ដោយៈ ចំណាន
កណ្តាលៈ ផ្សារទំនើបលំដាប់អន្តរជាតិមួយ គ្រោងនឹងសាងសង់នៅក្នុងក្រុងតាខ្មៅនាពេលខាងមុខនេះ ដែលគំរោងនេះស្ថិតនៅក្នុងទីក្រុង Victoria Parkland ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ស្របពេលប្រជាពលរដ្ឋក្រុងតាខ្មៅ កើនឡើងជាប្រចាំ អំណាចនៃការទិញកើនឡើង ការសាងសង់ផ្សារទំនើបលំដាប់អន្តរជាតិមួយ នឹងលេចរូបរាងឡើងនាពេលខាងមុខ។
ផ្សារនេះ ស្ថិតនៅគំរោងមានទំហំផ្ទៃដី៥០ហិកតានេះ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលទស្សនទាននៃការអភិវឌ្ឍមានការច្របាច់បញ្ចូលគ្នានូវ អាគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប លំនៅដ្ឋានប្រណីត និងដីឡូត៍័ខ្នាតវីឡាជាដើម។
លោកបណ្ឌិតេង រិទ្ធីបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការសាងសង់ផ្សារទំនើបនេះ នឹងរួមបញ្ចូលនូវការកម្សាន្ត មជ្ឈមណ្ឌលទិញទំនិញ និងការបំពាក់សម្ភារៈបរិក្ខាទំនើបទាន់សម័យ សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់នេះ ក៏ដូចជា ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ដែលអាចធ្វើដំណើរកម្សាន្ត និងសិក្សាស្វែងយល់ពីការអភិវឌ្ឍនៅតំបន់នេះ។
លោកបន្តថា “គំរោងអភិវឌ្ឍ Victoria Parkland ធ្វើឡើងដោយឈរលើគុណតម្លៃ ស្របតាមបរិបទសេដ្ឋកិច្ច សង្គម និងកំណើនប្រជាសាស្រ្ត កំពុងត្រូវបានរៀបចំឡើង ជាមួយការគិតគូរពីស្តង់ដាបរិស្ថាន ទស្សនទាននៃការអភិវឌ្ឈ ប្រកបដោយចីរភាព និងគុណភាពសម្រាប់គំរោងទាំងមូល ដែលផ្តល់ផាសុខភាព និងភាពរសរវើកនៃជីវិតសម័យថ្មី”។

លោកបន្តថា “យើងកំពុងសម្លឹងទៅកាន់អនាគត ជាមួយភាពជឿជាក់ និងត្រៀមប្រែក្លាយតំបន់ភាគខាងត្បូង ក្លាយជាទីក្រុងថ្មីមួយ ដែលមានភាពស៊ីវិល័យ និងរសរវើក”។
Victoria Parkland មិនត្រឹមតែជាគំរោងអភិវឌ្ឍពុះដីឡូត៍លក់ និងសាងសង់គំរោងត្រឹមតែរូបភាពទេ ប៉ុន្តែយើងបោះទុនរាប់លានដុល្លារ ដើម្បីអភិវឌ្ឍន៍គំរោងនេះឲ្យបានជោគជ័យ តាមបែបផែន នៃការអភិវឌ្ឍទាន់សម័យ និងដើរស្របជាមួយការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។
លោកបណ្ឌិតតេង រិទ្ធីបានបន្តថា ជាមួយនឹងការអភិវឌ្ឍន៍ទីក្រុងតូចមួយ Victoria Parkland ក៏បើកទ្វារស្វាគមន៍អ្នកមានធនធាន ឬអ្នកអភិវឌ្ឍន៍នានា ដែលចង់ចូលរួមសហការ ក្នុងការអភិវឌ្ឍគំរោងនេះ អា ចអង្គុយជជែកគ្នា ពិភាក្សាគ្នា ដើម្បីពន្លឿន និងជម្រុញផែនការនេះឆ្ពោះទៅមុខ និងបង្កើតនូវគុណតម្លៃសម្រាប់ប្រទេស និងប្រជាជនយើងទាំងអស់គ្នា។
លោកបន្តថា “យើងចង់អភិវឌ្ឍន៍ប្រទេសនេះ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាជា ប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខនេះ”៕







