ខេត្តព្រះសីហនុ​ស្វាគមន៍​គម្រោង​រោងចក្រ​ផលិត​សង្កសី​ អុកស៊ីត​តម្លៃ​ជាង​៦៤​លាន​ដុល្លារ​

ចែករំលែក

ដោយៈ ចំណាន

    ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានអញ្ជើញដឹក​នាំកិច្ចប្រជុំពិគ្រោះយោបល់ ជាសាធារណៈថ្នាក់ខេត្តលើលទ្ធផលបឋមស្តីពីការសិក្សាវាយតម្លៃ ហេតុប៉ះពាល់បរិស្ថានពេញលេញ សម្រាប់គម្រោងគម្រោងផលិតស័ង្កសីអុកស៊ីត (Zinc Oxide) នៅស្រុកព្រៃនប់ និង គម្រោងផលិតម្សៅសីលីកា (Silica) នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

គម្រោងទាំង២នេះ មានទុនវិនិយោគសរុបប្រមាណ៦៤,១១លានដុល្លារអាមេរិក និងមានទីតាំងស្ថិតនៅ ស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បន្ថែមពីលើអត្ថប្រយោជន៍នានា រាប់ចាប់ពីការបង្កើតការងារជូនប្រជាពលរដ្ឋ ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ និងការបង្កបរិយាកាសវិជ្ជមាន សម្រាប់វិនិយោគិន គម្រោងទាំង២នេះនឹងដាក់កម្ពុជាទៅក្នុងផែនទីសង្វាក់ផលិតកម្មគីមីផងដែរ។

ក្នុងឱកាសនេះ លោកប្រធានអង្គប្រជុំ បានណែនាំឱ្យក្រុមហ៊ុនម្ចាស់គម្រោងមួយចំនួនដូចជា ទី១ ធ្វើយ៉ាងណាគ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់បរិស្ថាន មកនៅត្រឹមកម្រិតអប្បបរមា ទី២ ការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងហានិភ័យ ដែលអាចកើតមាន ទី៣
រឹតបន្តឹងលើបទបញ្ជាផ្ទៃក្នុង ពាក់ព័ន្ធនឹងកិច្ចការពារសុវត្ថិភាព និងសុខភាពប្រជាពលរដ្ឋ បុគ្គលិក និងកម្មករក្នុង និងជុំវិញទីតាំង។

ទី៤ ប្រើប្រាស់ធនធានទាំងអស់ ដែលមាននៅក្នុងខេត្ត ក៏ដូចជាយកអ្នកបច្ចេកទេស និងកម្លាំងពលកម្មក្នុងស្រុក មកប្រើប្រាស់ឱ្យអស់លទ្ធភាព។

ដោយឡែក ក្រុមហ៊ុនប្រឹក្សាយោបល់ ត្រូវប្រមូលយកធាតុចូលដែលបានលើកឡើងដោយអង្គប្រជុំដាក់ចូល ក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវ និងមានសង្គតិភាព៕


ចែករំលែក