ដោយៈ ចំណាន
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលបានលើកឡើងថា “សម្តីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរ៉ុងរឿង”។
លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបានលើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដឹកនាំគណៈប្រតិភូយុវជនកម្ពុជាចំនួន២១រូប ដែលត្រូវបានចាត់តាំងឱ្យចូលរួមក្នុងកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP)លើកទី៥០ ចូលជួបសម្តែងការគួរសមសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំលើកទឹកចិត្ត ដើម្បីបានជាការត្រៀមលក្ខណៈ មុនពេលចូលរួមកម្មវិធីជាផ្លូវការ នាដើមឆ្នាំ២០២៧ខាងមុខ។
SSEAYP គឺជាកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ យុវជនអន្តរជាតិដ៏ធំបំផុតមួយក្នុងតំបន់អាស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៤ ដែលមានយុវជនចូលរួម មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងជប៉ុន។ សម្រាប់កម្មវិធីSSEAYP លើកទី៥០នេះ នឹងប្រព្រឹត្តទៅរយៈពេល៣៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៧ ដោយនាវានឹងចេញដំណើរពីប្រទេសជប៉ុន ហើយចូលចតក្នុងប្រទេសចំនួន៣ រួមមាន ប្រទេសកម្ពុជា ម៉ាឡេស៊ី និងហ្វីលីពីន។
ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពរបស់ប្រតិភូយុវជនកម្ពុជា ដែលបានឆ្លងកាត់ការប្រកួតប្រជែង រហូតទទួលបានសិទ្ធិទៅចូលរួមក្នុងកម្មវិធីខាងលើ។ លោកក៏បានយកឱកាសនេះ ផ្តល់នូវទស្សនទានមួយចំនួន ជុំវិញការចូលរួមកម្មវិធីកម្រិតអន្តរជាតិបែបនេះ ដោយបានក្រើនរំលឹកដល់ប្រតិភូយុវជនទាំងអស់ ឱ្យទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការធ្វើដំណើរលើនាវារយៈពេល៣៣ថ្ងៃ ពិសេសគឺការផ្លាស់ប្តូរបទពិសោធ ការបង្កើតនូវបណ្តាញទំនាក់ទំនង ក៏ដូចជាការចងសម្ព័ន្ធមិត្តភាព ជាមួយបណ្តាប្រតិភូយុវជន មកពីប្រទេសផ្សេងៗក្នុងតំពន់អាស៊ាន និងជប៉ុន។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់ប្រតិភូយុវជនកម្ពុជាទាំងអស់ ឱ្យបំពេញបេសកកម្មជាទូតសុឆន្ទៈតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្សព្វផ្សាយនូវអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ ព្រមទាំងរំលេចពីគោលជំហរនៃការរក្សាសន្តិភាពក្នុងតំបន់ ស្ថិរភាពនយោបាយ សក្តានុពលសេដ្ឋកិច្ច និងបរិយាកាសវិនិយោគដ៏ប្រពៃរបស់កម្ពុជា ទៅកាន់មជ្ឈដ្ឋានអន្តរជាតិ។

ភ្ជាប់ទៅនឹងការជំរុញលើកទឹកចិត្តខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវសុភាសិតមួយឃ្លាដែលពោលថា “សម្ដីឥតប្រយោជន៍ នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាព នាំជាតិរ៉ុងរឿង” ដើម្បីជាការដាស់ស្មារតីគណៈប្រតិភូយុវជន ឱ្យខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយប្រយ័ត្នប្រយែង ប្រកាន់ខ្ជាប់នូវភាពឆ្លាតវៃក្នុងការទំនាក់ទំនង ព្រមទាំងបោះជំហានទៅមុខ ដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកបានបញ្ជាក់ថា “រាល់សកម្មភាព និងការចូលរួមយ៉ាងសកម្មប្រកបដោយលទ្ធផលជាក់ស្តែង របស់យុវជនក្នុងកម្មវិធីអន្តរជាតិនេះ មិនត្រឹមតែជាបទពិសោធន៍ ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគឺជាសមិទ្ធផលរួមដែលចូលរួមលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិយ៉ាងពិតប្រាកដ”។
ឆ្លៀតក្នុងឱកាសនេះ តំណាងក្រសួងអប់រំ យុវជន និងកីឡា បានគោរពជម្រាប លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជាអង្គពិធីទាំងមូល អំពីរបៀបវារៈសំខាន់ៗ ដែលកម្ពុជាត្រៀមនឹងរៀបចំទទួលដំណើរមកដល់របស់នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ដោយនាវានឹងចូលមកសំចតរយៈពេល២យប់៣ថ្ងៃ និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យចូលជួបសម្តែងការគួរសមផងដែរ៕







