តំបន់​ទួលទំពូង​ប្រែ​ពណ៌​ពី​តំបន់​លំនៅ​ដ្ឋាន​ស្ងៀមស្ងាត់​មក​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​

1
អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម​​នៅតំបន់ទួលទំពូង។ រូបថត៖ សហការី

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជា​តំបន់​ដែល​មាន​ផ្លូ​វតូចៗ​ ស្ងប់ស្ងាត់​កាលពី៥ឆ្នាំមុន​ ប៉ុន្តែ​ពេលនេះ​តំបន់​ទួលទំពូង​បា​នប្រែព៌​ណហើយ​ ដោយ​បច្ចុប្បន្ន​តំបន់​នេះ​បាន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ បណ្តុំ​ដោយ​ហាង​កា​ហ្វេ​ល្បី​ៗ អាហារ​រហ័ស​ទាន់ចិត្ត​ អាគារ​ខុន​ដូ​ អា​ផា​តម៉ិន​ ការិយាល័យ​រីក​ដូច​ផ្សិត​។

អ្នកជំនាញ​ផ្នែក​វិស័យ​អចលនទ្រព្យ​អះអាង​ និង​បញ្ជាក់​ប្រាប់​ថា​ តំបន់​ទួលទំពូង​មិន​ឯកា​ដូច​កាលពី​រយៈពេល៣ឆ្នាំមុន​ទៀត​នោះ​ទេ​ ផ្ទុយទៅវិញ​តំបន់​មួយ​នេះ​កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​លើ​វិស័យ​សំណង់​ ដែល​ជំរុញ​ឱ្យ​តម្លៃ​ដី​ និង​អចលនទ្រព្យ​មា​នកំនើន​ខ្ពស់​ ដែល​អាច​និយាយ​បាន​ថា​ វា​កំពុងតែ​បោះជំហាន​ដើរតាម​ពីក្រោយ​តំបន់​បឹងកេងកង១ជា​បណ្តើរ​ៗហើយ​ ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Pointer​ Property​ Co​,. Ltd​ លោក​ ងួន​ ឆាយ​លាង​ បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ កាលពី​ល្ងាច​ថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០១៩​ នេះ​ថា​ ទួលទំពូង​ពេលនេះ​កាន់តែ​មាន​សក្ដានុពល​ និង​បង្ហាញ​ពី​ភាព​ទាក់ទាញ​ខ្លាំង​ជាង​បណ្តា​តំបន់​ជិតខាង​មួយចំនួន​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌចំការមន​រួមគ្នា​។ លោក​បាន​បន្ត​ទៀត​ថា​ ទឹកដី​ដែល​ស្ថិតនៅ​ក្នុង​សង្កាត់​ទួលទំពូង១​ នៅពេល​បច្ចុប្បន្ន​មានការ​រីក​ចម្រើ​ និង​អភិវឌ្ឍ​ទៅលើ​វិស័យ​សំណង​ជាច្រើន​ ដូចជា​អគារ​ខុន​ដូ​ អា​ផា​តមិន​ អគា​រិយា​ល័យ​ ដែល​ភាគច្រើន​ តម្រូវ​ទៅតាម​ទីផ្សារ​នៃ​ជនបរទេស​ច្រើនជាង​ជនជាតិ​ខ្មែរ​ ដែល​ប្រៀបបានទៅ​នឹង​ស្ថានភាព​ម្ដុំ​បឹងកេងកង១កាលពី៣ឆ្នាំមុន​យ៉ាង​ដូច្នេះ​។

លោក​បន្ត​ទៀត​ថា​ “មិនថា​ចំពោះតែ​ជា​ប្រភេទ​អគារ​ស្នាក់​ ឬអគារ​ការិយាល័យ​នោះ​ទេ​ សូម្បីតែ​ផ្នែក​ផ្គត់ផ្គង់​ចំណីអាហារ​ ក៏​មានការ​កកើត​ឡើង​នូវ​ហាង​បែប​បស្ចឹម​ប្រទេស​ជាច្រើន​កន្លែង​ផង​ដែរ​ ខណៈ​ដែល​កំណើន​នៃ​ចំនួន​ជនជាតិ​បរទេស​ដែល​មក​ស្នាក់នៅ​ក្នុងរយៈពេល​យូរ​ ក៏ដូចជា​ភ្ញៀវ​ទេសចរ​ដែល​មក​ស្នាក់​នៅ​ក្នុ​រយៈពេល​ខ្លី​ បាន​និង​កំពុងតែ​កើនឡើង​ជាបន្តបន្ទាប់​”។

