ដោយៈ រ៉ាណេត
ភ្នំពេញៈ តើវិស័យអចលនទ្រព្យនៅក្នុងខ័ណ្ឌឬស្សីកែវ នឹងប្រែប្រួលដូចម្តេចក្រោយពេលរោងចក្រ សហគ្រាសនឹងចាកចេញពីក្រុងភ្នំពេញ តាមសេចក្ដីប្រកាសរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដែលតម្រូវឱ្យបណ្តារោងចក្រ សហគ្រាស និងឃ្លាំង នានា ធ្វើការផ្លាស់ទីតាំងថ្មីនៅតាមបណ្តាតំបន់ជាយក្រុង។

-->
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២២ ខែឧសភានេះថា មិនយូរទៀតនោះទេ តំបន់មួយចំនួនដែលស្ថិតនៅក្នុងខណ្ឌឫស្សី នឹងមានការប្រែប្រួលកាន់តែល្អប្រសើរទៅលើវិស័យសំណង់ និងអចលនទ្រព្យ បន្ទាប់ពីវត្តមានបណ្តារោងចក្រ សហគ្រាស និងឃ្លាំងត្រូវបានដកចេញ។ លោកបន្តថា ការជំរុញឱ្យបណ្តារោងចក្រ សហគ្រាស និងឃ្លាំងតូចធំ ទៅដាក់ទីតាំងនៅតាមបណ្តាជាយក្រុង វាជាផ្នែកមួយដែលជួយឱ្យមានសណ្ដាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញ ដែលមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងសំខាន់របស់កម្ពុជា ប៉ុន្តែអ្វីដែលរឹតតែសំខាន់ជាងនេះ វាបានចូលរួមចំណែកក្នុងការផ្លាស់ប្ដូរស្ថានភាពពីតំបន់រោងចក្រ មកជាតំបន់សំណង់លំនៅដ្ឋានកម្រិតមធ្យម រួមជាមួយនឹងអគារពាណិជ្ជកម្មនានានឹងចូលមកជំនួស»។
លោកបានបន្តទៀតថា “បច្ចុប្បន្ននេះ មានរោងចក្រ និងសហគ្រាស ឃ្លាំងមួយចំនួនបានចាប់ផ្តើមរើទីតាំងជាបណ្តើរហើយ ហើយក៏មានសំណង់បុរីលំនៅដ្ឋាន និងខុនដូផងដែរ។ ដោយឡែកនៅក្នុងពេលដ៏ខ្លីខាងមុខនេះ តំបន់ដែលធ្លាប់តែមានរោងចក្រ នឹងជំនួសដោយអគារអាផាតមិន និងខុនដូទំនើបៗបន្ថែមទៀត ដែលជួយជំរុញឱ្យវិស័យសំណង់ និងអចលនទ្រព្យនៅតំបន់នេះមានតម្លៃកើនឡើង”។

លើកឡើងស្រដៀងគ្នានេះ លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service បានមានប្រសាសន៍ផងដែរថា ជាមួយនឹងការផ្លាស់ប្ដូរមុខមាត់នៅក្នុងវិស័យសំណង់ ក្នុងតំបន់មួយចំនួននៃខណ្ឌឫស្សីកែវ មិនយូរទៀតនោះទេតំបន់នេះ វានឹងមានការអភិវឌ្ឍស្រដៀងគ្នាទៅនឹងតំបន់ទួលគោកដែរ។ លោកស្រីបានបន្តទៀតថា ពេលនេះតម្លៃដីនៅក្នុងតំបន់ទួលសង្កែ ដែលស្ថិតនៅក្បែរព្រំប្រទល់ខណ្ឌទួលគោក ដែលជាតំបន់មានការអភិវឌ្ឍខ្លាំង អាចមានតម្លៃរហូតដល់ជិត៣,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយនៅទីតាំងខ្លះអាចមានតម្លៃលើសពីនេះ។
លោកស្រីបន្តទៀតថា “តម្លៃដីនៅតំបន់នេះកំពុងបន្តឡើងថ្លៃ តែមាននៅតែតំបន់ និងទីតាំងមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែនៅទីតាំងខ្លះតម្លៃដីក៏នៅមានកម្រិតទាបដដែល ដែលក្នុងមួយម៉ែត្រការ៉េអាចទាបជាង២០០០ដុល្លារ ហើយដីដែលស្ថិតនៅក្នុងខណ្ឌឫស្សីកែវដូចគ្នា ប៉ុន្តែនៅឆ្ងាយពីផ្លូវធំ និងតំបន់អភិវឌ្ឍ គឺមានតម្លៃត្រឹមតែជាង៣០០ដុល្លារក៏មានដែរ”។
លោកស្រីតាំង ហួរបានបន្តថា ទោះជាយ៉ាងណាក៏ដោយនៅពេលមានការអភិវឌ្ឍលើវិស័យសំណង់ តម្រូវការនៃការប្រើប្រាស់ដីនៅតាមមាន ដែលជាកក្តាជំរុញឱ្យតម្លៃដីឡើងថ្លៃជាបន្តបន្ទាប់ទៀត៕
[…] ប្រភព៖ Property Area […]