ដោយ វុត្ថា
ភ្នំពេញ៖ ផលប្រយោជន៍នៃការធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ (បើទោះបីជាច្បាប់មិនតម្រូវក៏ដោយ) គឺទាក់ទងនឹងភស្តុតាង នៅក្នុងករណីមានវិវាទ។ បើធ្វើត្រឹមតែផ្ទាល់មាត់ កិច្ចសន្យាទិញលក់នេះមានសុពលភាពពេញលេញពិតមែន ក៏ប៉ុន្តែនៅពេលមានវិវាទ ការបង្ហាញភស្តុតាង អំពីអ្វី ដែលនិយាយគ្នាតែមាត់ទទេ គ្មានលិខិតជាលាយលក្ខណ៍អក្សរ វាអាចនឹងមានបញ្ហាស្មុគស្មាញ។
ម្យ៉ាងទៀត ការព្រមព្រៀងគ្នាត្រឹមតែផ្ទាល់មាត់ វាអាចនាំឲ្យមានភាពស្រពិចស្រពិល ការយល់ច្រឡំទៅលើអ្វីដែលបានព្រមព្រៀងគ្នា ឬក៏ការភ្លេចភ្លាំងជាដើម។ បើសរសេរជាលាយលក្ខណ៍អក្សរ វាអាចធ្វើឲ្យគូភាគីយល់ច្បាស់លាស់ជាង អំពីខ្លឹមសារនៃកិច្ចសន្យា។
ដូច្នេះកិច្ចសន្យាទិញលក់ បើទោះបីជាច្បាប់មិនតម្រូវក៏ដោយ ក៏គូភាគីគួរតែពិចារណារៀបចំធ្វើជាលាយលក្ខណ៍អក្សរដែរ ជាពិសេសចំពោះកិច្ចសន្យា ដែលមានទំហំទឹកប្រាក់ច្រើន ឬក៏មានលក្ខណៈស្មុគស្មាញអាចនាំឲ្យមានការយល់ច្រឡំ ឬយល់មិនច្បាស់អំពីខ្លឹមសារនៃកិច្ចសន្យា។
បើសិនជាការធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរនេះ ចាំបាច់ត្រូវរកមេធាវីឲ្យសរសេរឲ្យ សោហ៊ុយធ្វើលិខិត ឬសោហ៊ុយផ្សេងៗទៀត ដែលចំណាយក្នុងការធ្វើកិច្ចសន្យាលក់ទិញ ភាគីទាំងសងខាងត្រូវចេញស្មើគ្នា (ពាក់កណ្តាលម្នាក់)។
ក៏ប៉ុន្តែបើសិនជាគូភាគីព្រមព្រៀងគ្នា ចង់កំណត់ផ្សេងក្រៅពីនេះ ក៏ច្បាប់មិនហាមឃាត់ដែរ (មាត្រា ៥២២)។ ត្រង់ចំណុចនេះ យើងសង្កេតឃើញថា ក្រមរដ្ឋប្បវេណីខ្មែរចែងខុសពីច្បាប់បារាំង ព្រោះក្រមរដ្ឋប្បវេណីបារាំងចែងកំណត់ឲ្យអ្នកទិញ ជាអ្នកទទួលបន្ទុក លើសោហ៊ុយក្នុងការធ្វើលិខិត និងសោហ៊ុយពាក់ព័ន្ធផ្សេងទៀត ក្នុងការធ្វើកិច្ចសន្យាទិញលក់ គឺជាបន្ទុករបស់អ្នកទិញ (មាត្រា១៥៩៣ ក្រមរដ្ឋប្បវេណីបារាំង)។ ដូចជា នៅក្នុងកិច្ចសន្យាទិញលក់ផ្ទះ អ្នកទិញ គឺជាអ្នកត្រូវទទួលបន្ទុកបង់ថ្លៃធ្វើលិខិតស្នាមផ្ទេរកម្មសិទ្ធិ ដែលត្រូវធ្វើដោយសាការី (Notaire)។
នៅក្នុងការអនុវត្តជាក់ស្តែង យើងឃើញនៅក្នុងការទិញលក់ ពេលខ្លះមានការតម្រូវឲ្យអ្នកទិញកក់លុយទុកជាមុន។ តើការបង់លុយកក់នេះ មានចែងកំណត់នៅក្នុងច្បាប់ដែរឬទេ។
នៅក្នុងកិច្ចសន្យាទិញលក់ ការបង់ប្រាក់កក់មិនមែនជាកាតព្វកិច្ច ដែលត្រូវតែធ្វើទេ ក៏ប៉ុន្តែ ច្បាប់ក៏មិនបានហាមឃាត់ដែរ មានន័យថា វាអាស្រ័យទៅតាមការកំណត់របស់អ្នកទិញ និងអ្នកលក់។ ក្រមរដ្ឋប្បវេណីមានចែងអំពីរឿងប្រាក់កក់នេះ គឺចែងត្រង់មាត្រា ៥១៨ ដែលថា បើអ្នកទិញបានបង់ប្រាក់កក់ទៅឲ្យអ្នកលក់ អ្នកទិញអាចរំលាយកិច្ចសន្យាទិញលក់វិញ ដោយបោះបង់ប្រាក់កក់នេះចោល។ ចំពោះអ្នកលក់វិញ ក៏អាចរំលាយកិច្ចសន្យានេះបានដែរ ដោយត្រូវសងប្រាក់ស្មើនឹង២ដង នៃប្រាក់កក់នេះមកវិញ (មានន័យថា ត្រូវប្រគល់ប្រាក់កក់មកឲ្យអ្នកទិញវិញ ហើយត្រូវបូកបន្ថែមពីលើ នូវប្រាក់សំណង ដែលស្មើនឹងប្រាក់កក់នេះ)៕