ស្ពានស្ទឹងបត់មើលពីលើអាកាស។ រូបថត៖ សហការី
ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃបានចុះហត្ថលេខាលើកម្ចីហិរញ្ញប្បទានសម្បទានចំនួន២៦.៤២លានដុល្លារសហរដ្ឋអមេរិក សម្រាប់ការសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥របស់កម្ពុជានៅជាផ្លូវការថ្ងៃនេះ ខណៈការដ្ឋានសាងសង់ត្រូវបានសម្ពោធកាលពីកន្លងទៅ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ បានណងអៀន និងសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ វិញ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃប្រមាណ២៦.៤២លានដុល្លារអាមេរិក សម្រាប់សាងសង់អគារច្រកទ្វារត្រួតពិនិត្យព្រំដែន និងផ្លូវតភ្ជាប់ សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ «ឃ្លាំង និងទីលានកុងតែន័រ» ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។
-->
បន្ទាប់ពីគម្រោងសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងការតភ្ជាប់ផ្លូវភ្ជាប់ទៅផ្លូវជាតិលេខ៥ ដាក់ឱ្យដំណើរការតំបន់ប៉ោយប៉ែតនឹងប្រែក្លាយជាតំបន់អភិវឌ្ឍមួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុកនិងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំ សម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ។
ថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៩ កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកថា វឌ្ឍនភាពតាមព្រំដែន ក៏ដូចជាប្រទេសកម្ពុជាពេលនេះ គឺកើតឡើងដោយសារតែសន្តិភាព។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកន្លងមកនេះថា ដំណើរការសាងសង់អគារនៅច្រកព្រំដែនថ្មីនេះ គ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន២៤ខែ ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៩ នេះតទៅ។ លោកបានបន្ថែមថា ការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀនថ្មីនេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ និងដើម្បីជំរុញលើកកម្ពស់ប្រព័ន្ធភស្តុភារកម្មនៅកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីន្ថែមទៀតថា គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ធ្វើឡើងខណៈដែលច្រកព្រំដែនប៉ោយប៉ែត-អរញ្ញប្រថេត មានការឆ្លងកាត់ទំនិញ និងទេសចរណ៍កាន់តែមមាញឹកយ៉ាងខ្លាំង ហើយពេលខ្លះ មានការកកស្ទះចរាចរណ៍អស់ជាច្រើនម៉ោងទៀតផង។ទន្ទឹមនេះការកកស្ទះនៅច្រកនាំចេញ នាំចូលទំនិញជាកត្តាអវិជ្ជមានដល់កំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរ៕