ដោយ វុត្ថា
ភ្នំពេញ៖ ប្រតិភូវិនិយោគធំៗមកពីទីក្រុងប៉េកាំង-ហុងកុងរបស់ប្រទេសចិន បានសិក្សាស្វែងរកឱកាសវិនិយោគលើវិស័យសាធារណៈការ និងដឹកជញ្ជូននៅកម្ពុជា ខណៈដែលវិស័យមួយនេះ ជាវិស័យអាទិភាពរបស់កម្ពុជាក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
នៅក្នុងជំនួបពិភាក្សាជាមួយលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៩ ម្សិលមិញនេះ ខណៈប្រតិភូវិនិយោគិន ប៉េកាំង-ហុងកុង ដែលដឹកនាំដោយ លោក Wang Hongneun អគ្គនាយករង នៃការិយាល័យពាណិជ្ជកម្មប៉េកាំង និងលោកស្រី Regina Lai ប្រធានផ្សព្វផ្សាយ ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា គឺដើម្បីស្វែងរកឱកាសវិនិយោគពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន។
លោក តូច ចាន់កុសល បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលកំពុងស្ថិតក្រោមការពិចារណា រួមមានគម្រោងផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ គម្រោងរថភ្លើងក្រោមដី (Subway) និងគម្រោងនាពេលបច្ចុប្បន្ន និងនាពេលអនាគតផ្សេងៗ ទៀត។
លោកបានបង្ហាញពីគម្រោងនាពេលអនាគត ដែលអាចជាឱកាសវិនិយោគ សម្រាប់គណៈប្រតិភូ ដែលបានគូសបញ្ជាក់ដូចជាគម្រោងការអភិវឌ្ឍទីក្រុង ទីក្រុងវៃឆ្លាត គម្រោងផ្លូវល្បឿនលឿន និងការតភ្ជាប់ផ្លូវផងដែរ។

លោក តូច ចាន់កុសល បានបន្ថែមថាក្រសួងរីករាយស្វាគមន៍ និងសហការគាំទ្រដល់ការវិនិយោគឯកជន ក្នុងវិស័យសាធារណការ និងការដឹកជញ្ជូន ក្នុងលក្ខណៈជាភាពជាដៃគូរដ្ឋ និងឯកជន ឬ វិនិយោគប្រភេទ BOT (កសាង ប្រតិបត្តិ ផ្ទេរ) ៕






