តម្លៃ​ផ្ទះ​នៅ​ទី​ក្រុង​ហុង​កុង​បន្ត​កើន​ឡើង​រយៈ​ពេល​១១​ខែ​ជាប់​ៗ​គ្នា​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅទីក្រុងហុងកុងបានកើនឡើង០,៩ភាគរយនៅខែមេសា ដែលជាការកើនឡើងរយៈពេល១១ខែជាប់ៗគ្នា ខណៈទីផ្សារលំនៅឋានបានបន្តងើបឡើងវិញ ដោយសារទំនុកចិត្ត និងតម្រូវការប្រសើរឡើងពីពលរដ្ឋចិនដីគោក។

កំណើនខាងលើសម្រេចបាន បន្ទាប់ពីការកើនឡើង១,៨ភាគរយនៅក្នុងខែមីនា។នេះបើយោងតាមទិន្នន័យពីនាយកដ្ឋានចាត់ថ្នាក់ និងវាយតម្លៃ (Rating and Valuation Department)។

យោងតាមទិន្នន័យពីភ្នាក់ងារអចលនទ្រព្យ Midland Realty បានបង្ហាញថា ចំនួនផ្ទះនៅហុងកុងដែលបានទិញដោយជនជាតិចិនដីគោកបានកើនឡើង ៤៨ភាគរយធៀបនឹងខែមីនា ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំ។

ទីភ្នាក់ងារអចលនទ្រព្យ Midland Realty Midland បានឱ្យដឹងបន្តថា ជនជាតិចិនដីគោកគ្របដណ្តប់ចំនួន២៧,៥ភាគរយនៃការទិញលំនៅឋានសរុបនៅក្នុងខែមេសា។

ក្រុមអ្នកវិភាគ និងឈ្មួញជើងសា បានព្យាករណ៍ថា តម្លៃផ្ទះនៅហុងកុងនឹងកើនឡើងយ៉ាងហោចណាស់១០ភាគរយសម្រាប់រយៈពេលពេញមួយឆ្នាំ២០២៦ ដោយលើកឡើងពីភាពរឹងមាំនៃទីផ្សារភាគហ៊ុន និងតម្រូវការពីពលរដ្ឋចិនដីគោក។

តម្លៃលំនៅឋាននៅហុងកុងបានកើនឡើង ៣,៦ ភាគរយនៅឆ្នាំ ២០២៥ ដែលជាការកើនឡើងលើកដំបូង ចាប់តាំងពីឆ្នាំ២០២១ ដែលតម្លៃបានធ្លាក់ចុះជិត៣០ ភាគរយ៕ប្រភព: Reuters៕


ចែករំលែក