អគារមជ្ឈមណ្ឌលពាណិជ្ជកម្មនៅតំបន់ទួលទំពូង។ រូបថត៖ សហការី
ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាតំបន់ដែលមានផ្លូវតូចៗ ស្ងប់ស្ងាត់កាលពី៥ឆ្នាំមុន ប៉ុន្តែពេលនេះតំបន់ទួលទំពូងបានប្រែព៌ណហើយ ដោយបច្ចុប្បន្នតំបន់នេះបានក្លាយជាតំបន់ពាណិជ្ជកម្ម បណ្តុំដោយហាងកាហ្វេល្បីៗ អាហាររហ័សទាន់ចិត្ត អាគារខុនដូ អាផាតម៉ិន ការិយាល័យរីកដូចផ្សិត។
អ្នកជំនាញផ្នែកវិស័យអចលនទ្រព្យអះអាង និងបញ្ជាក់ប្រាប់ថា តំបន់ទួលទំពូងមិនឯកាដូចកាលពីរយៈពេល៣ឆ្នាំមុនទៀតនោះទេ ផ្ទុយទៅវិញតំបន់មួយនេះកំពុងតែបង្ហាញពីសក្ដានុពលលើវិស័យសំណង់ ដែលជំរុញឱ្យតម្លៃដី និងអចលនទ្រព្យមានកំនើនខ្ពស់ ដែលអាចនិយាយបានថា វាកំពុងតែបោះជំហានដើរតាមពីក្រោយតំបន់បឹងកេងកង១ជាបណ្តើរៗហើយ ។
-->
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Pointer Property Co,. Ltd លោក ងួន ឆាយលាង បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នេះថា ទួលទំពូងពេលនេះកាន់តែមានសក្ដានុពល និងបង្ហាញពីភាពទាក់ទាញខ្លាំងជាងបណ្តាតំបន់ជិតខាងមួយចំនួន ដែលស្ថិតនៅក្នុងខណ្ឌចំការមនរួមគ្នា។ លោកបានបន្តទៀតថា ទឹកដីដែលស្ថិតនៅក្នុងសង្កាត់ទួលទំពូង១ នៅពេលបច្ចុប្បន្នមានការរីកចម្រើ និងអភិវឌ្ឍទៅលើវិស័យសំណងជាច្រើន ដូចជាអគារខុនដូ អាផាតមិន អគារិយាល័យ ដែលភាគច្រើន តម្រូវទៅតាមទីផ្សារនៃជនបរទេសច្រើនជាងជនជាតិខ្មែរ ដែលប្រៀបបានទៅនឹងស្ថានភាពម្ដុំបឹងកេងកង១កាលពី៣ឆ្នាំមុនយ៉ាងដូច្នេះ។
លោកបន្តទៀតថា “មិនថាចំពោះតែជាប្រភេទអគារស្នាក់ ឬអគារការិយាល័យនោះទេ សូម្បីតែផ្នែកផ្គត់ផ្គង់ចំណីអាហារ ក៏មានការកកើតឡើងនូវហាងបែបបស្ចឹមប្រទេសជាច្រើនកន្លែងផងដែរ ខណៈដែលកំណើននៃចំនួនជនជាតិបរទេសដែលមកស្នាក់នៅក្នុងរយៈពេលយូរ ក៏ដូចជាភ្ញៀវទេសចរដែលមកស្នាក់នៅក្នុរយៈពេលខ្លី បាននិងកំពុងតែកើនឡើងជាបន្តបន្ទាប់”។
លោកងួន ឆាយលាងបានបន្តទៀតថា ហេតុផលទាំងអស់នេះហើយដែលជាកក្តាមួយជំរុញឱ្យមានតម្រូវការនៃការប្រើប្រាស់ដី ដើម្បីអភិវឌ្ឍជាប្រភេទអគារស្នាក់នៅបានកើនឡើងខ្ពស់។ ជាក់ស្ដែងពេលនេះ មានអ្នកវិនិយោគមួយចំនួន បាននិងកំពុងប្រែក្លាយពីប្រភេទផ្ទះវីឡា ឬដីទំនេរដែលមានទំហំតូចល្មម ធ្វើការអភិវឌ្ឍចេញជាសំណង់អគារខ្ពស់ៗ ដែលមានកម្ពស់ចាប់ពី១០ជាន់ឡើងយ៉ាងព្រោងព្រាត។
