អគាររដ្ឋសភាកម្ពុជាមើលពីលើ។ រូបថត៖ ម៉ៃ វីរៈ
ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋសភាកម្ពុជាបានជម្រុញឲ្យរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា វៀតណាម និងឡាវ ក្នុងការអភិវឌ្ឍន៍តំបន់ត្រីកោណឲ្យកាន់តែ មានការរីកចម្រើនឡើងថែមទៀត។
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ បានជួបប្រជុំពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រសួងពាក់ព័ន្ធផ្សេងៗ ព្រមទាំងតំណាងខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ដើម្បីសិក្សាឈ្វេងយល់ ពីដំណើរការអភិវឌ្ឍន៍របស់តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាមនា រយៈពេលកន្លងមក។
-->
លោកបន្តថា “ការអញ្ជើញក្រសួង ក៏ដូចជាខេត្តដែលជាប់ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម មកជួបប្រជុំនាពេលនេះ គឺចង់ដឹងអំពីដំណើរការវិវត្តរបស់តំបន់ត្រីកោណ ដើម្បីឲ្យសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភាកម្ពុជា មានទិន្នន័យជាមូលដ្ឋានសម្រាប់ការជួបពិភាក្សា ជាមួយសមាជិកសមាជិកាសភានៃប្រទេសឡាវ និងវៀតណាម នាពេលខាងមុខ ពិសេសក៏ដើម្បីជួយជំរុញរដ្ឋាភិបាលនៃប្រទេសទាំងបី ក្នុងការអភិវឌ្ឍន៍តំបន់ត្រីកោណអោយកាន់តែ មានការរីកចម្រើនឡើងថែមទៀត”។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា នៅក្នុងផែនការសកម្មភាពនៃរដ្ឋាភិបាលប្រទេស កម្ពុជា ឡាវ និងវៀតណាម ដែលបានបង្កើតឡើងនូវតំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសទាំងបី គឺមានគោលគំនិតនៃការតភ្ជាប់សេដ្ឋកិច្ច សំដៅបង្កើនការសម្របសម្រួល ឲ្យមានភាពរលូន ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា ឡាវ និងវៀតណាម នៅក្នុងវិស័យចំបងៗ ដូចជា ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ប្រជាជននិងប្រជាជនជាដើម។
លោកបន្តថា ទន្ទឹមនឹងនោះ ការតភ្ជាប់សេដ្ឋកិច្ច កម្ពុជា ឡាវ និងវៀតណាម ក៏ត្រូវផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក លើឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងគាំទ្រគ្នា និងផ្ដល់កិច្ចសម្របសម្រួលដល់ការអភិវឌ្ឍន៍ទៅវិញទៅមក។
លោកបន្ថែមថា ម៉្យាងទៀតការអភិវឌ្ឍន៍តំបន់ត្រីកោណ នៃប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម ក៏មានគោលបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធ ដែលមានភាពអំណោយផល ភាពច្បាស់លាស់ផ្នែកស្ថាប័ន វប្បធម៌ ទេសចរណ៍ និងការយោគយល់គ្នារវាងប្រជាជនក្នុងប្រទេសទាំងបី សំដៅពង្រឹង និងធ្វើទំនើបកម្មការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម ថាមពល និងការទំនាក់ទំនងសម្រួលចរាចរណ៍ទំនិញ និងមនុស្សឆ្លងកាត់ព្រំដែន អោយកាន់តែងាយស្រួល ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសនីមួយៗ ក៏ដូចជាលើកកម្ពស់ការដោះដូរទំនិញរវាងប្រជាជននៃប្រទេសទាំងបី។
តំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសទាំងបី ត្រូវបានបង្កើតឡើង តាមគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា-ឡាវ-វៀតណាមកាលពីឆ្នាំ១៩៩៩ នៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុងវៀងច័ន្ទប្រទេសឡាវ ក្នុងគោលបំណងអភិវឌ្ឍន៍ផែនការមេស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គម ធនធាន សក្តានុពល ព្រមទាំងរចនាសម្ព័ន្ធ និងយន្តការសម្រាប់សម្របសម្រួលការអភិវឌ្ឍន៍រួម និងដោយឡែករបស់ប្រទេសទាំងបី ដែលក្នុងនោះខាងកម្ពុជាមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ចំណែកឯប្រទេសឡាវ មានខេត្តចំប៉ាសាក់ អាតាពើ សេកុង សារាវ៉ាន់ និងប្រទេសវៀតណាមវិញ មានខេត្តកូនទុំ ចាឡៃ ប៊ិញផឹក ដាកឡាក់ និងដាកណង៕