រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងចំណាយប្រាក់ជាង៦០ពាន់លានដុល្លារ ក្នុងការលើកកម្ពស់វិស័យផ្លូវដែក

ចែករំលែក

ដោយៈ ចំណាន

    ហ្សាការតាៈ ប្រទេសឥណ្ឌូណេស៊ី គ្រោងចំណាយទឹកប្រាក់ជាង​៦០ពាន់លានដុល្លារ លើផែនការសាងសង់បណ្តាញផ្លូវ​រថភ្លើង​ប្រវែង ១៤,០០០គីឡូម៉ែត្រ។

គំរោងនេះតភ្ជាប់ពី​កោះស៊ូម៉ាត្រា កាលីម៉ាន់តាន់ និងស៊ូឡាវេស៊ី ក្នុងរយៈពេល២ទសវត្សរ៍​ទៅមុខ ដែលជាផ្នែកមួយនៃផែនការកសាងហេដ្ឋារចនាសម្ព័ន្ធ​ដ៏សំខាន់លើសពីកោះជ្វា។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe នៅថ្ងៃសុក្រ ទី​ ២៤ មេសា។

រដ្ឋមន្ត្រីសម្របសម្រួល​ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍តំបន់របស់ឥណ្ឌូណេស៊ី លោក Agus Harimurti Yudhoyono បាន​ថ្លែង​ក្នុងសេចក្តីថ្លែងការណ៍ថា គម្រោងនេះ ​នឹងត្រូវការការវិនិយោគប្រមាណ ១ ២០០ ទ្រីលានរូពី (៦៩,៤ ​ប៊ីលានដុល្លារ)។

លោកបាន​បន្តថា “តួលេខនេះមានចំនួនច្រើន ប៉ុន្តែវាគឺជាការវិនិយោគរយៈពេលវែង លើអនាគតរបស់ប្រទេសឥណ្ឌូណេស៊ី”។ លោ​កគូសបញ្ជក់ថា “គម្រោងនឹង​ប្រើប្រាស់ទាំងថវិការដ្ឋ និងការវិនិយោគពីវិស័យឯកជន”។ ​

គម្រោងដដែលរាប់បញ្ជូលទាំង ការសាងសង់ផ្លូវរថភ្លើងប្រវែង៧ ៨៣៧ គីឡូម៉ែត្រ នៅលើកោះស៊ូមាត្រា២៧៧២ គីឡូម៉ែត្រ នៅកាលីម៉ាន់តាន់ និង៣២៨៤ គីឡូម៉ែត្រ នៅស៊ូឡាវេស៊ី។

លោក Agus បាន​បន្តថា បណ្តាញផ្លូវរថភ្លើងរបស់ឥណ្ឌូណេស៊ី ​នៅ​មានកម្រិតខ្លាំង បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត ដែលជំរុញឱ្យ​ឥណ្ឌូណេស៊ី​ “ខិតខំប្រឹងប្រែង និងមានយុទ្ធសាស្ត្រជាងមុន​”។

ការដឹកជញ្ជូនតាមផ្លូវរថភ្លើងបច្ចុប្បន្ន ដើរតួនាទីតិចតួច​ក្នុងប្រព័ន្ធ​ដឹកជញ្ជូនជាតិរបស់ប្រទេសឥណ្ឌូ​ណេស៊ី ​ដោយរួមចំណែកត្រឹមតែប្រហែល៤ភាគរយ នៃការដឹកជញ្ជូនអ្នកដំណើរសរុប និង១ភាគរយ​ នៃការដឹកជញ្ជូនទំនិញភស្តុភារ៕


ចែករំលែក