លោកបញ្ជាក់ថា ៖ ដីដែលស្ថិតនៅតាមផ្លូវធំ អាចមានតម្លៃប្រមាណ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលកាលពីឆ្នាំកន្លងទៅដីនៅទីតាំងដដែលនេះ មានតម្លៃត្រឹម៣,០០០ដុល្លារប៉ុណ្ណោះ។ ដោយឡែកចំពោះដី ដែលស្ថិតនៅតាមបណ្តាផ្លូវតូចៗអាចមានតម្លៃក្នុងចន្លោះ២,៥០០-៣,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លើកឡើងស្រដៀងគ្នានេះលោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានទទួលស្គាល់ថា តំបន់ទួលទំពូងនាពេលបច្ចុប្បន្នពិតជាបានអភិវឌ្ឍខ្លួនលើវិស័យសំណង់យ៉ាងពិតប្រាកដមែន។ទួលទំពូងគឺមានភាពល្អប្រសើរទៅលើភូមិសាស្ត្រ ជាពិសេសជាតំបន់ទេសចរណ៍ប្រចាំរាជធានីភ្នំពេញ ដោយសារតែភាគច្រើនភ្ញៀវទេសចរបរទេស បានស្គាល់ពីកេរ្តិ៍ឈ្មោះរបស់ផ្សារមួយនេះថា ( Russia Market) តាំងតែពួកគេមិនទាន់មកដល់ប្រទេសកម្ពុជាម៉្លេះ ទើបធ្វើឱ្យតំបន់នេះមានភ្ញៀវទេសចរអន្តរជាតិចេញចូលច្រើន។
លោកបន្តទៀតថា “ផ្សារទួលទំពូងភាគច្រើនពោរពេញទៅដោយភ្ញៀវទេសចរបរទេស ដោយសារតែផ្សារមួយនេះ មានលក់វត្ថុអនុស្សាវរីយ៍បែបវប្បធម៌ខ្មែរ ជាផ្សារលក់ផលិតផលដែលផលិតឡើងនៅក្នុងស្រុកច្រើន”។ លោកបនន្តថា “នៅពេលតំបន់ណាដែលមានអត្រាភ្ញៀវទេសចរអន្តរជាតិចេញចូលច្រើន គឺត្រូវតែមានការតម្រូវការលើការផ្គត់ផ្គត់ផ្នែកសេវាស្នាក់នៅជាចាំបាច់ ហើយទន្ទឹមនឹងនេះក៏ត្រូវតែមានសេវាផ្សេងទៀតផងដែរ ដូចជាផ្នែកផ្គត់ផ្គង់ចំណីអាហារជាដើម”។
ទិដ្ឋភាពមើលពីលើផ្សារទួលទំពូង។ រូបថត៖ សហការី
លោកឧកញ៉ាបានបន្តទៀតថា ទួលទំពូងពេលនេះ ប្រៀបបានទៅតំបន់បឹងកេងកង១កាលពី២-៣ឆ្នាំមុន ហើយមិនយូរទៀតនោះទេ នឹងបន្តអភិវឌ្ឍខ្លួនដូចបឹងកេងកង១នាពេលបច្ចុប្បន្ននេះជាមិនខាន ជាក់ស្ដែងពេលនេះចំពោះតម្លៃដីធ្លីនៅទីតាំងមួយចំនួនក្នុងតំបន់ទួលទំពូង១ អាចមានតម្លៃក្នុងចន្លោះចាប់ពី៣,៥០០-៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េរួចទៅហើយ៕
[…] ប្រភព៖ Property Area […]