តោះទស្សនាក្រុងប៉ោយប៉ែតកាលពី៣០ឆ្នាំមុន និងបច្ចុប្បន្ន

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖  បើអ្នកលុកលុយចូលក្រុងប៉ោយប៉ែតកាលពី៣០ឆ្នាំមុន អ្នកត្រូវប្រឈមមុខនឹងគ្រាប់មីន និងរមាស់ពេញខ្លួនដោយសាររោលនឹងដើមត្រែង ហើយផ្ទៃដីពោរពេញដោយវាលភក់ តែបើចង់ទៅកាន់ក្រុងប៉ោយប៉ែតបច្ចុប្បន្ន មនុស្សម្នាត្រូវប្រុងប្រយ័ត្ននឹងការ “រោយ ក” បើសិនជាពួកគេរវល់តែជក់មើលអាគារខ្ពស់ៗ ដែលបានបញ្ចប់ និងកំពុងសាងសង់នៅទីក្រុងនេះ។

ទិដ្ឋភាពកាលពីឆ្នាំ១៩៨៩ និងបច្ចុប្បន្នខុសគ្នាដូចមេឃនិងដី ទាំងស្ថានភាពទូទៅ ចំនួនប្រជាពលរដ្ឋរស់នៅ និងរូបភាពជាច្រើន ហើយការផ្លាស់ប្តូរដ៏សម្បើមនេះ បានកើតចេញពីកត្តាសុខសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា។

ក្លោងទ្វារច្រកព្រំដែនតភ្ជាប់រវាងកម្ពុជា និងប្រទេសថៃបានផ្លាស់ប្តូរពីទម្រង់ដើមទាំងស្រុង ប៉ុន្តែស្ពានដែលសម្តេចបានដើរឆ្លងកាត់កាលពី៣០ឆ្នាំមុន មិនប្រែប្រួលច្រើននោះទេ ហើយស្ពាននេះនៅបន្តដល់បច្ចុប្បន្ន ប៉ុន្តែវាបានក្លាយជាស្ពានដែលជាផ្លូវរបស់រថភ្លើងឆ្លងកាត់ជំនួសវិញ។

កាលពីឆ្នាំ១៩៨៩ ក្រុងប៉ោយប៉ែត ជាធ្លាប់ជាទឹកដីស្រុកអូរជ្រៅមានមនុស្សរស់នៅប៉ុន្មានពាន់នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបើរាប់ទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេសចូលទៅរស់នៅ ធ្វើការ និងវិនិយោគមានសរុបប្រមាណ២០ម៉ឺននាក់។

ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោកសាន ស៊ាងហូរបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នក្រុងប៉ោយប៉ែត មានការរីកចម្រើនលឿន ដោយកំនើននៃការវិនិយោគពីបរទេស ពិសេសពីអ្នកវិនិយោគមកពីប្រទេសចិន ជប៉ុន ថៃ ម៉ាឡេស៊ីជាដើម។ បច្ចុប្បន្នក្រុងប៉ោយប៉ែតមានអាគារពាណិជ្ជកម្ម និងលំនៅដ្ឋានកំពស់ចាប់ពី៥ជាន់ដល់ជាង៣០ជាន់ចំនួនប្រមាណ៦០គំរោងរួចហើយ។

កាលពីសប្តាហ៍មុន គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម កាស៊ីណូដែលវិនិយោគដោយក្រុមហ៊ុនប៊ុនម៉ាហេង បានបើកដំណើរការគម្រោងដ៏ធំរបស់ខ្លួន ដែលចំណាយទុនរហូតដល់៦៨លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ផ្សារទំនើបដ៏ធំរបស់ថៃ Big Cក៏បាននិងកំពុងសាងសង់ និងត្រៀមបើកដំណើរការនៅទីក្រុងប៉ោយប៉ែតជាលើកដំបូងផងដែរ។

អញ្ជើញជាអធិតបីក្នុងពិធីសម្ភោធចាក់បេតុង ច្រកទ្វារអន្តរជាតិស្ទឹងបត់ ណងអៀនជាមួយប្រមុខរដ្ឋាភិបាលថៃ លោកប្រាយុទ្ឋ ចាន់អូរចាកាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានកោតសរសើរ ពីការរីកចម្រើនក្រុងប៉ោយប៉ែតលឿនស្ទើរមិននឹកស្មានដល់ ខណៈឆ្នាំ១៩៨៩ ពេ​ល​សម្តេចទៅទស្សនកិច្ចនៅទីនោះ គឺទីក្រុងប៉ោយប៉ែតបច្ចុប្បន្នមានតែព្រៃត្រែងប៉ុណ្ណោះ។

ជាមួយគ្នានេះ សម្តេចក៏បានចំអកដល់អ្នកមានជម្លោះដីធ្លីមួយចំនួន ដែលបានផ្ញើររបាយការណ៍ជូនសម្តេចថា ពួកគេបានកាន់កាប់ដីនៅទីក្រុងប៉ោយប៉ែតបច្ចុប្បន្ននេះ តាំងពីឆ្នាំ១៩៨៩ថា “ផេះ” ព្រោះពេលសម្តេចទៅទស្សនកិច្ចទីនោះនៅឆ្នាំ១៩៨៩ គឺស្ងាត់ឈឹង មិនមានមនុស្សរស់នៅ និងដីគឺសុទ្ឋតែជាព្រៃត្រែងប៉ុណ្ណោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here