ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤២ ក្នុងខែមេសា ឆ្នាំ ២០២៦នេះ ដោយមានទំហំទុនវិនិយោគសរុបប្រមាណ២២២លានដុល្លាអាមេរិក។
តាមព័ត៌មានបានឲ្យដឹងថា គំរោងនេះ អាចបង្កើតការងារសរុបប្រមាណ២៤ពាន់កន្លែង ហើយខេត្តចំនួន៣ទៀត ក៏នឹងទទួលបានគម្រោងថ្មីចំនួន៧ ក្រោមទុនវិនិយោគ៤៥០លានដុល្លារអាមេរិកផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ដែលបានចេញផ្សាយកាកពីថ្ងៃទី ២០ ខែឧសភានេះ បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៤២គម្រោងនេះ ត្រូវបានចុះបញ្ជីនៅកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់តាមសេចក្តីប្រកាសនេះថា នៅក្នុងចំណោមគម្រោងវិនិយោគទាំង៤២នេះ មានគម្រោង វិនិយោគចំនួន២៣គម្រោង គឺក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន១៣គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន១០គម្រោង ត្រូវបានចុះបញ្ជីដោយCDC ក្នុងទំហំទុនវិនិយោគប្រមាណ១៥៨លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ១៨ពាន់កន្លែង។
ចំពោះប្រភពទុនវិនិយោគ លើគម្រោងទាំង៤២នេះ មកពីប្រទេសចិន៦៧ភាគរយ និងកម្ពុជា៣៣ភាគរយ ដោយក្នុងនោះទុនវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន១៩,៦លានដុល្លារ និងឧស្សាហកម្មចំនួន២០២,៧លានដុល្លារអាមេរិក ហើយខេត្តចំនួន៩ សុទ្ធតែទទួលបានគម្រោងវិនិយោគនេះ ដោយត្រូវបានកំណត់រួចហើយ។
នៅក្នុងខេត្តកណ្តាល ទទួលបានគម្រោងវិនិយោគនេះច្រើនជាងគេ មានដល់១២គម្រោង ខេត្តកំពង់ស្ពឺ១០គម្រោង ខេត្តតាកែវ៦គម្រោង ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៥គម្រោងដូចគ្នា ហើយខេត្តបាត់ដំបង កោះកុង ត្បូងឃ្មុំ និងខេត្តកំពត ទទួទបាន១គម្រោងដូចគ្នា។
ចំពោះគម្រោងវិនិយោគថ្មីចំនួន៧ ដែលមានទុនវិនិយោគសរុបប្រមាណ៤៥០លានដុល្លារអាមេរិកនេះ អាចបង្កើតការងារបានប្រមាណ៩០០កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មចំនួន២គម្រោង គឺរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ភ និងសាងសង់អាងប្រព្រឹត្តកម្ម និងឡចំហាយ រីឯវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង គឺរោងចក្រចម្រាញ់ប្រេងឆា (ប្រេងកន្ទក់, ប្រេងសណ្តែកសៀង, ប្រេងពោត និងប្រេងអូលីវ)។
ចំណែកវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន៤គម្រោង រួមមានអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ២០០មេហ្គាវ៉ាត់ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព ៥០០មេហ្គាវ៉ាត់/១០០០មេហ្គាវ៉ាត់ម៉ោង (500 MW/1000 MWH), និងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣០មេហ្គាវ៉ាត់៕







