី ពីឧស្សាហកម្មបោះពុម្ព ជ្រល​ក់ពណ៌ និងវាយនភណ្ឌ នៅប្រទេសចិន ដែលឧស្សាហកម្មនេះបច្ចុ​ប្បន្នបាន និងកំពុងតែធ្វើការសិក្សាស្វែង រកកាលានុវត្តភាពវិនិយោគនៅក្រៅប្រទេស ហើយបានសម្លឹងឃើញ កម្ពុជាជាគោលដៅមួយដែលមា​នភាពអំណោយផលបំផុត ព្រោះកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងរបបលើកទឹកចិត្តវិនិយោគ មានភាពប្រកួតប្រជែងខ្ពស់។

លោកបានទទួលស្គាល់ពីការហានិភ័យ នៃការបំពុលបរិស្ថានដែលបណ្តាលមកពីផលិតកម្ម នៃឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពនេះ ប៉ុន្តែឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំ នៅប្រទេសចិន ក្រុមហ៊ុន សមាជិកសមាគមមានការយកចិត្តទុកដាក់ខ្ពស់ និងមានបច្ចេកវិទ្យាទំនើបដើម្បីដោះស្រាយបញ្ហានេះ។

លោកក៏បានសន្យាថា នឹងខិតខំជំរុញឧស្សាហកម្ម ខ្សែទឹកខាងលើ ពិសេសឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌឱ្យ​មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕


ចែករំលែក