ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំ២០២៦នេះ មានសុខភាពល្អជាងឆ្នាំ ២០២៤-២០២៥។ បណ្តាអ្នកវិនិយោគមានសុទិដ្ឋិនិយមឡើងវិញ ដោយសារលំហូរមូលធនកាន់តែរឹងមាំ។
ទីផ្សារបានងើបចេញពីបរិយាកាសអត្រាការប្រាក់ខ្ពស់នៅឆ្នាំ២០២៣-២០២៥។យ៉ាងណាមិញ ហានិភ័យភូមិសាស្ត្រនយោបាយ និងការថយចុះនៃកំណើនសេដ្ឋកិច្ចនៅតែបន្តបង្កផលប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន។
សកម្មភាពវិនិយោគកំពុងមានភាពប្រសើរឡើង ស្របពេលមានការរំពឹងទុកចំពោះកំណើននៃតម្លៃជួលកាន់តែប្រសើរឡើង លក្ខខណ្ឌហិរញ្ញប្បទានកាន់តែធូរស្រាលនៅក្នុងទីផ្សារជាច្រើន និងការថយចុះនៃការផ្គត់ផ្គង់ថ្មីផងដែរ។
ទីផ្សារការិយាល័យនៅក្នុងប្រទេសធំៗ ជាពិសេសនៅក្នុងប្រទេសជប៉ុន សិង្ហបុរី និងអូស្ត្រាលី កំពុងងើបឡើងវិញ ដោយសារសកម្មភាពជួលមានភាពប្រសើរឡើង។
ជាមួយគ្នានេះ ទីផ្សារសណ្ឋាគារ/បដិសណ្ឋារកិច្ច ទទួលបានអត្ថប្រយោជន៍ពីការងើបឡើងវិញនៃវិស័យទេសចរណ៍ជាបន្តបន្ទាប់នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

តម្រូវការលំនៅឋានលំដាប់ខ្ពស់មានភាពរឹងមាំនៅក្នុងទីផ្សារដែលមានការផ្គត់ផ្គង់នៅមានកំណត់ដូចជាប្រទេសសិង្ហបុរី និងផ្នែកខ្លះនៃប្រទេសអូស្ត្រាលី និងជប៉ុន ខណៈប្រទេសចិននៅតែជាករណីលើកលែង។
ទោះជាយ៉ាងណា ហានិភ័យចម្បងៗ មានដូចជា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ភាពមិនប្រាកដប្រជាផ្នែកពាណិជ្ជកម្ម អតិផរណា និងភាពមិនប្រាកដប្រជានៃគោលនយោបាយអត្រាការប្រាក់នៅក្នុងប្រទេសមួយចំនួន។
លើសពីនេះ ការកើនឡើងនៃថ្លៃដើមសំណង់ និងកម្លាំងពលកម្មខ្ពស់ធ្វើឱ្យប្រាក់ចំណេញរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថយចុះ បូករួមទាំងការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន៕







