ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្រាវជ្រាវដោយកាសែត Nikkei Asia បានបង្ហាញថា តម្លៃជួលការិយាល័យនៅទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលចំនួន ៣១ ឆ្នាំ។
កំណើននេះសម្រេចបាន ខណៈក្រុមហ៊ុននានាកំពុងងាកទៅរកអគារការិយាល័យកាន់តែប្រសើរឡើងដើម្បីទាក់ទាញបុគ្គលិក។ ជាមួួយគ្នានេះ បុគ្គលិកកាន់តែច្រើនកំពុងវិលត្រឡប់មកការិយាល័យវិញដែលជំរុញឱ្យតម្រូវការកើនឡើង។
ទន្ទឹមនេះ ការកើនឡើងនៃថ្លៃដើមសំណង់កំពុងពន្យារពេលការសាងសង់អគារការិយាល័យថ្មីៗ។ អត្រាការិយាល័យទំនេរនៅកណ្តាលទីក្រុងតូក្យូ (សង្កាត់ Chiyoda សង្កាត់Chuo សង្កាត់ Minato សង្កាត់ Shinjuku សង្កាត់ Shibuya) បានធ្លាក់ចុះមកត្រឹម២,២២ភាគរយ។
នៅជុំវិញស្ថានីយ៍រថភ្លើងនៅទីក្រុងតូក្យូ ជាពិសេស ស្ថានីយ៍រថភ្លើង Marunouchi-Otemachi តម្លៃជួលការិយាល័យបានកើនឡើង២៤,២ភាគរយដល់ចំនួន៥៦.៥០០យ៉េនក្នុងមួយ tsubo។
តម្លៃជួលការិយាល័យនៅស្ថានីយ៍រថភ្លើង Yaesu–Kyobashi–Nihonbashi បានកើនឡើង១៩,៧ភាគរយដល់៣៩.៥០០យ៉េន ក្នុងមួយ tsubo។ (ខ្នាត ១ tsubo ស្មើនឹង៣,៣ម៉ែត្រការ៉េ)។
កំណើននៃតម្រូវការ និងបញ្ហាអតិផរណាផ្តល់ឱ្យម្ចាស់ផ្ទះនូវអំណាចកាន់តែច្រើនក្នុងការដំឡើងថ្លៃជួល។ តួយ៉ាង ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗមួយចំនួនដូចជា ក្រុមហ៊ុន Mitsubishi Estate ក្រុមហ៊ុន Mitsui Fudosan និងក្រុមហ៊ុន Nomura Real Estate Development កំពុងព្យាយាមភ្ជាប់មូលហេតុនៃការដំឡើងថ្លៃជួលទៅនឹងអតិផរណា៕ប្រភព: Nikkei Asia៕







