គម្រោង​វិនិយោគ​តម្លៃ​២២២​លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋាភិ​បាល​ស្ថិត​ក្នុង​ខេត្ត​ ក្រុង​ណា​ខ្លះ​?

ចែករំលែក

    ដោយៈ ចំណាន

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤២ ក្នុង​ខែមេសា ឆ្នាំ ២០២៦នេះ ដោយមាន​ទំហំទុនវិនិយោគសរុបប្រមាណ២២២លានដុល្លា​អាមេរិក។

តាមព័ត៌មានបានឲ្យដឹងថា គំរោងនេះ អាចបង្កើតការងារសរុបប្រមាណ២៤ពាន់កន្លែង ហើយខេត្តចំនួន​៣​ទៀត ក៏នឹងទទួលបានគម្រោងថ្មីចំនួន៧ ក្រោមទុនវិនិយោគ៤៥០លានដុល្លារអាមេរិកផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ដែលបានចេញផ្សាយកាកពីថ្ងៃទី ២០ ខែឧសភា​នេះ បាន​ឱ្យដឹង​ថា គម្រោង​វិនិយោគចំនួន៤២គម្រោង​​នេះ ត្រូវបាន​ចុះបញ្ជី​នៅកម្ពុជា តាម​រយៈ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់តាម​សេចក្តីប្រកាស​នេះ​ថា នៅ​ក្នុងចំណោមគម្រោងវិនិយោគទាំង៤២នេះ មាន​គម្រោង វិនិយោគចំនួន២៣​គម្រោង គឺ​ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន១៣គម្រោ​ង និង​ក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន១០គម្រោង ត្រូវបានចុះបញ្ជីដោយCDC ក្នុងទំហំទុនវិនិយោគប្រមាណ១៥៨លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ១៨ពាន់កន្លែង។

ចំពោះប្រភព​ទុនវិនិយោគ​​ លើគម្រោងទាំង៤២នេះ មកពីប្រទេសចិន៦៧ភាគ​រយ និងកម្ពុជា៣៣ភាគ​រយ ដោយក្នុង​នោះ​ទុន​វិនិយោគ​លើ​វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន១៩,៦​លានដុល្លារ និង​ឧស្សាហកម្ម​​ចំនួន២០២,៧លាន​ដុល្លារអាមេរិក  ហើយ​ខេត្តចំនួន៩ សុទ្ធតែទទួលបាន​គម្រោង​​វិនិយោគ​នេះ ដោយត្រូវបានកំណត់​រួច​ហើយ។

នៅក្នុង​ខេត្តកណ្តាល ទទួលបានគម្រោងវិនិយោគ​នេះច្រើនជាងគេ មាន​ដល់១២គម្រោង ខេត្តកំពង់ស្ពឺ១០គម្រោង ខេត្តតាកែវ៦គម្រោង ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៥គម្រោងដូចគ្នា ហើយ​ខេត្តបាត់ដំបង កោះកុង ត្បូងឃ្មុំ និងខេត្ត​កំពត ទទួទ​បាន១​គម្រោង​ដូចគ្នា។

ចំពោះ​គម្រោងវិនិយោគថ្មីចំនួន​៧ ដែល​មានទុនវិនិយោគសរុបប្រមាណ៤៥០លានដុល្លារអាមេរិកនេះ អាចបង្កើតការងារបានប្រមា​ណ៩០០កន្លែង និងមានមុខសញ្ញាវិនិយោគ ​ក្នុង​វិស័យ​ឧស្សាហកម្មចំនួន​២គម្រោង គឺ​រោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ភ និង​សាងសង់អាងប្រព្រឹត្តកម្ម និងឡចំហាយ រីឯ​វិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង គឺ​រោងចក្រចម្រាញ់ប្រេងឆា (ប្រេងកន្ទក់, ប្រេងសណ្តែកសៀង, ប្រេងពោត និងប្រេងអូលីវ)។

ចំណែក​វិស័យហេដ្ឋារចនា​សម្ព័ន្ធ​ចំនួន​៤គម្រោង រួម​មាន​អភិវឌ្ឍន៍ស្ថានីយផលិត​អគ្គិសនី​ ដើរដោយថាមពល​ពន្លឺ​ព្រះអាទិត្យ អានុភាព ២០០មេហ្គាវ៉ាត់ អភិវឌ្ឍន៍​ស្ថានីយ​ផលិត​អគ្គិសនី​ ដើរដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ អានុភាព១០០​មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយ​ប្រព័ន្ធ​អាគុយស្តុកទុក​ថាមពល អានុភាព ៥០០មេហ្គាវ៉ាត់/១០០០មេហ្គាវ៉ាត់ម៉ោង (500 MW/1000 MWH), និង​អភិវឌ្ឍន៍ស្ថានីយផលិត​អគ្គិសនីដើរ​ដោយ​ថាមពលពន្លឺ​ព្រះអាទិត្យ អានុភាព៣០មេហ្គាវ៉ាត់៕


ចែករំលែក