ដោយៈ ចំណាន
ប្រទេសចិនៈ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន X Capital Investment Co., Ltd. និងរដ្ឋបាលស្រុកតាយី នៃខេត្តស៊ីឈួន ប្រទេសចិន “ហាងទំនិញជាតិកម្ពុជា” ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការកាលពីសប្តាហ៍កន្លងមក។
ហាងទំនិញនេះ នឹងជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេរភាគី ព្រមទាំងទាក់ទាញវិនិយោគិនចិន ឱ្យមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើន។
ហាងទំនិញជាតិកម្ពុជា មិនត្រឹមតែជាច្រកដ៏សំខាន់សម្រាប់ដាក់តាំងបង្ហាញផលិតផលកសិកម្ម វត្ថុអនុស្សាវរីយ៍ និងសម្ភារវប្បធម៌របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាថ្មីមួយសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងសហគ្រិននៃប្រទេសកម្ពុជា-ចិនផងដែរ។
អភិបាលរងក្រុងព្រះសីហនុ លោក សរ កក្កដា ដែលដឹកនាំគណៈប្រតិភូកម្ពុជា ទៅធ្វើទស្សនកិច្ចនៅស្រុកតាយី ខេត្តស៊ីឈួន នាពេលថ្មីៗនេះ បាននិយាយថា ហាងទំនិញជាតិកម្ពុជានឹងជួយបង្កើតឱកាសបន្ថែមទៀត ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មានរវាងប្រជាជននិងប្រជាជន ដែលចំណុចទាំងអស់នេះ នឹងជួយធ្វើឱ្យស៊ីជម្រៅ និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជាបន្ថែមទៀត។
លោកបន្ថែមថា ឆ្នាំ២០២៦ នេះក៏ជាខួបលើកទី៦៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនផងដែរ។ លើសពីនេះរដ្ឋាភិបាលនៃប្រទេសទាំង២ ក៏បានអនុវត្តកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើវិស័យសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ពាណិជ្ជកម្ម ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ទេសចរណ៍ និងការការពារបរិស្ថានជាដើម។

លោកបញ្ជាក់ថា “អស់រយៈពេលជាងកន្លះសតវត្សរ៍ មកនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងមេដឹកនាំនៃប្រទេសទាំង២ មិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិននៅតែរឹងមាំ និងរស់រវើក”។
ទន្ទឹមនឹងនេះ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ទំនាក់ទំនងរវាងប្រទេសទាំង២ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌កាន់តែមានភាពជិតស្និទ្ធ។
លោកបញ្ជាក់ថា ជំនួបនាថ្ងៃនេះ បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងភាគីទាំង២។
លោកបន្តថា “ខ្ញុំមានជំនឿថា តាមរយៈការបង្កើ “សម្ព័ន្ធភាពមិត្តភាពទីក្រុង” រវាងស្រុកតាយី និងក្រុងព្រះសីហនុ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២ លើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ ប្រមទាំងបន្តធ្វើឱ្យស៊ីជម្រៅនូវ “មិត្តភាពដែកថែបដ៏រឹងមាំ” រវាងកម្ពុជា និងចិន។
ចំណែក លោកម៉ៅ កៅលីន អភិបាលស្រុកតាយី បានឱ្យដឹងថា ស្រុកតាយី មានទីតាំងនៅភាគខាងលិច នៃវាលទំនាបក្រុងចឹងទូ និងមានប្រវត្តិសាស្ត្រជាង១៣០០ឆ្នាំហើយ។ វាជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង៨ នៃក្រុងចឹងទូ ដែលត្រូវបានយកចិត្តទុកដាក់ និងមានសន្ទុះអភិវឌ្ឍន៍លឿនជាងគេ។
ទន្ទឹមនឹងនេះ ស្រុកតាយី ក៏មានប្រព័ន្ធអេកូបៃតង បេតិកភណ្ឌវប្បធម៌ ឧស្សាហកម្មដ៏រឹងមាំ ដែលជួយធ្វើឱ្យការរស់នៅរបស់ប្រជាជនមានភាពងាយស្រួល និងងាយស្រួលប្រកបអាជីវកម្ម។
លោកបន្ថែមថា “ការជួបជុំគ្នាពេលនេះ គឺជាការចាប់ផ្តើមនៃទំនាក់ទំនងជាមិត្តភាពហើយក៏ជាចំណុចចាប់ផ្តើម នៃកិច្ចសហប្រតិបត្តិការបស់ក្រុងស្រុកទាំង២ ផងដែរ”។លោកបន្ថែមថា “រដ្ឋបាលស្រុកតាយី សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចលើកនេះ នឹងក្លាយជាឱកាសមួយ ដើម្បីពង្រឹងការផ្លាស់ប្តូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយក្រុងព្រះសីហនុ លើវិស័យមួយចំនួនដូចជា វិស័យវប្បធម៌ភាពយន្ត និងទូរទស្សន៍ ទេសចរណ៍វប្បធម៌ សុខាភិបាល ការជួញដូរទំនិញកសិផល ពាណិជ្ជកម្ម និងការវិនិយោគឧស្សាហកម្មជាដើម ដើម្បីសម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក និងទទួលផលចំណេញទាំងអស់គ្នា”៕