លោ​កងួន​ ឆាយ​លាង​បាន​បន្ត​ទៀត​ថា​ ហេតុផល​ទាំងអស់​នេះ​ហើយដែល​ជា​កក្តាមួ​យជំរុញ​ឱ្យ​មាន​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​ ដើម្បី​អភិវឌ្ឍ​ជា​ប្រភេទ​អគារ​ស្នាក់នៅ​បាន​កើនឡើង​ខ្ពស់​។ ជាក់ស្ដែង​ពេលនេះ​ មាន​អ្នក​វិនិយោគ​មួយចំនួន​ បាន​និង​កំពុង​ប្រែក្លាយ​ពី​ប្រភេទ​ផ្ទះ​វីឡា​ ឬដី​ទំនេរ​ដែល​មាន​ទំហំ​តូចល្មម​ ធ្វើការ​អភិវឌ្ឍ​ចេញ​ជា​សំណង់​អគារ​ខ្ពស់​ៗ ដែល​មាន​កម្ពស់​ចាប់ពី១០ជាន់ឡើង​យ៉ាង​ព្រោងព្រាត​។

​លោក​បញ្ជាក់​ថា​ ៖ ដី​ដែល​ស្ថិតនៅ​តាមផ្លូវ​ធំ​ អាច​មានតម្លៃ​ប្រមាណ៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ខណៈ​ដែល​កាលពី​ឆ្នាំ​កន្លងទៅ​ដី​នៅ​ទីតាំង​ដដែល​នេះ​ មានតម្លៃ​ត្រឹម៣​,០០០ដុល្លារ​ប៉ុណ្ណោះ​។ ដោយឡែក​ចំពោះ​ដី​ ដែល​ស្ថិតនៅ​តាម​បណ្តា​ផ្លូ​វតូចៗ​អាច​មានតម្លៃ​ក្នុង​ចន្លោះ២​,៥០០​-៣,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លើកឡើង​ស្រដៀងគ្នា​នេះ​លោក​ឧក​ញ៉ា ​តេង​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ R Investment​ Group​ បាន​ទទួលស្គាល់​ថា​ តំបន់​ទួលទំពូង​នា​ពេល​បច្ចុប្បន្ន​ពិតជា​បាន​អភិវឌ្ឍ​ខ្លួន​លើ​វិស័យ​សំណង់​យ៉ាង​ពិតប្រាកដ​មែន​។ទួលទំពូង​គឺ​មាន​ភាពល្អ​ប្រសើរ​ទៅលើ​ភូមិសាស្ត្រ​ ជាពិសេស​ជា​តំបន់​ទេសចរណ៍​ប្រចាំ​រាជធានី​ភ្នំពេញ​ ដោយសារតែ​ភាគច្រើន​ភ្ញៀវ​ទេសចរ​បរទេស​ បាន​ស្គាល់​ពី​កេរ្តិ៍ឈ្មោះ​របស់​ផ្សារ​មួយ​នេះ​ថា​ ( Russia​ Market​) តាំងតែ​ពួកគេ​មិនទាន់​មកដល់​ប្រទេស​កម្ពុជា​ម៉្លេះ​ ទើប​ធ្វើ​ឱ្យ​តំបន់​នេះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចេញចូល​ច្រើន​។

លោក​បន្ត​ទៀត​ថា​ “ផ្សារ​ទួលទំពូង​ភាគច្រើន​ពោរពេញ​ទៅ​ដោយ​ភ្ញៀវ​ទេសចរ​បរទេស​ ដោយសារតែ​ផ្សារ​មួយ​នេះ​ មាន​លក់​វត្ថុ​អនុស្សាវរីយ៍​បែប​វប្បធម៌​ខ្មែរ​ ជា​ផ្សារ​លក់​ផលិតផល​ដែល​ផលិត​ឡើង​នៅក្នុង​ស្រុក​ច្រើន​”។ លោ​កបន​ន្ត​ថា​ “នៅពេល​តំបន់​ណា​ដែល​មាន​អត្រា​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចេញចូល​ច្រើន​ គឺ​ត្រូវតែ​មានការ​តម្រូវការ​លើ​ការ​ផ្គត់​ផ្គត់​ផ្នែក​សេវា​ស្នាក់នៅ​ជាចាំបាច់​ ហើយ​ទន្ទឹម​នឹង​នេះ​ក៏​ត្រូវតែ​មាន​សេវា​ផ្សេងទៀត​ផង​ដែរ​ ដូចជា​ផ្នែក​ផ្គត់ផ្គង់​ចំណីអាហារ​ជាដើម​”។

ទិដ្ឋភាពមើលពីលើផ្សារទួលទំពូង។ រូបថត៖ សហការី

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ ទួលទំពូង​ពេលនេះ​ ប្រៀបបានទៅ​តំបន់​បឹងកេងកង១កាលពី២​-៣ឆ្នាំមុន​ ហើយ​មិនយូរ​ទៀត​នោះ​ទេ​ នឹង​បន្ត​អភិវឌ្ឍ​ខ្លួន​ដូច​បឹងកេងកង១នា​ពេល​បច្ចុប្បន្ន​នេះ​ជាមិនខាន​ ជាក់ស្ដែង​ពេលនេះ​ចំពោះ​តម្លៃ​ដីធ្លី​នៅ​ទីតាំង​មួយចំនួន​ក្នុង​តំបន់​ទួលទំពូង១​ អាច​មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី៣​,៥០០​-៥,០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​រួច​ទៅ​ហើយ​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here