ការ​ចាប់​ផ្តើម​សាង​សង់​លំនៅឋាន​ថ្មី​នៅ​សហរដ្ឋ​អាមេរិក​ធ្លាក់​ចុះ ​ខណៈ​អត្រា​ការ​ប្រាក់​លើ​កម្ចី​ទិញ​ផ្ទះ​កើន​ឡើង​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ការចាប់ផ្តើមសាងសង់លំនៅឋាននៅសហរដ្ឋអាមេរិកបានធ្លាក់ចុះនៅខែមេសា ដែលបង្ហាញថា បណ្តាអ្នកអភិវឌ្ឍន៍កំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង ស្របពេលអត្រាការប្រាក់លើកម្ចីទិញផ្ទះមានកម្រិតខ្ពស់។

យោងតាមតួលេខរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញថា ការសាងសង់លំនៅឋានថ្មីសរុបបានថយចុះ២,៨ភាគរយកាលពីខែមេសា មកនៅត្រឹមអត្រាប្រចាំឆ្នាំចំនួន១,៤៧លានយូនីត។

ការចាប់ផ្តើមសាងសង់ផ្ទះទោល (single-family homes) បានធ្លាក់ចុះ៩ភាគរយ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីខែសីហា មកត្រឹមអត្រាប្រចាំឆ្នាំចំនួន៩៣០.០០០យូនីត។ ទោះជាយ៉ាងណា ការចាប់ផ្តើមសាងសង់លំនៅឋាន (Multifamily housing)បានកើនឡើងជាង១០ភាគរយដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែឧសភា ឆ្នាំ២០២៣។

របាយការណ៍ខាងលើនេះក៏បានបង្ហាញផងដែរថា លិខិតអនុញ្ញាតសម្រាប់សាងសង់ផ្ទះទោល ដែលជាសូចនាករឈានមុខគេនៃការសាងសង់លំនៅឋាននាពេលអនាគត បានធ្លាក់ចុះ២,៦ភាគរយដល់កម្រិតទាបបំផុតចាប់តាំងពីខែសីហា ឆ្នាំមុនមក។

តួលេខទាំងនេះបង្ហាញថា ក្រុមហ៊ុនអភិវឌ្ឍន៍បន្តផ្តោតលើការកាត់បន្ថយស្តុកលំនៅឋាន (inventory) ខណៈការលក់ផ្ទះដែលកំពុងសាងសង់ ឬបានបញ្ចប់ការសាងសង់ បានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

បញ្ហាប្រឈមជាច្រើននៅតែបង្កការរាំងស្ទះដល់ការសាងសង់ផ្ទះថ្មី រួមទាំងការកើនឡើងនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ ការធ្លាក់ចុះនៃទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងថវិកាគ្រួសារ៕ប្រភព: Reuters៕


ចែករំលែក