រដ្ឋសភា​កម្ពុជា​ជំរុញ​ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​

0
អគាររដ្ឋសភាកម្ពុជាមើលពីលើ។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋសភា​កម្ពុជា​បាន​ជម្រុ​ញឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី​ កម្ពុជា​ វៀតណាម​ និង​ឡាវ​ ក្នុង​ការអភិវឌ្ឍន៍​តំបន់​ត្រីកោណ​ឲ្យ​កាន់តែ​ មានការ​រីកចម្រើន​ឡើង​ថែមទៀត​។

លោក​ ឈាង​ វុន​ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​ សហប្រតិបត្តិ​ការអន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​ នៅ​ព្រឹក​ថ្ងៃទី​២៣​ ខែឧសភា​ ឆ្នាំ២០១៩​ បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​តំណាង​​ក្រសួង​ពាក់​ព័ន្ធ​ផ្សេង​ៗ ព្រមទាំង​តំណាង​ខេត្តមណ្ឌលគិរី​ រតនគិរី​ ស្ទឹងត្រែង​ និង​ខេត្តក្រចេះ​ ដើម្បី​សិក្សា​ឈ្វេង​យល់​ ពី​ដំណើរការ​អភិវឌ្ឍន៍​របស់​តំបន់ត្រីកោណ​កម្ពុជា​ ឡាវ​ វៀតណាម​នា​ រយៈពេល​កន្លងមក​។

លោក​បន្ត​ថា​ “ការ​អញ្ជើញ​ក្រសួង​ ក៏ដូចជា​ខេត្ត​ដែល​ជាប់ពាក់ព័ន្ធ​នឹង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ប្រទេស​ទាំង​បី​ កម្ពុជា​ ឡាវ​ និង​វៀតណាម​ មក​ជួប​ប្រជុំ​នា​ពេលនេះ​ គឺ​ចង់​ដឹង​អំពី​ដំណើរការ​វិវត្ត​របស់​តំបន់ត្រីកោណ​ ដើម្បីឲ្យ​សមាជិក​ សមាជិកា​ រដ្ឋសភា​ ព្រឹទ្ធសភា​កម្ពុជា​ មាន​ទិន្នន័យ​ជា​មូលដ្ឋាន​សម្រាប់​ការ​ជួបពិភាក្សា​ ជាមួយ​សមាជិក​សមាជិកា​សភា​នៃ​ប្រទេស​ឡាវ​ និង​វៀតណាម​ នា​ពេល​ខាងមុខ​ ពិសេស​ក៏​ដើម្បី​ជួយ​ជំរុញ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី​ ក្នុង​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ​អោយ​កាន់តែ​ មានការ​រីកចម្រើន​ឡើង​ថែមទៀត​”។

លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ថា​ នៅក្នុង​ផែនការ​សកម្មភាព​នៃ​រដ្ឋាភិបាល​ប្រទេស​ កម្ពុជា​ ឡាវ​ និង​វៀតណាម​ ដែល​បាន​បង្កើត​ឡើង​នូវ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​នៃ​ប្រទេស​ទាំង​បី​ គឺ​មាន​គោលគំនិត​នៃ​ការ​តភ្ជាប់​សេដ្ឋកិច្ច​ សំដៅ​បង្កើន​ការសម្រប​សម្រួល​ ឲ្យ​មាន​ភាព​រលូន​ ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​កម្ពុជា​ ឡាវ​ និង​វៀតណាម​ នៅក្នុង​វិស័យ​ចំ​បងៗ​ ដូចជា​ ស្ថាប័ន​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​តភ្ជាប់​ប្រជាជន​និង​ប្រជាជន​ជាដើម​។

លោក​បន្ត​ថា​ ទន្ទឹម​នឹង​នោះ​ ការ​តភ្ជាប់​សេដ្ឋកិច្ច​ កម្ពុជា​ ឡាវ​ និង​វៀតណាម​ ក៏​ត្រូវ​ផ្អែកលើ​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញទៅមក​ លើ​ឯករាជ្យ​ភាព​ អធិបតេយ្យ​ភាព​ និង​បូរណភាពទឹកដី​ ព្រមទាំង​គាំទ្រ​គ្នា​ និង​ផ្ដល់​កិច្ច​សម្របសម្រួល​ដល់​ការអភិវឌ្ឍន៍​ទៅវិញទៅមក​។

លោក​បន្ថែម​ថា​ ម៉្យាងទៀត​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ​ នៃ​ប្រទេស​ទាំង​បី​កម្ពុជា​ ឡាវ​ វៀតណាម​ ក៏​មាន​គោលបំណង​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​មាន​ភាព​អំណោយផល​ ភាព​ច្បាស់លាស់​ផ្នែក​ស្ថាប័ន​ វប្បធម៌​ ទេសចរណ៍​ និង​ការ​យោគយល់​គ្នា​រវាង​ប្រជាជន​ក្នុង​ប្រទេស​ទាំង​បី​ សំដៅ​ពង្រឹង​ និង​ធ្វើ​ទំនើបកម្ម​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ កសិកម្ម​ ថាមពល​ និង​ការ​ទំនាក់ទំនង​សម្រួល​ចរាចរណ៍​ទំនិញ​ និង​មនុស្ស​ឆ្លងកាត់​ព្រំដែន​ អោយ​កាន់តែ​ងាយស្រួល​ ស្របតាម​ច្បាប់​ និង​បទប្បញ្ញត្តិ​របស់​ប្រទេស​នី​មួយ​ៗ ក៏ដូចជា​លើកកម្ពស់​ការដោះដូរ​ទំនិញ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​បី​។

តំបន់ត្រីកោណ​អភិវឌ្ឍន៍​នៃ​ប្រទេស​ទាំង​បី​ ត្រូវ​បាន​បង្កើត​ឡើង​ តាម​គំនិត​ផ្តួចផ្តើម​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​-ឡាវ​-វៀតណាម​កាលពី​ឆ្នាំ១៩៩៩​ នៅក្នុង​កិច្ចប្រជុំ​កំពូល​នាទី​ក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​ ក្នុង​គោលបំណង​អភិវឌ្ឍន៍​ផែនការមេ​ស្តី​ពី​ស្ថានភាព​សេដ្ឋកិច្ច​ សង្គម​ ធនធាន​ សក្តា​នុ​ពល​ ព្រមទាំង​រចនាសម្ព័ន្ធ​ និង​យន្តការ​សម្រាប់​សម្របសម្រួល​ការអភិវឌ្ឍន៍​រួម​ និង​ដោយឡែក​របស់​ប្រទេស​ទាំង​បី​ ដែល​ក្នុង​នោះ​ខាង​កម្ពុជា​មាន​៖ ខេត្តក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ចំណែក​ឯប្រទេស​ឡាវ​ មាន​ខេត្ត​ចំប៉ា​សាក់​ អា​តា​ពើ​ សេកុង​ សា​រា​វ៉ាន់​ និង​ប្រទេស​វៀតណាម​វិញ​ មាន​ខេត្ត​កូន​ទុំ​ ចា​ឡៃ​ ប៊ិញ​ផឹក​ ដា​កឡាក់​ និង​ដា​កណង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here