ចំណេះដឹង​! ហេតុអ្វី​ត្រូវ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​?

0

ដោយ​ វុត្ថា​

ភ្នំពេញ៖​ ផលប្រយោជន៍​នៃ​ការ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​ (បើ​ទោះបីជា​ច្បាប់​មិន​តម្រូវ​ក៏ដោយ​) គឺ​ទាក់ទង​នឹង​ភស្តុតាង​ នៅក្នុង​ករណី​មាន​វិវាទ​។ បើ​ធ្វើ​ត្រឹមតែ​ផ្ទាល់មាត់​ កិច្ចសន្យា​ទិញ​លក់​នេះ​មាន​សុពលភាព​ពេញលេញ​ពិតមែន​ ក៏ប៉ុន្តែ​នៅពេល​មាន​វិវាទ​ ការ​បង្ហាញ​ភស្តុតាង​ អំពីអ្វី​ ដែល​និយាយ​គ្នា​តែមាត់​ទទេ​ គ្មាន​លិខិត​ជា​លាយលក្ខណ៍​អក្សរ​ វា​អាច​នឹង​មាន​បញ្ហា​ស្មុគស្មាញ​។

ម្យ៉ាងទៀត​ ការព្រមព្រៀង​គ្នា​ត្រឹមតែ​ផ្ទាល់មាត់​ វា​អាច​នាំឲ្យមាន​ភាព​ស្រពិចស្រពិល​ ការយល់​ច្រឡំ​ទៅលើ​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​ ឬក៏​ការ​ភ្លេចភ្លាំង​ជាដើម​។ បើ​សរសេរជា​លាយលក្ខណ៍​អក្សរ​ វា​អាច​ធ្វើឲ្យ​គូភាគី​យល់​ច្បាស់លាស់​ជាង​ អំពី​ខ្លឹមសារ​នៃ​កិច្ចសន្យា​។

ដូច្នេះ​កិច្ចសន្យា​ទិញ​លក់​ បើ​ទោះបីជា​ច្បាប់​មិន​តម្រូវ​ក៏ដោយ​ ក៏​គូភាគី​គួរតែ​ពិចារណា​រៀបចំ​ធ្វើជា​លាយលក្ខណ៍​អក្សរ​ដែរ​ ជាពិសេស​ចំពោះ​កិច្ចសន្យា​ ដែល​មាន​ទំហំ​ទឹកប្រាក់​ច្រើន​ ឬក៏​មាន​លក្ខណៈ​ស្មុគស្មាញអាច​នាំឲ្យមាន​ការយល់​ច្រឡំ​ ឬយល់​មិន​ច្បាស់​អំពី​ខ្លឹមសារ​នៃ​កិច្ចសន្យា​។

បើសិនជា​ការ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ​នេះ​ ចាំបាច់​ត្រូវ​រក​មេធាវី​ឲ្យ​សរសេរ​ឲ្យ​ សោហ៊ុយ​ធ្វើ​លិខិត​ ឬសោ​ហ៊ុយ​ផ្សេង​ៗទៀត​ ដែល​ចំណាយ​ក្នុង​ការ​ធ្វើ​កិច្ចសន្យាលក់​ទិញ​ ភាគី​ទាំងសងខាង​ត្រូវ​ចេញ​ស្មើគ្នា​ (ពាក់កណ្តាល​ម្នាក់​)។

ក៏ប៉ុន្តែ​បើសិនជា​គូភាគី​ព្រមព្រៀង​គ្នា​ ចង់​កំណត់​ផ្សេង​ក្រៅពី​នេះ​ ក៏​ច្បាប់​មិន​ហាមឃាត់​ដែរ​ (មាត្រា​ ៥២២​)។ ត្រង់​ចំណុច​នេះ​ យើង​សង្កេតឃើញ​ថា​ ក្រមរ​ដ្ឋ​ប្ប​វេណី​ខ្មែរ​ចែង​ខុសពី​ច្បាប់​បារាំង​ ព្រោះ​ក្រមរ​ដ្ឋ​ប្ប​វេណី​បារាំង​ចែង​កំណត់​ឲ្យ​អ្នកទិញ​ ជា​អ្នកទទួល​បន្ទុក​ លើ​សោហ៊ុយ​ក្នុង​ការ​ធ្វើ​លិខិត​ និង​សោហ៊ុយ​ពាក់ព័ន្ធ​ផ្សេងទៀត​ ក្នុង​ការ​ធ្វើ​កិច្ចសន្យា​ទិញ​លក់​ គឺជា​បន្ទុក​របស់​អ្នកទិញ​ (មាត្រា១៥៩៣​ ក្រមរ​ដ្ឋ​ប្ប​វេណី​បារាំង​)។ ដូចជា​ នៅក្នុង​កិច្ចសន្យា​ទិញ​លក់​ផ្ទះ​ អ្នកទិញ​ គឺជា​អ្នក​ត្រូវ​ទទួលបន្ទុក​បង់ថ្លៃ​ធ្វើ​លិខិតស្នាម​ផ្ទេរ​កម្មសិទ្ធិ​ ដែល​ត្រូវ​ធ្វើ​ដោយសា​ការី​ (Notaire​)។

នៅក្នុង​ការអនុវត្ត​ជាក់ស្តែង​ យើង​ឃើញ​នៅក្នុង​ការទិញ​លក់​ ពេលខ្លះ​មានការ​តម្រូវឲ្យ​អ្នកទិញ​កក់លុយ​ទុកជាមុន​។ តើ​ការ​បង់លុយ​កក់​នេះ​ មាន​ចែង​កំណត់​នៅក្នុង​ច្បាប់​ដែរ​ឬទេ​។

នៅក្នុង​កិច្ចសន្យា​ទិញ​លក់​ ការ​បង់ប្រាក់​កក់​មិនមែន​ជា​កាតព្វកិច្ច​ ដែល​ត្រូវតែ​ធ្វើ​ទេ​ ក៏ប៉ុន្តែ​ ច្បាប់​ក៏​មិនបាន​ហាមឃាត់​ដែរ​ មានន័យថា​ វា​អាស្រ័យ​ទៅតាម​ការកំណត់​របស់​អ្នកទិញ​ និង​អ្នកលក់​។ ក្រមរ​ដ្ឋ​ប្ប​វេណី​មាន​ចែង​អំពី​រឿង​ប្រាក់កក់​នេះ​ គឺ​ចែង​ត្រង់​មាត្រា​ ៥១៨​ ដែល​ថា​ បើ​អ្នកទិញ​បាន​បង់ប្រាក់​កក់​ទៅ​ឲ្យ​អ្នកលក់​ អ្នកទិញ​អាច​រំលាយ​កិច្ចសន្យា​ទិញ​លក់​វិញ​ ដោយ​បោះបង់​ប្រាក់កក់​នេះ​ចោល​។ ចំពោះ​អ្នកលក់​វិញ​ ក៏អាច​រំលាយ​កិច្ចសន្យា​នេះ​បាន​ដែរ​ ដោយ​ត្រូវ​សង​ប្រាក់​ស្មើនឹង២ដង​ នៃ​ប្រាក់កក់​នេះ​មកវិញ​ (មានន័យថា​ ត្រូវ​ប្រគល់​ប្រាក់កក់​មក​ឲ្យ​អ្នកទិញ​វិញ​ ហើយ​ត្រូវ​បូកបន្ថែម​ពីលើ​ នូវ​ប្រាក់សំណង​ ដែល​ស្មើនឹង​ប្រាក់កក់​នេះ​)៕

LEAVE A REPLY

Please enter your comment!
Please enter your name here