កម្ពុជា​-ថៃ​នឹង​ចុះហត្ថលេខា​លើ​កម្ចី​ហិរញ្ញប្បទាន​ ២៦.៤២លាន​ដុល្លារ​ដើម្បី​សាងសង់​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​

0
ស្ពានស្ទឹងបត់មើលពីលើអាកាស។ រូបថត៖ សហការី

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ និង​ថៃ​បាន​ចុះហត្ថលេខា​លើ​កម្ចី​ហិរញ្ញប្បទាន​សម្បទាន​ចំនួន២៦.៤២លាន​ដុល្លារ​សហរដ្ឋ​អមេ​រិក​ សម្រាប់​ការសាងសង់​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥របស់​កម្ពុជា​នៅជា​ផ្លូវការ​ថ្ងៃនេះ​ ខណៈ​ការដ្ឋាន​សាងសង់​ត្រូវ​បាន​សម្ពោធ​កាលពី​កន្លងទៅ​ ក្រោម​អធិបតីភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។

ការសាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ បាន​ណង​អៀន​ និង​សាងសង់​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ ៥ វិញ​ រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បាន​ហិរញ្ញប្បទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ​ប្រមាណ២៦.៤២លាន​ដុល្លារ​អាមេរិក​ សម្រាប់​សាងសង់​អគារ​ច្រក​ទ្វារ​ត្រួតពិនិត្យ​ព្រំដែន​ និង​ផ្លូវ​តភ្ជាប់​ សំណង់​អគារ​អន្តេវាសិក​ដ្ឋាន​ ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់​ «ឃ្លាំង​ និង​ទីលាន​កុង​តែ​ន័រ​» ការ​ជួសជុល​កែ​លម្អ​ផ្លូវ​ចាស់​ និង​សំណង់​កាត់បន្ថយ​គ្រោះ​ទឹកជំនន់​។

បន្ទាប់ពី​គម្រោង​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-បាន​ណង​អៀន​ និង​ការ​តភ្ជាប់​ផ្លូវ​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥​ ដាក់​ឱ្យ​ដំណើរការ​តំបន់​ប៉ោយប៉ែត​នឹង​ប្រែក្លាយ​ជា​តំបន់​អភិវឌ្ឍ​មួយ​យ៉ាង​ខ្លាំង​ ជា​មជ្ឈមណ្ឌល​ស្តុក​និង​ចែកចាយ​ទំនិញ​ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​បង្កើត​ជា​សក្តា​នុ​ពល​រូប​វ័ន្ត​ដ៏​រឹងមាំ​ សម្រាប់​ទ្រទ្រង់​ដល់​គម្រោង​វិនិយោគ​នានា​ក្នុង​ស្រុក​ និង​ក្នុង​ប្រទេស​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ​។

ថ្លែង​ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥​ កាលពី​ថ្ងៃទី​ ២២​ ខែមេសា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ចាត់ទុកថា​ វឌ្ឍនភាព​តាម​ព្រំដែន​ ក៏ដូចជា​ប្រទេស​កម្ពុជា​ពេលនេះ​ គឺ​កើតឡើង​ដោយសារតែ​សន្តិភាព​។

លោក​ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កន្លងមក​នេះ​ថា​ ដំណើរការ​សាងសង់​អគារ​នៅ​ច្រកព្រំដែន​ថ្មីនេះ​ គ្រោង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន២៤ខែ​ ដោយ​គិត​ចាប់ពី​ខែមេសា​ ឆ្នាំ២០១៩​ នេះ​តទៅ​។ លោក​បាន​បន្ថែម​ថា​ ការ​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-បាន​ណង​អៀន​ថ្មីនេះ​ គឺជា​ការ​បើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា​-ថៃ​ និង​ដើម្បី​ជំរុញ​លើកកម្ពស់​ប្រព័ន្ធ​ភស្តុភារ​កម្ម​នៅ​កម្ពុជា​ផង​ដែរ​។

លោក​រដ្ឋ​មន្ត្រី​ន្ថែ​មទៀ​តថា​ គម្រោង​សាងសង់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ ស្ទឹង​បត់​-បាន​ណង​អៀន​ និង​ផ្លូវ​តភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥​ ធ្វើឡើង​ខណៈ​ដែល​ច្រកព្រំដែន​ប៉ោយប៉ែត​-អរញ្ញ​ប្រ​ថេ​ត មានការ​ឆ្លងកាត់​ទំនិញ​ និង​ទេសចរណ៍​កាន់តែ​មមាញឹក​យ៉ាង​ខ្លាំង​ ហើយ​ពេលខ្លះ​ មានការ​កកស្ទះ​ចរាចរណ៍​អស់​ជាច្រើន​ម៉ោង​ទៀតផង​។ទន្ទឹម​នេះ​ការ​កកស្ទះ​នៅ​ច្រក​នាំចេញ​ នាំចូល​ទំនិញ​ជា​កត្តា​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​ នៃ​ប្រទេស​ទាំងពីរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here