ប្រតិភូ​វិនិយោគចិន​ធំៗ​គ្រោង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា

0

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ ប្រតិភូ​វិ​និ​យោ​គ​ធំៗ​មក​ពីទី​ក្រុង​ប៉េកាំង​-ហុងកុង​របស់​ប្រទេស​ចិន​ បាន​សិក្សា​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​នៅ​កម្ពុជា​ ខណៈ​ដែល​វិស័យ​មួយ​នេះ​ ជា​វិស័យ​អាទិភាព​របស់​កម្ពុជា​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ តូច​ ចាន់​កុសល​ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ កាលពី​ថ្ងៃទី​ ២៣​ ខែឧសភា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ ខណៈ​ប្រតិភូ​វិនិយោគិន​ ប៉េកាំង​-ហុងកុង​ ដែល​ដឹកនាំ​ដោយ​ លោក​ Wang​ Hongneun​ អគ្គនាយករង​ នៃ​ការិយាល័យ​ពាណិជ្ជកម្ម​ប៉េកាំង​ និង​លោកស្រី​ Regina​ Lai​ ប្រធាន​ផ្សព្វផ្សាយ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ហុងកុង​ បាន​ឲ្យដឹង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ មកកាន់​ប្រទេស​កម្ពុជា​ គឺ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​ពាក់ព័ន្ធ​នឹង​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​។

លោក​ តូច​ ចាន់​កុសល​ បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​ស្ថានភាព​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ ដែល​កំពុង​ស្ថិត​ក្រោម​ការពិចារណា​ រួមមាន​គម្រោង​ផ្លូវ​រថភ្លើង​លើ​អាកាស​ដឹក​អ្នកដំណើរ​ធុន​ស្រាល​ (Monorail​) ពី​រាជធានី​ភ្នំពេញ​ ទៅ​កាន់​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ គម្រោង​រថភ្លើង​ក្រោម​ដី​ (Subway​) និង​គម្រោង​នា​ពេល​បច្ចុប្បន្ន​ និង​នា​ពេល​អនាគ​តផ្សេង​ៗ ទៀត​។

លោក​បាន​បង្ហាញ​ពី​គម្រោង​នា​ពេល​អនាគត​ ដែល​អាច​ជា​ឱកាស​វិនិយោគ​ សម្រាប់​គណៈប្រតិភូ​ ដែល​បាន​គូសបញ្ជាក់​ដូចជា​គម្រោងការ​អភិវឌ្ឍ​ទីក្រុង​ ទីក្រុង​វៃឆ្លាត​ គម្រោង​ផ្លូវ​ល្បឿន​លឿន​ និង​ការ​តភ្ជាប់​ផ្លូវ​ផង​ដែរ​។

ប្រតិភូវិនិយោគិនធំៗមកពីទីក្រុងប៉េកាំង-ហុងកុងរបស់ប្រទេសចិន។ រូបថត៖ សហការី

លោក​ តូច​ ចាន់​កុសល​ បាន​បន្ថែម​ថា​ក្រសួង​រីករាយ​ស្វាគមន៍​ និង​សហការ​គាំទ្រ​ដល់​ការ​វិនិយោគឯកជន​ ក្នុង​វិស័យ​សាធារណការ​ និង​ការ​ដឹកជញ្ជូន​ ក្នុង​លក្ខណៈ​ជា​ភាពជា​ដៃគូ​រដ្ឋ​ និង​ឯកជន​ ឬ វិនិយោគ​ប្រភេទ​ BOT ​(កសាង​ ប្រតិបត្តិ​ ផ្ទេរ​) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here