ដោយៈ ចំណាប់
ភ្នំពេញៈ លោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រីEmma McDonald ស្នងការជាន់ខ្ពស់ទទួលបន្ទុកកិច្ចការវិនិយោគ និងពាណិជ្ជកម្មប្រចាំកម្ពុជា និងវៀតណាម នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគីលើការជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ ពីប្រទេសអូស្ត្រាលីមកកម្ពុជា។
ក្នុងជំនួបនោះ លោកអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលី ព្រមទាំងបានគូសបញ្ជាក់ពីលក្ខណៈពិសេស នៃគោលនយោបាយវិនិយោគរបស់កម្ពុជា ដែលផ្តល់នូវការលើកទឹកចិត្ត ប្រកបដោយភាពទាក់ទាញ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្មអន្តរមធ្យោបាយយ៉ាងសកម្មដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនភាពប្រកួតប្រជែង។
ទន្ទឹមនឹងនេះ លោកលឹម វិសាល ក៏បានស្នើឱ្យភាគីអូស្ត្រាលីបន្តជំរុញវិនិយោគិនខ្លួន មកបណ្តាក់ទុនក្រោមរូបភាពវិនិយោគ ដោយផ្ទាល់ ឬភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនលើវិស័យសក្តានុពល មានជាអាទិ៍ កសិកម្ម និងកសិ-ឧស្សាហកម្ម, ថាមពលកកើតឡើងវិញ, ភស្តុភារកម្ម, យានយន្ត, អេឡិចត្រូនិក, និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាការឆ្លើយតប លោកស្រី Emma McDonald បានកោតសរសើរ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយថាមវន្តរបស់កម្ពុជា និងបានបង្ហាញការចាប់អារម្មណ៍ យ៉ាងខ្លាំងលើវិស័យកសិ- ឧស្សាហកម្ម ជាពិសេសការកែច្នៃស្វាយចន្ទីដែលជាវិស័យអាទិភាព។
លោកស្រីបានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជំរុញសហគ្រាសអូស្ត្រាលី មកសិក្សាសមិទ្ធិលទ្ធភាព និងបណ្តាក់ទុនវិនិយោគបន្ថែមទៀត លើវិស័យដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងសកម្មភាពវិនិយោគ ដែលផ្តោតលើការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា៕






