ក្រុមហ៊ុនTOYOTAសន្យាបន្តការវិនិយោគនៅកម្ពុជាឲ្យ កាន់តែប្រសើរ

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានទទួលជួបពិភាក្សាការងារជាមួយលោក Takuma Hayashi នាយករងគ្រប់គ្រងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ។

ក្នុងជំនួបនោះ លោក Takuma Hayashi បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ ដែលតែងយកចិត្តទុកដាក់ក្នុងការជួយជ្រោមជ្រែងដល់ក្រុមហ៊ុន Toyota Tsusho Corporation រហូតឈានដល់ការវិនិយោគរោងចក្រដំឡើងរថយន្តនៅព្រះរាជាណាចក្រកម្ពុជា ក្រោមក្រុមហ៊ុនឈ្មោះ Toyota Tsusho Manufacturing (Cambodia) Co., Ltd. ។

ជាមួយគ្នានេះ លោកTakuma Hayashi បានរាយការណ៍អំពីវឌ្ឍនភាពរោងចក្រដំឡើងរថយន្តតូយ៉ូតា នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងផែនការអាជីវកម្មរបស់ក្រុមហ៊ុន ។

បណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរោងចក្រដំឡើងរថយន្ត របស់ក្រុមហ៊ុនតូយ៉ូតា នៅកម្ពុជា និង បានសំណូមពរដល់ក្រុមហ៊ុនឱ្យខិតខំ និងយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើការបង្កើតការងារ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងសមត្ថភាពជំនាញដល់ កម្មករ និយោជិត និងការប្រើប្រាស់ធាតុចូលក្នុងស្រុកឱ្យកាន់តែច្រើនឡើង។

ជាការឆ្លើយតប លោក Takuma Hayashi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងគាំទ្រ និងជំរុញឱ្យរោងចក្រដំឡើងរថយន្តតូយ៉ូតា លេចរូបរាងឡើងនៅព្រះរាជាណាចក្រកម្ពុជា ។

ទន្ទឹមនេះ លោកនាយករងក្រុមហ៊ុន បានប្តេជ្ញានឹងខិតខំចូលរួមចំណែក ក្នុងការអភិវឌ្ឍឧស្សាហកម្មយានយន្តនៅកម្ពុជា ឱ្យកាន់តែសកម្មថែមទៀត ។

បណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សហការជិតស្និទ្ធថែមទៀត ជាមួយលេខាធិការដ្ឋានក្រុមការងារ សំដៅចូលរួមដោះស្រាយបញ្ហា ក៏ដូចជាសំណូមពរនានា ដើម្បីអភិវឌ្ឍឧស្សាហកម្មយានយន្តនៅកម្ពុជា និយាយជារួម ព្រមទាំងជួយសម្រួលដល់ការវិនិយោគ និង ធុរកិច្ចរបស់ក្រុមហ៊ុន និយាយដោយឡែក៕


ចែករំលែក