ដោយៈ និស្ស័យ
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានកិច្ចប្រជុំប្រកាសសមាសភាព អង្គភាពគ្រប់គ្រងគម្រោងផ្លូវរបៀងសេដ្ឋកិច្ចតាមបណ្តោយឆ្នេរសមុទ្រពីទំនប់រលក ខេត្តព្រះសីហនុ ភ្ជាប់ទៅកាន់ស្រែអំបិល ខេត្តកោះកុង។
កិច្ចប្រជុំនេះដឹកនាំដោយលោកសួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព អង្គភាពគ្រប់គ្រងគម្រោងផ្លូវរបៀងសេដ្ឋកិច្ចតាមបណ្តោយឆ្នេរសមុទ្រ ពីទំនប់រលក ខេត្តព្រះសីហនុ ភ្ជាប់ទៅកាន់ស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្ដមអនុរដ្ឋលេខាធិការ ជាអនុគម្រោង លោក-លោកស្រី ជាសមាជិក-សមាជិកាគម្រោងផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រកាសសមាសភាពអង្គភាពគ្រប់គ្រងគម្រោង ផ្លូវរបៀងសេដ្ឋកិច្ចតាមបណ្តោយឆ្នេរសមុទ្រពីទំនប់រលក ខេត្តព្រះសីហនុ ភ្ជាប់ទៅកាន់ស្រែអំបិល ខេត្តកោះកុង ក្រោមក្របខ័ណ្ឌធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពីការអនុវត្តតួនាទី ភារកិច្ចទៅតាមបច្ចេកទេស ដែលបានប្រកាសក្នុងសេចក្ដីសម្រេច។
បន្ថែមពីនេះ លោកសួង ហេង បានមានមតិណែនាំដល់សមាជិក-សមាជិការគម្រោងទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អ និងចុះពិនិត្យ ការងារជាក់ស្ដែងឱ្យបានច្បាស់លាស់ ទៅតាមផែនការដែលបានគ្រោងទុក៕







