គ្រួសារអ្នកមានងាកទៅទិញផ្ទះប្រណីតនៅទីក្រុងហុងកុង ខណៈទីផ្សារប្រភេទទី២ ងើបឡើងវិញ

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ចំណាប់អារម្មណ៍លើទីផ្សារលំនៅឋានប្រភេទទី២ របស់ទីក្រុងហុងកុងនៃប្រទេសចិនកំពុងវិលត្រឡប់មកវិញ ខណៈក្រុមអ្នកមានទាញយកអត្ថប្រយោជន៍ពីការកើនឡើងយឺតសន្សឹមៗនៃតម្លៃអចលនទ្រព្យ។

ថ្មីៗនេះ ក្រុមគ្រួសារម្ចាស់ក្រុមហ៊ុនសម្លៀកបំពាក់ Nameson Holdings បានទិញអាផាតម៊ិនប្រណីតចំនួន២ ជាប់គ្នានៅគម្រោង Mayfair By The Sea I ក្នុងតម្លៃ ៦០ លានដុល្លារហុងកុង (៧,៧ លានដុល្លារអាមេរិក)។

អាផាតម៊ិននីមួយៗមានទំហំ ១៥៧ ម៉ែត្រការ៉េ ហើយកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៣ ខែមេសា។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត South China Morning Post។

ក្រុមអ្នកវិភាគលើកឡើងថា ការណ៍នេះឆ្លុះបញ្ចាំងពីនិន្នាការនៅក្នុងទីផ្សារលំនៅឋានប្រណីត ដែលកំពុងទទួលបានការចាប់អារម្មណ៍ឡើងវិញពីអ្នកទិញ ខណៈតម្លៃផ្ទះប្រណីតប្រភេទទី២ មិនបានកើនឡើងច្រើនដូចនៅក្នុងទីផ្សារលំនៅឋានទូទៅនោះទេ។

សកម្មភាពលក់លំនៅឋានប្រណីតបានកើនឡើងដោយសន្សឹមៗ ដោយសារអត្រាការប្រាក់បានថយចុះ និងភាពប្រសើរឡើងនៃទំនុកចិត្តលើទីផ្សារ។

នៅត្រីមាសទី១ ឆ្នាំនេះ ប្រតិបត្តិការលក់ផ្ទះប្រណីតប្រភេទទី២ ដែលមានតម្លៃលើសពី២០លានដុល្លារហុងកុងបានកើនឡើង៥,២ភាគរយ ធៀបនឹងត្រីមាសមុន ដល់ចំនួន៥០៧កិច្ចព្រមព្រៀង ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងបួនឆ្នាំ។

យោងតាមលោក Derek Chan Hoi-chiu អ្នកជំនាញមកពីក្រុមហ៊ុន Ricacorp Properties បានឱ្យដឹងថា ការកើនឡើងយឺតៗនៃតម្លៃផ្ទះប្រណីតបានទាក់ទាញវិនិយោគិនដែលកំពុងស្វែងរកប្រាក់ចំណេញនាពេលអនាគត។

ស្របពេលជាមួយគ្នានេះ គម្រោងលំនៅឋានថ្មីៗជាច្រើនទៀតកំពុងត្រូវបានដាក់ឱ្យដំណើរការ ដែលបានកាត់បន្ថយតម្រូវការមួយចំនួនសម្រាប់ផ្ទះប្រភេទទី២៕ប្រភព: Vnexpress៕


ចែករំលែក