ដោយៈ រ៉ាណេត
ភ្នំពេញៈ កំណាត់ផ្លូវលេខ១១៤ ដែលមនុស្សភាគច្រើនតែងនិយមហៅថា ផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ ដែលធ្លាប់តែជាតំបន់ដីចម្ការ និងលិចទឹកជារៀងរាល់ឆ្នាំនោះ ពេលនេះបានប្រែរូបរាងមកជាតំបន់លំនៅដ្ឋានកម្រិតមធ្យម និងឃ្លាំង ក្រោមការវិនិយោគពីណាក់បណ្តាអ្នកអភិវឌ្ឍចម្រុះ ដែលជំរុញឱ្យដីនៅតំបន់មួយនេះកាន់តែមានសក្ដានុពល។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៣ ខែឧសភា នេះថា បច្ចុប្បន្នមិនថាចំពោះតំបន់មួយណានោះទេ ឱ្យតែនៅជាប់ជាយក្រុងគឺសុទ្ធ តែមានសក្ដានុពល និងមានតម្រូវការខ្ពស់ក្នុងការប្រើប្រាស់ដីទាំងអស់។ លោកបានបន្តទៀតថា ដីដែលស្ថិតនៅជាប់កំណាត់ផ្លូវលេខ១១៤ ឬផ្លូវរោងចក្រស្រាបៀរថៃហ្គ័រ ដែលបំបែកចេញពីផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ព្រែកឯងរហូតដល់រង្វង់មូល គល់ស្ពានគល់ស្ពានទន្លេបាសាក់ គឺកំពុងមានសក្ដានុពល និងភាពទាក់ទាញខ្លាំង ប៉ុន្តែក៏មានការបែងចែកជាតំបន់ដែរ។
-->
លោកបន្តថា “ចាប់ពីចំណុចផ្លូវបំបែកចេញពីផ្លូវជាតិលេខ១ រហូតដល់ចំណុចរោងចក្រផលិតស្រាបៀរថៃហ្គ័រ ភាគច្រើនត្រូវបានក្លាយជាតំបន់លំនៅដ្ឋានកម្រិតខ្ពស់ ឬផ្ទះលំហែរកាយរបស់អភិជនរួចទៅហើយ”។
ដោយឡែកចាប់ពីចំណុចរោងចក្រផលិតស្រាបៀរថៃហ្គ័រ រហូតដល់ចំណុចរង្វង់មូលស្ពានទន្លេបាសាក់ គឺនៅមានដីទំនេរច្រើន ប៉ុន្តែមិនមានទំហំធំៗដែលអាចធ្វើជាបុរីនោះទេ ហើយក៏មានតម្លៃថ្លៃផងដែរ។ ដីដែលនៅជាប់នឹងផ្លូវធំនេះ មានសក្ដានុពល និងអាចអភិវឌ្ឍជាបណ្តុំលំនៅដ្ឋាន ជាក់ស្ដែងដូចជានៅក្បែររង្វង់មូលគល់ស្ពាន បច្ចុប្បន្នបានអភិវឌ្ឍជាបណ្តុំលំនៅដ្ឋាន ភោជនីយដ្ឋាន និងឃ្លាំងកម្រិតតូចនិងមធ្យម រួចទៅហើយ ក្រៅពីនេះ ក៏មានដីដែលកំពុងពុះលក់រាយជាប្រភេទដីឡូតិ៍”។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកអភិវឌ្ឍវិស័យលំនៅដ្ឋានផងដែរនោះ ក៏បានមានប្រសាសន៍ប្រាប់នៅព្រឹកថ្ងៃតែមួយនេះឱ្យដឹងថា ភាគច្រើនតំបន់នេះ ជាពិសេសដីដែលនៅជាប់ផ្លូវធំគឺស័ក្ដិសមទៅនឹងបណ្តុំផ្ទះល្វែងជាងការធ្វើឃ្លាំង ដោយសារតែភាគច្រើនជាប្រភេទដីដែលមានទំហំតូច និងមានតម្លៃថ្លៃរួចទៅហើយ។ លោកឧកញ៉ាបន្តថា នៅតំបន់នេះមានគម្រោងអភិវឌ្ឍផ្លូវមួយខ្សែឆ្ពោះទៅទីលានវាយកូន ហ្គោលដ៏ធំមួយ ហើយក្រៅពីនេះក៏មានការអភិវឌ្ឍជាលំនៅដ្ឋាន របស់អ្នកវិនិយោគទៅតាមលទ្ធភាពរបស់ពួកគេ ដែលនៅមិនទាន់គម្រោងសំណង់ជាប្រភេទបុរីធំៗនៅឡើយនោះទេ។
លោកឧកញ៉ាបន្តទៀតថា “តំបន់នេះបច្ចុប្បន្នហាក់មានភាពលំបាក ក្នុងការអភិវឌ្ឍជាសំណង់បុរី ដោយសារតែតម្លៃដីបានឡើងខ្ពស់រួចទៅហើយ ដែលយ៉ាងហោចណាស់ដីដែលនៅជាប់ផ្លូវ១១៤នេះ មានតម្លៃក្នុងរង្វង់៣៥០-៤៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលវាក៏អាស្រ័យទៅតាមទ្រង់ទ្រាយ និងទំហំដី”។ លោកបន្តថា ដោយឡែកចំពោះដីដែលស្ថិតនៅឆ្ងាយពីផ្លូវធំមួយខ្សែនេះ ដែលស្ថិតនៅតំបន់បោះអង្គាញ់ មានតម្លៃចាប់ពី ១៥០ -២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយនៅថ្ងៃខាងមុខ តម្លៃនឹងបន្តឡើងថ្លៃជាងនេះ។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា “មិនថាចំពោះដីដែលស្ថិតជាប់ផ្លូវ ឬឆ្ងាយពីផ្លូវធំនោះទេដែលមានតម្លៃថ្លៃ សូម្បីតែដីលិចទឹកដែលស្ថិតនៅជុំវិញតំបន់នេះ ក៏មានតម្លៃថ្លៃគួរសមដែរ ពោលគឺក្នុងមួយម៉ែត្រការ៉េអាចតម្លៃប្រមាណ២០ដុល្លាររួចទៅហើយ ប៉ុន្តែបើគិតពីការវិនិយោគ ដើម្បីទទួលបានចំណេញពីវិស័យដីធ្លីនៅតំបន់នេះ គិតចាប់ពីបច្ចុប្បន្នទៅរយៈពេល ៥ឆ្នាំខាងមុខអាចនៅមានឱកាសនៅឡើយ”៕
[…] ប្រភព៖ Property Area […]