ក្រុមអ្នកមានបន្តទិញអាផាតមុិននៅសង្កាត់ Manhattan របស់ទីក្រុងញូវយ៉ក ទោះបីមានសំណើពន្ធថ្មី

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ការលក់អាផាតមិនប្រណីតនៅសង្កាត់ Manhattan នៃទីក្រុងញូវយ៉កបានកើនឡើងក្នុងរយៈពេល១ខែកន្លងមកនេះ ទោះបីជាមានការជជែកវែកញែកកាន់តែខ្លាំងឡើងលើសំណើពន្ធថ្មីលើការទិញផ្ទះទីពីរយ៉ាងណាក្តី។

កិច្ចសន្យាអាផាតមុិនចំនួន ១៣៣ ដែលមានតម្លៃ៤លានដុល្លារ ឬច្រើនជាងនេះ ក្នុងមួយយូនីតត្រូវបានចុះហត្ថលេខារវាងថ្ងៃទី ១៤ ខែមេសា ដល់ថ្ងៃទី ១០ ខែឧសភា បើធៀបនឹងកិច្ចព្រមព្រៀងចំនួន ១៣០ ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

ស្របពេលជាមួយគ្នានេះ ទំហំទឹកប្រាក់សរុបពីការលក់អាផាតមុិនទាំងនោះ បានកើនឡើងចំនួន១០ភាគរយដល់១,១២ពាន់លានដុល្លារអាមេរិកផងដែរ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មាន CNBC។

ទីផ្សារ​អចលនទ្រព្យ​ប្រណីត​មាន​ភាពរឹងមាំ​ជាពិសេស​សម្រាប់​ផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃ​ខ្លាំង។ ការលក់​អាផាតមិន​ដែល​មាន​តម្លៃ​លើស​ពី១០លាន​ដុល្លារ​បាន​កើនឡើង៨០ភាគរយដល់ចំនួន៣៤កិច្ចព្រមព្រៀង។

កំណើននេះសម្រេចបាន ទោះបីជាមានការព្រួយបារម្ភអំពី “pied-à-terre tax” ដែលបានស្នើឡើងដោយលោក Zohran Mamdani អភិបាលក្រុងញូវយ៉កយ៉ាងណាក្តី។

សំណើពន្ធនេះមានគោលបំណងអនុវត្តចំពោះការទិញផ្ទះទីពីរបន្ថែមនៅទីក្រុងញូវយ៉កដែលមានតម្លៃ៥លានដុល្លារ ឬច្រើនជាងនេះ។ ក្រុមអ្នកគាំទ្រសំណើខាងលើអះអាងថា ការធ្វើបែបនេះអាចប្រមូលប្រាក់បាន៥០០លានដុល្លារក្នុងមួយឆ្នាំ និងបង្កើនចំណូលពន្ធពីក្រុមអ្នកមាន។

ផ្ទុយទៅវិញ ក្រុមឈ្មួញជើងសាអចលនទ្រព្យបានជំទាស់នឹងផែនការនេះ ដោយអះអាងថា ការធ្វើបែបនេះអាចរុញច្រានអ្នកទិញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភចេញពីទីក្រុងញូវយ៉ក និងជះផលប៉ះពាល់ដល់ការងារ ការចំណាយ និងចំណូលពន្ធ។

ស្រដៀងគ្នានេះ ភ្នាក់ងារអចលនទ្រព្យមួយចំនួនបានលើកឡើងថា អ្នកទិញដែលមានទ្រព្យសម្បត្តិច្រើន កំពុងពន្យារពេលការទិញអាផាតមុិន រហូតដល់ពួកគេដឹងថា តើសំណើពន្ធនេះនឹងត្រូវបានអនុម័តឬអត់៕ប្រភព: CNBC៕


ចែករំលែក