“ហាង​ទំនិញ​ជាតិ​កម្ពុជា​” ត្រូវ​បាន​បើក​ដំណើរ​ការ​នៅ​ស្រុក​នៃ​ខេត្ត​ស៊ី​ឈួន​​ប្រទេសចិន​

ចែករំលែក

ដោយៈ ចំណាន

    ប្រទេសចិនៈ កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន X Capital Investment Co., Ltd. និងរដ្ឋបាល​​​​ស្រុកតាយី នៃ​ខេត្តស៊ីឈួន ប្រទេស​ចិន “ហាង​ទំនិញ​ជាតិ​កម្ពុជា” ត្រូវ​បាន​សម្ពោធ​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​កាល​ពី​សប្តាហ៍​កន្លង​មក​។

ហាងទំនិញនេះ នឹងជួយ​ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម​ទ្វេរភាគី ព្រម​ទាំង​​ទាក់​ទាញវិនិយោគិន​ចិន ​​ឱ្យ​​មក​បណ្តាក់​ទុនផ្ទាល់​​នៅ​កម្ពុជា​​កាន់​តែ​ច្រើន​។​

ហាងទំនិញជាតិកម្ពុជា មិនត្រឹមតែជាច្រកដ៏សំខាន់សម្រាប់ដាក់តាំងបង្ហាញផលិតផលកសិកម្ម វត្ថុអនុស្សាវរីយ៍ និងសម្ភារ​វប្បធម៌របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាថ្មីមួយសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាង​សហគ្រិន​នៃ​ប្រទេស​កម្ពុជា-ចិន​ផងដែរ​។

អភិបាលរងក្រុងព្រះសីហនុ លោក សរ កក្កដា ដែល​​​ដឹកនាំគណៈ​ប្រតិភូ​កម្ពុជា ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​​​​ស្រុកតាយី ខេត្តស៊ីឈួន នាពេល​​ថ្មីៗ​នេះ បាន​និយាយ​ថា ហាងទំនិញជាតិកម្ពុជានឹងជួយ​បង្កើតឱកាសបន្ថែមទៀត ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងការផ្លាស់ប្តូរព័ត៌មាន​រវាងប្រជាជននិងប្រជាជន ដែលចំណុច​ទាំងអស់នេះ ​នឹងជួយធ្វើឱ្យស៊ីជម្រៅ និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន​ និងកម្ពុជា​បន្ថែមទៀត។

លោក​បន្ថែម​ថា ឆ្នាំ២០២៦ នេះ​ក៏​ជា​ខួបលើកទី៦៨ នៃការ​បង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនផងដែរ​។ លើសពីនេះរដ្ឋាភិបាលនៃប្រទេសទាំង២ ក៏បានអនុវត្តកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើវិស័យសំខាន់ៗ​ដូចជា ហេដ្ឋារចនាសម្ព័ន្ធ កសិ​កម្ម ពាណិជ្ជកម្ម ការអភិវឌ្ឍ​តំបន់សេដ្ឋកិច្ចពិសេស ទេសចរណ៍ និងការការពារបរិស្ថានជាដើម។

លោក​បញ្ជាក់ថា “​អស់រយៈពេលជាងកន្លះសតវត្សរ៍ មកនេះ ក្រោមកិច្ចខិតខំប្រឹង​ប្រែងរួមគ្នា រវាងមេដឹកនាំនៃប្រទេសទាំង២ មិត្ត​ភាពជាប្រពៃណីរវាងកម្ពុជា និងចិននៅតែរឹងមាំ និងរស់រវើក”។

ទន្ទឹមនឹងនេះ​ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់​ និងផ្លូវ ទំនាក់ទំនង​រវាងប្រទេសទាំង២ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌កាន់តែមានភាពជិតស្និទ្ធ។

លោក​បញ្ជាក់​ថា ​ជំនួបនា​ថ្ងៃនេះ បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងភាគីទាំង២។

លោកបន្តថា “ខ្ញុំ​មាន​​ជំនឿថា តាមរយៈការបង្កើ “សម្ព័ន្ធភាពមិត្តភាពទីក្រុង” ​រវាងស្រុកតាយី និងក្រុងព្រះសីហនុ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២ លើគ្រប់វិស័យឱ្យ​កាន់តែជិតស្និទ្ធ​ ប្រម​ទាំង​បន្តធ្វើឱ្យស៊ីជម្រៅនូវ “មិត្តភាពដែកថែបដ៏រឹងមាំ” រវាងកម្ពុជា និងចិន។

ចំណែក​ លោកម៉ៅ កៅលីន អភិបាលស្រុកតាយី បានឱ្យ​ដឹង​ថា ស្រុកតាយី មានទីតាំងនៅភាគខាងលិច នៃវាលទំនាបក្រុងចឹងទូ និង​មានប្រវត្តិសាស្ត្រជាង១៣០០​ឆ្នាំហើយ។ វាជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង៨ នៃក្រុងចឹងទូ ដែលត្រូវបានយកចិត្តទុក​ដាក់ និងមានសន្ទុះអភិវឌ្ឍន៍លឿនជាងគេ។

ទន្ទឹមនឹងនេះ ស្រុកតាយី ក៏​មានប្រព័ន្ធអេកូបៃតង បេតិកភណ្ឌវប្បធម៌ ឧស្សាហកម្ម​ដ៏រឹងមាំ​ ដែលជួយ​ធ្វើឱ្យការ​រស់​នៅ​របស់​ប្រជាជនមាន​ភាព​ងាយស្រួល និងងាយស្រួលប្រកបអាជីវកម្ម។

លោកបន្ថែមថា “ការជួបជុំគ្នាពេល​នេះ​ គឺជាការចាប់ផ្តើមនៃទំនាក់ទំនងជាមិត្តភាពហើយក៏ជាចំណុចចាប់ផ្តើម នៃកិច្ចសហប្រតិបត្តិការបស់​ក្រុងស្រុកទាំង២ ផងដែរ”។លោក​បន្ថែមថា “​រដ្ឋបាល​ស្រុកតាយី សង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចលើកនេះ នឹងក្លាយ​ជា​ឱកាសមួយ ដើម្បីពង្រឹងការផ្លាស់ប្តូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យ​កាន់តែស៊ីជម្រៅជាមួយក្រុងព្រះសីហនុ លើវិស័យមួយចំនួនដូចជា វិស័យវប្បធម៌ភាពយន្ត និងទូរទស្សន៍ ទេសចរណ៍វប្បធម៌ សុខាភិបាល ការជួញដូរទំនិញកសិផល ពាណិជ្ជកម្ម និងការវិនិយោគឧស្សា​ហកម្មជាដើម ដើម្បីសម្រេចបាននូវផលប្រយោជន៍​ទៅវិញទៅមក និងទទួលផលចំណេញទាំងអស់គ្នា”៕


ចែករំលែក